backup og meta

តិចនិក​ទាំង​៥ បង្រៀន​កូន​ឲ្យ​ចេះ​កំណត់​​គោលដៅ​ជីវិត​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 17, 2021

តិចនិក​ទាំង​៥ បង្រៀន​កូន​ឲ្យ​ចេះ​កំណត់​​គោលដៅ​ជីវិត​

មនុស្ស​ដែល​មាន​គោលបំណង​ក្នុង​ជីវិត នឹង​មាន​ស្មារតី​​រឹង​មាំ​ក្នុង​ការ​តស៊ូ​ជម្នះ​​​​ការ​លំបាក​ផ្សេង​ៗ​។​ ហេតុ​នេះ​ហើយ​​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​ចេះ​កំណត់​គោលដៅ​ក្នុង​ជីវិត​ និង​ខិតខំ​ព្យាយាម​ក្នុង​ការ​ដើរ​ទៅ​រក​គោលដៅ​នោះ​។​ ​​

អ្វី​ទៅ​ជា​ការ​កំណត់​គោលដៅ​?

​​​​ការ​កំណត់​គោលដៅ​គឺ​ជា​ការ​រៀបចំ​ផែនការ​ទៅ​ថ្ងៃ​អនាគត​​ មិន​ថា​ជា​​ការ​សិក្សា​សម្រាប់​ការ​ប្រលង​ ឬ​ការ​ប្រកួត​នានា​ គឺ​សុទ្ធសឹងតែ​ជា​ការ​កំណត់​គោលដៅ​។​ ស្រដៀង​គ្នា​នេះ​ដែរ​ ប្រសិនបើ​កូន​ចង់​ក្លាយ​ជា​គ្រូពេទ្យ​ ឬ​​អ្នក​ជំនួញ​នៅ​ថ្ងៃ​អនាគត​ នេះ​បញ្ជាក់​ថា​ពួក​គេ​បាន​កំណត់​គោលដៅ​នៅ​ក្នុង​ជីវិត​របស់​ខ្លួន​​រួច​ហើយ​។​ ដើម្បី​សម្រេច​​គោលដៅ​ណាមួយ​ ការ​រៀបចំ​ផែនការ​ត្រឹមត្រូវ​ និង​ការ​ខិតខំ​ប្រឹងប្រែង​​មិន​រាថយ​គឺ​ជា​រឿង​ចាំបាច់​បំផុត​។​

​​ហេតុអ្វី​ការ​កំណត់​គោលដៅ​សំខាន់​សម្រាប់​ក្មេង​ៗ​?

ការ​កំណត់​គោលដៅ​ ផ្ដល់​នូវ​គោលបំណង​ ​ឬ​ទិសដៅ​សម្រាប់​ក្មេង​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​​គួរ​ធ្វើ​ ដើម្បី​សម្រេច​បាន​គោលដៅ​នីមួយ​ៗ​។​ ចំណុច​នេះ​នឹង​ធ្វើ​ឲ្យ​ក្មេង​​ចេះ​ផ្ដល់​តម្លៃ​ដល់​ខ្លួន​ឯង​ មាន​ការ​ផ្ចង់​អារម្មណ៍​បាន​ល្អ​ និង​ជួយ​ឲ្យ​ពួក​គេ​​ធ្វើការ​សម្រេច​ចិត្ត​បាន​​ត្រឹមត្រូវ​​។ ម្យ៉ាង​វិញ​ទៀត​ ​ក្មេង​ដែល​មាន​គោលដៅ​ច្បាស់លាស់​អាច​​បំពេញ​កិច្ចការ​បាន​ល្អ​ជាង​ក្មេង​ដែល​ពុំ​មាន​គោលដៅ​នៅ​ក្នុង​ឆាក​ជីវិត​​ទាល់​តែ​សោះ​។

​​តិចនិក​ជួយ​កូន​ឲ្យ​ចេះ​កំណត់​គោលដៅ​

ដើម្បី​បង្រៀន​កូន​ឲ្យ​ចេះ​កំណត់​គោលដៅ​ ប៉ា​ម៉ាក់​គួរ​​អនុវត្ត​តាម​វិធីសាស្ត្រ​ដូច​ខាង​ក្រោម​។

