ស្វែងយល់ពីការប្រើប្រាស់
១- តើគេប្រើផ្លែប៊ើរដើម្បីអ្វី?
ប៊ើរ ជាផ្លែឈើដ៏ពេញនិយម អាចញ៉ាំជាអាហារ ឬចម្រាញ់ជាភេសជ្ជៈ ខណៈប្រេងរបស់វា គេប្រើក្នុងគ្រឿងសម្អាង។ ការសិក្សាពីរុក្ខជាតិនេះ ទោះនៅមានកម្រិតក៏ពិតមែន តែបានបង្ហាញថា វាអាចកាត់បន្ថយកម្រិតកូលេស្តេរ៉ូល បង្កើនខ្លាញ់ល្អ និងអាចបន្ថយរោគសញ្ញាជំងឺរលាកសន្លាក់ឆ្អឹង (Osteoarthritis) រីឯគ្រាប់ អាចនឹងមានសកម្មភាពប្រឆាំងមហារីក ចំពោះពពួកសត្វកកេរ (កណ្តុរ)។
២- ផ្លែប៊ើរមានសកម្មភាពយ៉ាងម៉េចខ្លះ?
មិនមានការសិក្សាពីសកម្មភាពរុក្ខជាតិនេះឲ្យបានជាក់លាក់នៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ និងគ្រូឱសថបុរាណ ដើម្បីដឹងព័ត៌មានបន្ថែម។ ទោះយ៉ាងនេះក្ដីមានការសិក្សាខ្លះបង្ហាញថា៖
– ផ្លែប៊ើរ និងប្រេងផ្លែប៊ើរ មានកម្រិត Monounsaturated អូឡេអ៊ិចអាស៊ីដខ្ពស់ ដែលជាអាស៊ីដខ្លាញ់មានគុណប្រយោជន៍ចំពោះសុខភាពបេះដូង ហើយគេជឿថា គឺជាមូលហតុចម្បងប្រេងអូលីវ មានគុណប្រយោជន៍ចំពោះសុខភាព។
– ផ្លែប៊ើរ មានកម្រិតជាតិសរសៃខ្ពស់ ប្រហែល ៧% នៃទម្ងន់សរុប គឺមានកម្រិតខ្ពស់ជាងប្រភេទអាហារផ្សេងៗទៀត។ ជាតិសរសៃ មានគុណប្រយោជន៍ដ៏សំខាន់ក្នុងការបញ្ចុះទម្ងន់ និងសុខភាព ពិសេសការធ្វើមេតាបូលីសក្នុងរាងកាយ។
-ការសិក្សាជាច្រើនបង្ហាញថា ការញ៉ាំផ្លែប៊ើរ ជួយឲ្យប្រសើរឡើងពីកត្តាប្រឈមជំងឺបេះដូង ដូចជា បញ្ហាកូលេស្តេរ៉ូលសរុប (Total Cholesterol) LDL HDL ក៏ដូចជាខ្លាញ់ទ្រីគ្លីសេរីតនៅក្នុងឈាម។
– ញ៉ាំ ផ្លែប៊ើរ ឬប្រេងផ្លែប៊ើរ ជាមួយនឹងបន្លែផ្សេងៗ អាចធ្វើឲ្យកើនឡើង កម្រិតប្រឆាំងអុកស៊ីដកម្ម។
– ផ្លែប៊ើរ មានសារធាតុប្រឆាំងអុកស៊ីដកម្មខ្ពស់ រួមមាន ជាតិលុយតេអ៊ីន (Lutein) និង Zeaxanthin។ ជីវជាតិទាំងនេះ មានសារសំខាន់ណាស់ សម្រាប់ភ្នែក និងជួយបន្ថយគ្រោះថ្នាក់ កាត់បន្ថយគ្រោះថ្នាក់ជងឺ Macular Degeneration និងជំងឺភ្នែកឡើងបាយ។
– ការសិក្សាខ្លះ ក្នុងកោសិកាដាច់ដោយឡែក (Isolated cells) បានបង្ហាញថា ជីវជាតិនៅក្នុងផ្លែនេះ មានគុណប្រយោជន៍ការពារ ជំងឺមហារីកក្រពេញប្រូស្តាត និងបន្ថយផលរំខានពីការព្យាបាលដោយថ្នាំគីមី ចំពោះកោសិកាខ្លះ។
-ការសិក្សាបង្ហាញដែរថា សារធាតុចម្រាញ់ពីផ្លែប៊ើរ និងប្រេងសណ្ដែក អាចបន្ថយរោគសញ្ញាជំងឺរលាកសន្លាក់ឆ្អឹង។
កត្តាគួរប្រុងប្រយ័ត្ន
៣- តើត្រូវដឹងអ្វីខ្លះមុនប្រើផ្លែប៊ើរធ្វើជាថ្នាំ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិ ប្រសិនបើ៖
