និយមន័យ
អ្វីទៅជាការប្រកាច់?
ការប្រកាច់ គឺជាដំណើរការមិនប្រក្រតីភ្លាមៗនៃចរន្តអគ្គិសនីនៅក្នុងសរសៃប្រសាទខួរក្បាលដែលធ្វើឲ្យមានការប្រែប្រួលលើអត្តចរិត ចលនា អារម្មណ៍ និងស្មារតីជំងឺ។ បើប្រកាច់លើសពី ២ ដង ឬមានទំនោរទៅរកការប្រកាច់ដដែលៗហើយនោះ អ្នកអាចមានជំងឺស្កន្ទ (ឆ្កួតជ្រូក) ហើយ។ ប្រកាច់មានច្រើនបែបច្រើនសណ្ឋាន ហើយកំណត់ទៅតាមកម្រិតនៃភាពធ្ងន់ធ្ងររបស់ជំងឺ ក៏ដូចជាមូលហេតុដែលវាកើតឡើងក្នុងខួរក្បាល។ ជាទូទៅ ការប្រកាច់ដែលគេជួបប្រទះ គឺមានរយៈពេល ៣០ វិនាទី ក្នុងករណីដែលលើសពី ៥ នាទី គឺតម្រូវឲ្យមានសង្គ្រោះបន្ទាន់។
ប្រកាច់ដោយសារដាច់សរសៃឈាមខួរក្បាល ការប៉ះទង្គិចខួរក្បាល និងការបង្ករោគ ដូចជា រលាកស្រោមខួរ និងជំងឺផ្សេងទៀត សុទ្ធតែអាចបង្កឲ្យមានការប្រកាច់ ហើយភាគច្រើន គឺមិនអាចកំណត់មូលហេតុបាននោះទេ។ ដើម្បីគ្រប់គ្រងការប្រកាច់នេះ គេអាចប្រើថ្នាំដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ។ មួយវិញទៀត អ្នកជំងឺអាចពិគ្រោះ និងពិភាក្សាជាមួយអ្នកផ្ដល់សេវាសុខភាពរបស់អ្នកអំពីគ្រប់គ្រងស្ថានភាពជំងឺ និងផលប៉ះពាល់ផ្សេងៗអំពីថ្នាំព្យាបាលបាន។
តើការប្រកាច់ឧស្សាហ៍ជួបប្រទះដែរឬទេ?
គេជួបប្រទះជាញឹកញាប់ណាស់ ហើយអាចកើតលើអ្នកជំងឺគ្រប់ភេទ និងគ្រប់វ័យ ទាំងចាស់ទាំងក្មេង ប៉ុន្តែគេអាចគ្រប់គ្រង និងបន្ថយកត្តាហានិភ័យបាន។ សូមទាក់ទងទៅគ្រូពេទ្យជំនាញដើម្បីបានព័ត៌មានបន្ថែម។
រោគសញ្ញា
ក្នុងករណីសញ្ញាមួយចំនួនអាចកើតមាន មុនពេលប្រកាច់ដូចជា៖
- ភ័យភ្លាមៗ និងមានការថប់បារម្ភ
- មានអារម្មណ៍ឈឺចុកចាប់ពោះ
- វិលមុខ
- ព្រិលភ្នែក
- កន្ត្រាក់ដៃជើងភ្លាមៗ
- មិនមានអារម្មណ៍ក្នុងខ្លួន
- ឈឺក្បាលជាដើម។
សញ្ញាដែលថាការប្រកាច់នឹងកើតមានភ្លាមៗ៖
- បាត់ស្មារតី និងវង្វេងវង្វាន់
- មិនអាចគ្រប់គ្រងចលនាសាច់ដុំបាន
- ហៀរទឹកមាត់
- ដួលសន្លប់
- មានអារម្មណ៍ថាជូរមាត់មិនដឹងមូលហេតុ
- សង្កៀតធ្មេញ
- ខាំអណ្ដាត
- ញាក់ភ្នែក
- រអ៊ូងូងៗ
- មានអារម្មណ៍ឆេវឆាវ
- មិនអាចទប់នោម និងលាមកខ្លួនឯងបាន។
មូលហេតុ
មូលហេតុនៃការប្រកាច់មកពីអីខ្លះ?
