ស្វែងយល់ពីការប្រើប្រាស់
១- តើល្ពៅប្រើដើម្បីអ្វី ?
ល្ពៅ ភាសាអង់គ្លេស ហៅថា Pumpkin ជាប្រភេទបន្លែ ប្រើសម្រាប់ផ្សំក្នុងមុខម្ហូប បង្អែម និងផលិតជានំផ្សេងៗ ខណៈក្នុងឱសថបុរាណខ្មែរ ចាស់ៗប្រើល្ពៅ ដើម្បីព្យាបាលបញ្ហា រលាកបង្ហួរនោម ការបង្ករោគនៅតម្រងនោម ដង្កូវពោះវៀន ពិបាកនោម ដោយសារររីកធំក្រពេញប្រូស្តាត (Benign Prostatic Hyperplasia – BPH) និងជួយឲ្យមានតុល្យភាពនៅក្នុងពោះវៀនធំជាដើម។
ល្ពៅ (Pumpkin) ពេលខ្លះប្រើលាយជាមួយឱសថបុរាណផ្សេងទៀត ដើម្បីព្យាបាលរោគសញ្ញា ជំងឺរីកធំក្រពេញប្រូស្តាត (BPH) ។
ល្ពៅ (Pumpkin) ក៏អាចចេញវេជ្ជបញ្ជាឲ្យប្រើក្នុងករណីផ្សេងទៀត ដូចនេះ សូមសួរគ្រូពេទ្យ ឬគ្រូឱសថបុរាណ ដើម្បីដឹងព័ត៌មានបន្ថែម។
២- ល្ពៅមានដំណើរការយ៉ាងម៉េច?
សារធាតុគីមីមាននៅក្នុងគ្រាប់ល្ពៅ អាចធ្វើឲ្យនោមច្រើន មានប្រសិទ្ធភាព ដូចថ្នាំបញ្ចុះទឹកនោម ជួយកាត់បន្ថយបញ្ហាបង្ហួរនោម។ គ្រាប់ល្ពៅ ក៏មានសារធាតុគីមី អាចសម្លាប់ដង្កូវពោះវៀន ដូចជា ភ្រូន អៀន ឬតេនញ៉ាំ ជាដើម។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើវាជាថ្នាំតើគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិប្រសិនបើ៖
– ស្រ្តីមានគភ៌ឬបំបៅដោះព្រោះនៅពេលដែលអ្នកកំពុងចង់បានកូន ឬបំបៅដោះអ្នកគួរតែប្រើថ្នាំតែមួយមុខណា ដែលណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗរួមទាំងថ្នាំដែលអាចជាវបានដោយគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាល្លែក្ស៊ីជាមួយនឹងល្ពៅ ថ្នាំពេទ្យ ឬឱសថរុក្ខជាតិផ្សេងៗទៀត
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត
– ធ្លាប់មានប្រតិកម្មអាល្លែកហ្ស៊ីប្រភេទផ្សេងទៀតដូចជាជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬ សត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- ល្ពៅមានសុវត្ថិភាពកម្រិតណា?
– ចំពោះស្រីៗពពោះ និងបំបៅដោះកូន៖ នៅមិនទាន់ដឹងពីកម្រិតរុក្ខជាតិនេះ ពេលប្រើជាឱសថចំពោះស្រីមានផ្ទៃពោះ និងបំបៅដោះកូននៅឡើយទេ។ ដើម្បីសុវត្ថិភាព សូមញ៉ាំនៅត្រឹមកម្រិតជាអាហារប៉ុណ្ណោះ។
ស្វែងយល់ពីផលរំខាន
៥- ល្ពៅបង្កឲ្យមានផលរំខានអ្វីខ្លះ?
ល្ពៅ គឺមានសុវត្ថិភាពទាំងក្នុងកម្រិតជាអាហារ និងក្នុងកម្រិតជាថ្នាំពេទ្យចំពោះមនុស្សភាគច្រើន ប៉ុន្តែអាចធ្វើឲ្យមានបញ្ហាបញ្ចេញទឹកកាម ចំពោះប្រុសៗមួយចំនួន។
មិនមែនគ្រប់គ្នា សុទ្ធតែមានផលរំខានទាំងនេះទេ អាចមានផលរំខានផ្សេងទៀតមិនបានរៀបរាប់ខាងលើ។ ដូចនេះបើមានចម្ងល់ទាក់ទងផលរំខានណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូឱសថបុរាណ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៦- ល្ពៅមានអន្តរកម្មជាមួយអ្វីខ្លះ?
ល្ពៅ អាចនឹងមានអន្តរកម្មជាមួយថ្នាំពេទ្យ ឬស្ថានភាពសុខភាពយើងកំពុងមាន ពេលបច្ចុប្បន្ននេះ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណមុននឹងប្រើ។
– ប្រតិកម្មរវាងសារធាតុលីចូម (Lithium) និង ល្ពៅ (Pumpkin)៖ ល្ពៅ អាចមានឥទ្ធិពលស្រដៀងនឹងថ្នាំបញ្ចុះទឹកនោម។ ពេលញ៉ាំរុក្ខជាតិនេះ អាចធ្វើឲ្យប៉ះពាល់ដល់សកម្មភាពរាងកាយបញ្ចេញសារធាតុលីចូម (Lithium) នាំឲ្យកម្រិតសារធាតុលីចូមនៅក្នុងខ្លួនកើនឡើង បង្កឲ្យមានផលរំខានធ្ងន់ធ្ងរ។
អត្ថបទពាក់ព័ន្ធ៖
- ល្ហុង (Papaya)
- ត្រឡាច (Winter melon)
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
– មនុស្សពេញវ័យ៖ ញ៉ាំថ្នាំប្រភេទគ្រាប់មានសម្បក (ខេបស៊ុល) ២-៣ គ្រាប់/ថ្ងៃ ជាមួយអាហារ។
– ក្មេងអាយុចាប់ពី ១២ឆ្នាំឡើង៖ ញ៉ាំថ្នាំប្រភេទគ្រាប់មានសម្បក (ខេបស៊ុល) ១-២ គ្រាប់/ថ្ងៃ ជាមួយអាហារ។
– ប្រើព្យាបាលជំងឺរីកធំក្រពេញប្រូស្តាត (Benign Prostatic Hyperplasia – BPH)៖ កម្រិតណែនាំឲ្យប្រើ គឺ ៤៨០មិល្លីក្រាម (ប្រេងចម្រាញ់ពីគ្រាប់ល្ពៅ) ចែកជា ៣ ដង/ថ្ងៃ ដោយប្រើរួមជាមួយរុក្ខជាតិ Saw palmetto (រុក្ខជាតិម្យ៉ាងនៅអាមេរិក) និងឱសថបុរាណផ្សេង ទៀត។
កម្រិតដូសក្នុងការប្រើប្រាស់ឱសថរុក្ខជាតិនេះ អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតដែលប្រើប្រាស់អាស្រ័យលើអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិមិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះសូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។
៨- ល្ពៅមានទម្រង់ជាថ្នាំបែបណាខ្លះ?
ល្ពៅ (Pumpkin) អាចមានទម្រង់ជាថ្នាំដូចខាងក្រោម៖
– ប្រេងចម្រាញ់ពីគ្រាប់ល្ពៅ (Pumpkin)
– ថ្នាំគ្រាប់មានសម្បក (ខេបស៊ុល)។
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕
[embed-health-tool-bmi]