– ស្រ្តីមានគភ៌ឬបំបៅដោះព្រោះនៅពេលដែលអ្នកកំពុងចង់បានកូន ឬបំបៅដោះអ្នកគួរតែប្រើថ្នាំតែមួយមុខណា ដែលណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗរួមទាំងថ្នាំដែលអាចជាវបានដោយគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាល្លែក្ស៊ីជាមួយនឹងផ្លែប៊ើរ ថ្នាំពេទ្យ ឬឱសថរុក្ខជាតិផ្សេងៗទៀត
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត
– ធ្លាប់មានប្រតិកម្មអាល្លែក្ស៊ីប្រភេទផ្សេងទៀតដូចជាជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬ សត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ យើងត្រូវប្រាកដថាអត្ថប្រយោជន៍ នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- ផ្លែប៊ើរ (Avocado) មានសុវត្ថិភាពកម្រិតណា?
គ្រាប់និងស្លឹក ក្នុងកម្រិតបរិមាណច្រើន អាចធ្វើឲ្យពុល ប៉ុន្តែមានរបាយការណ៍ ពីការពុលដោយសារផ្លែប៊ើរតិចបំផុតបានផ្សព្វផ្សាយនៅអំឡុងពេល ៥ ទសវត្សរ៍ចុងក្រោយនេះ។
ស្វែងយល់ពីផលរំខាន
៥- ផ្លែប៊ើរអាចបង្កផលរំខានអ្វីខ្លះ?
គ្នាយើងអាលែកហ្ស៊ី ជាមួយជាតិ ឡាក់ទិក (Latex) ចេក ត្រសក់ស្រូវ និងផ្លែប៉េស ប្រហែលជាអាចនឹងមានប្រតិកម្មជាមួយនឹងផ្លែប៊ើររដូចគ្នា ដូចនេះរាល់ផលិតផលមានជាតិផ្លែប៊ើរ ត្រូវប្រើដោយប្រុងប្រយ័ត្ន។
មិនមែនគ្រប់គ្នាសុទ្ធតែមានផលរំខានទាំងនេះទេ ប្រហែលអាចមានផលរំខានផ្សេងទៀត មិនបានរៀបរាប់ខាងលើ ដូចនេះ បើមានចម្ងល់ទាក់ទងនឹងផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូឱសថបុរាណ។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់ពីអន្តរកម្មថ្នាំ
៦- ផ្លែប៊ើរមានអន្តរកម្មជាមួយអ្វីខ្លះ?
ថ្នាំបំប៉នរុក្ខជាតិនេះ អាចមានប្រតិកម្មជាមួយនឹងថ្នាំពេទ្យ ឬស្ថានភាពជំងឺយើងកំពុងមាន ដូចនេះ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណមុននឹងប្រើ។
ផ្លែប៊ើរ អាចធ្វើឲ្យថយចុះប្រសិទ្ធភាពថ្នាំពង្រាវឈាម Warfarin។ គ្នាយើងមានជំងឺត្រូវលេបថ្នាំនេះ ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យ មុននឹងញ៉ាំផ្លែប៊ើរ ឬលេបផលិតផលចម្រាញ់ពីរុក្ខជាតិនេះ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
ប្រេងផ្លែប៊ើរ និងប្រេងសណ្ដែក ត្រូវគេសិក្សាក្នុងការព្យាបាលជំងឺរលាកឆ្អឹង និងសន្លាក់ឆ្អឹង (Osteoarthritis) ជង្គង់ ក្នុងកម្រិត ៣០០-៦០០ មិល្លីក្រាម/ថ្ងៃ។
៨- ផ្លែប៊ើរមានទម្រង់ឱសថម៉េចខ្លះ?
– អាហារបំប៉ន ជាប្រភេទថ្នាំគ្រាប់មានសម្បក (ខេបស៊ុល)។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]