ទំនាក់ទំនងនៃប្រព័ន្ធប្រសាទ គឺធ្វើឡើងដោយសារការផ្លាស់ប្ដូរចរន្តអគ្គិសនីក្នុងកោសិកាសរសៃប្រសាទនីមួយៗ ប្រសិនបើមានការរាំងស្ទះ ឬរំខានណាមួយហើយ គឺអាចបង្កជាការប្រកាច់។ មូលហេតុដែលគេច្រើនជួបប្រទះ គឺជំងឺស្កន្ទ ប៉ុន្តែមិនមែនបានន័យថាគ្រប់អ្នកដែលប្រកាច់ទាំងអស់សុទ្ធតែមានជំងឺឆ្កួតជ្រូកទេ។ មូលហេតុផ្សេងទៀតមានដូចជា៖
- ក្ដៅខ្លួនខ្លាំង ឬរលាកស្រោមខួរក្បាល
- គេងមិនគ្រប់គ្រាន់
- ខ្វះជាតិសូដ្យូមក្នុងឈាម (ការប្រើថ្នាំបញ្ចុះទឹកនោមច្រើនពេក)
- ថ្នាំផ្សេងៗ ដូចជា ថ្នាំបំបាត់ការឈឺចាប់ ថ្នាំបាក់ទឹកចិត្ត ការព្យាបាលជំងឺញៀនបារីគឺអាចបន្ថយការប្រកាច់
- ការប៉ះទង្គិចខួរក្បាលដែលអាចបង្កជាការហូរឈាមក្នុងប្រអប់លលាដ៍ក្បាល
- ជំងឺដាច់សរសៃឈាមខួរក្បាល
- មហារីកខួរក្បាល
- ការប្រើប្រាស់ថ្នាំញៀន (អំហ្វេតាមីន និងកូកាអ៊ីន)
- ផឹកស្រាច្រើន និងអ្នកដែលមានជំងឺញៀន
- វាអាចបង្កពីបញ្ហាដទៃផ្សេងទៀត ដូចនេះបើចង់ដឹងពីរោគវិនិច្ឆ័យច្បាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ។
កត្តាហានិភ័យ
កត្តាហានិភ័យអ្វីខ្លះដែលបង្កឲ្យទៅជាប្រកាច់បាន?
- កើតមិនគ្រប់គីឡូ
- ធ្លាប់ប្រកាច់ពេលមានអាយុមួយខែ
- មានបម្រែបម្រួលធម្មជាតិពីកំណើតទៅលើសាច់ខួរក្បាល
- មានការហូរឈាមក្នុងខួរក្បាល
- សរសៃឈាមក្នុងខួរក្បាលមិនល្អ
- មានការប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរ និងការខ្វះអុកស៊ីហ្សែនទៅចិញ្ចឹមខួរក្បាល
- មហារីកខួរក្បាល
- ជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល
- ជំងឺស្ពឹកខួរក្បាល
- មានវិបត្តិក្នុងការលូតលាស់មិនប្រក្រតីលើភាពវៃឆ្លាត
- ប្រកាច់ក្រោយពេលមានការប៉ះទង្គិចក្បាល
- សមាជិកក្នុងគ្រួសារមានប្រវត្តិកើតជំងឺស្កន្ទជ្រូក និងក្ដៅប្រកាច់
- ជំងឺបាត់ការចងចាំ
- វិបត្តិអត្តចរិត ឬយើងហៅថាអូទីស្សឹម (Autism)
- ក្ដៅខ្លួនប្រកាច់រយៈពេលយូរ
- ការប្រកាច់ជាញឹកញាប់ដដែលៗច្រើនលើកច្រើនសា
- ការប្រើប្រាស់ថ្នាំញៀនប្រភេទកូកាអ៊ីន
- ការប៉ះទង្គិចក្បាលមធ្យម ដូចជា ការបាត់ស្មារតីមួយរយៈពេលខ្លី តែមិនមែនស្កន្ទជ្រូកទេ។ តែទោះជាយ៉ាងណាក៏ដោយ ក៏គេមិនទាន់ដឹងពីមូលហេតុច្បាស់របស់វាដែរ។
- សូមពិគ្រោះជាមួយគ្រូពេទ្យ បើមានចម្ងល់។
ពេលដែលត្រូវជួបគ្រូពេទ្យ
ត្រូវមកជួបគ្រូពេទ្យពេលណា?
