គ្នាយើងអាចនឹងមានបញ្ហាមុខខ្លាញ់ដែលបង្កដោយសារការផលិតខ្លាញ់ច្រើនរបស់ក្រពេញខ្លាញ់ ហើយនៅពេលមុខខ្លាញ់ច្រើនអាចបង្កឲ្យកកស្ទះរន្ធញើស និងមានបញ្ហាមុន។ ការកើនឡើងនៃការផលិតខ្លាញ់អាចមកពីហ្សែន ការប្រែប្រួលអ័រម៉ូន ឬស្ត្រេស។ ប៉ុន្តែយើងអាចកាត់បន្ថយបញ្ហាមុខខ្លាញ់បានតាមរយៈប៉ុន្មានវិធីខាងក្រោម។
១. លាងសម្អាតមុខជាប្រចាំ
យើងអាចលាងសម្អាតមុខជាមួយនឹងផលិតផលដែលមានជាតិកាត់តិច និងមានpH ៥,៥ ចំនួនពីរដងក្នុងមួយថ្ងៃគឺពេលព្រឹក និងពេលល្ងាច។ ក្រោយពីហាត់ប្រាណរួចយើងក៏ត្រូវសម្អាតមុខដែរដើម្បីឲ្យស្បែកមានសុខភាពល្អ។ ការប្រើហ្វូមសម្អាតមុខដែលមានជាតិកាត់ខ្លាំងអាចធ្វើឲ្យការផលិតខ្លាញ់កាន់តែច្រើន។
២. ប្រើទឹកផ្តល់សំណើម (Moisturizer) ជាប្រចាំ
គ្នាយើងមួយចំនួនគិតថាទឹកផ្តល់សំណើមបង្កើនការផលិតខ្លាញ់នៅលើស្បែក ឬធ្វើឲ្យស្ទះរន្ធញើស ប៉ុន្តែទឹកផ្តល់សំណើមដែលមិនមានជាតិប្រេងអាចជួយផ្តល់សំណើមដល់ស្បែកបាន។ យកល្អគួរជ្រើសរើសទឹកផ្តល់សំណើមសម្រាប់ពេលថ្ងៃដែលអាចការពារកម្ដៅព្រះអាទិត្យ (SPF 30+)។
៣. ផ្លាស់ប្ដូររបបអាហារ
សាកលវិទ្យាល័យផ្នែកជំងឺសើស្បែកសហរដ្ឋអាមេរិកបានណែនាំថាអាហារ និងភេសជ្ជៈដែលធ្វើឲ្យជាតិស្ករក្នុងឈាមឡើងលឿនអាចបង្កការរលាក និងការផលិតខ្លាញ់បាន។ ដូចនេះហើយអ្នកមានស្បែកមុខខ្លាញ់គួរញ៉ាំបន្លែ ផ្លែឈើ និងពពួកសណ្ដែកឲ្យបានច្រើន។
៤. ប្រើប្រាស់ផលិតផលមានអាស៊ីដសាលីស៊ីលិច (Salicylic acid)
ការប្រើប្រាស់ផលិតផលខាត់មុខមានអាស៊ីដសាលីស៊ីលិចរាល់សប្ដាហ៍អាចជួយកម្ចាត់កោសិកាស្បែកដែលងាប់ ខ្លាញ់ដែលលើសលើស្បែកមុខ និងកម្ទេចធូលីនៅលើស្បែក។
៥. ប្រើប្រាស់ផលិតផលមានជាតិតែបៃតង
សារធាតុប្រឆាំងអុកស៊ីតកម្មផូលីហ្វេណុល (Polyphenol) មានក្នុងតែបៃតងអាចជួយព្យាបាលបញ្ហាស្បែកផ្សេងៗរួមទាំងស្បែកខ្លាញ់ដែរ។ ការសិក្សាឆ្នាំ២០១៧ បានបង្ហាញថាសារធាតុផូលីហ្វេណុលនៅក្នុងតែបៃតងអាចកាត់បន្ថយការផលិតខ្លាញ់បាន។
៦. លាងសម្អាតគ្រឿងសម្អាងមុនចូលគេង
នៅពេលដែលយើងទុកគ្រឿងសម្អាងលើមុខចោលពេញមួយយប់ វាអាចនឹងកកនៅរន្ធញើស និងធ្វើឲ្យស្បែករលាក។ ដូចនេះយកល្អគួរលាងសម្អាតគ្រឿងសម្អាងចេញមុនចូលគេង។
៧. គ្រប់គ្រងស្ត្រេស
អ្នកវិទ្យាសាស្ត្របានឲ្យដឹងថាស្ត្រេសអាចភ្ញោចការបញ្ចេញអ័រម៉ូនដែលជំរុញការផលិតខ្លាញ់។ ហេតុនេះហើយគួរគ្រប់គ្រងស្ត្រេសឲ្យបានល្អដោយហាត់យ៉ូហ្កា សមាធិ ចៀសវាងការផឹកគ្រឿងស្រវឹង គេងឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណ និងផឹកទឹកឲ្យបានច្រើន។
[embed-health-tool-bmi]