- ប្រកាច់លើសពី ៥ នាទី
- បន្ទាប់ពីប្រកាច់ហើយ ពិបាកដកដង្ហើម ហើយស្មារតីមិនត្រឡប់ដូចដើម
- ការប្រកាច់លើកទី២ កើតឡើងភ្លាមៗបន្តគ្នា
- ក្ដៅខ្លួនខ្លាំង
- ក្ដៅហួតហែងអស់កម្លាំង
- កំពុងមានផ្ទៃពោះ
- អ្នកជំងឺទឹកនោមផ្អែម
- មានរបួសក្នុងពេលប្រកាច់
- ប្រសិនបើទើបតែជួបនឹងការប្រកាច់ដំបូង សូមរួសរាន់មកជួបពេទ្យ
- រាងកាយរបស់មនុស្សម្នាក់ៗអាចនឹងឆ្លើយតបជាមួយមេរោគផ្សេងៗពីគ្នា ដូចនេះបើមានអ្វីមិនច្បាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ។
ចំណេះដឹងបន្ថែម
ត្រូវធ្វើបែបណាដើម្បីជួយក្នុងពេលមានការប្រកាច់?
- ញ៉ាំថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា។ ក្នុងករណីចង់ដូរកម្រិតថ្នាំ សូមពិគ្រោះជាមួយគ្រូពេទ្យ
- គេងឲ្យគ្រប់គ្រាន់ ព្រោះថាបើដំណេកមិនបានល្អ ក៏បង្កឲ្យមានការប្រកាច់ដែរ
- អាចទិញខ្សែដៃវេជ្ជសាស្ត្រដើម្បីស្ទង់មើល និងជួយក្នុងពេលមានអាសន្ន និងជួយប្រាប់អ្នកថាពីរបៀបព្យាបាលឲ្យត្រឹមត្រូវ ពេលមានការប្រកាច់លើកក្រោយ
- ហាត់ប្រាណឲ្យបានច្រើនដើម្បីកាត់បន្ថយស្រ្តេស។ ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ក្រោយពេលអស់កម្លាំង បន្ទាប់ពីហាត់ប្រាណរួច
- ត្រូវចេះកាត់បន្ថយស្ត្រេស ផឹកស្រា និងជក់បារី ធ្វើយ៉ាងណាឲ្យសុខភាពល្អ
- មិនត្រូវហែលទឹក និងជិះទូកម្នាក់ឯង
- ពាក់មួកសុវត្ថិភាពក្នុងពេលធាក់កង់ ឬហាត់កីឡាផ្សេងៗ
- ងូតទឹកផ្កាឈូក មិនត្រូវត្រាំទឹកប៊ែញ័រទេ ព្រោះអាចមានគ្រោះថ្នាក់
- សង្ហារិមក្នុងផ្ទះត្រូវរៀបចំឲ្យមានសុវត្ថិភាព ដោយមិនត្រូវទិញរបស់ណាដែលមានជ្រុងកែងស្រួចអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ទេ។ ត្រូវក្រាលព្រំក្រាស់ៗក្នុងផ្ទះចៀសវាងការដួល
- មានក្រដាសណែនាំពីការជួយសង្គ្រោះអ្នកជំងឺនៅកន្លែងណាដែលងាយរកសម្រាប់អ្នកសង្គ្រោះ ហើយត្រូវដាក់លេខទូរសព្ទផង។
អត្ថបទពាក់ព័ន្ធ៖ ជំងឺមួយចំនួនទៀត យើងគួរស្វែងយល់
[embed-health-tool-bmi]