.​ ចាប់ផ្ដើម​ពី​គោលដៅ​តូច​ៗ

​​នៅ​ពេល​ដែល​យើង​ចាប់ផ្ដើម​បង្រៀន​កូន​ឲ្យ​ចេះ​កំណត់​គោលដៅ​ ចូរ​ចាប់ផ្ដើម​ពី​គោលដៅ​តូច​ៗ​ជា​មុន​។​ ប៉ា​ម៉ាក់​អាច​កំណត់​គោលដៅ​ប្រចាំ​សប្ដាហ៍​ ឬ​ប្រចាំ​ខែ​ បន្ទាប់​មក​ឈាន​ទៅ​រក​គោលដៅ​ធំៗ​បន្តិច​ម្ដង​ៗ​។​ ការ​សម្រេច​គោលដៅ​តូច​ៗ​ទាំង​នេះ​ នឹង​ធ្វើ​ឲ្យ​កូន​មាន​ភាព​រីករាយ​ ក៏​ដូចជា​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​បន្ត​គោលដៅ​ដទៃ​ទៀត ក៏​ដូចជា​ធ្វើ​ឲ្យ​ពួក​គេ​​មាន​ទឹក​ចិត្ត​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​។

. ឲ្យ​កូន​ដើរ​តាម​ក្ដី​ស្រមៃ​​របស់​ពួក​គេ

​​​​​​​ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​សម្រេច​គោលដៅ​​អ្វី​មួយ​ ជាមួយ​នឹង​ការ​ពេញ​ចិត្ត​របស់​ពួក​គេ​។​ ពិត​ណាស់​ ប្រសិនបើ​កូន​ចង់​ធ្វើ​ជា​កីឡាករ​បាល់ទាត់​ ប៉ុន្តែ​យើង​បែរជា​ចង់​ឲ្យ​កូន​ក្លាយ​ជា​គ្រូពេទ្យ​​វិញ​នោះ​ វា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​​បាត់បង់​ឆន្ទៈ​ក្នុង​ការ​សម្រេច​កី្ត​ស្រមៃ​របស់​ខ្លួន​។​ ចូរ​ឲ្យ​កូន​ស្វែងរក​អ្វី​ដែល​ពួក​គេ​ចង់​បាន​ និង​ជួយ​​ជ្រោមជ្រែង​ពួក​គេ​ឲ្យ​​សម្រេច​កិច្ចការ​នោះ​។

បង្រៀនកូន២

. ធ្វើ​ជា​គំរូ​សម្រាប់​កូន

កូន​ៗ​ចូលចិត្ត​​អនុវត្ត​តាម​អ្វី​ដែល​ប៉ា​ម៉ាក់​កំពុង​ធ្វើ​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​​ឲ្យ​កូន​ចូលរួម​នៅ​ក្នុង​យុទ្ធសាស្ត្រ​រៀបចំ​ផែន​ការ​របស់​យើង​ និង​ដែល​ស័ក្ដិសម​ទៅ​នឹង​អាយុ​របស់​ពួក​គេ​ផង​ដែរ។​ ប្រសិនបើ​យើង​ចង់​រៀបចំ​ផ្ទះ​បាយ​ថ្មី​ ចូរ​ឲ្យ​កូន​ចូលរួម​នៅ​ក្នុង​ការ​រៀប​ចំ​នេះ​ ដើម្បី​ឲ្យ​ពួក​គេ​រៀន​អំពី​សកម្មភាព​នៃ​ការ​រៀបចំ​ផែនការ​ជាមួយ​នឹង​ប៉ា​ម៉ាក់​។

. ធ្វើការ​ត្រួតពិនិត្យ​​ជាក់​ស្ដែង

ក្មេង​ៗ​មិន​ទាន់​អាច​យល់​ដឹង​អំពី​សារសំខាន់​នៃ​ការ​​ខិតខំ​ប្រឹងប្រែង​ ដើម្បី​សម្រេច​គោល​បំណង​អ្វី​មួយ​ឡើយ​។​ ដូច​គ្នា​នេះ​ដែរ​ ពួក​គេ​អាច​នឹង​មើល​ស្រាល​នៃ​ទំហំ​​កិច្ចការ​​ក្នុង​ការ​សម្រេច​គោលដៅ​នីមួយ​ៗ​។​ ​ប្រសិនបើ​ពួក​គេ​បរាជ័យ​ ក្មេង​ៗ​អាច​នឹង​មាន​អារម្មណ៍​បាត់បង់​ការ​តាំង​ចិត្ត ឬ​មួម៉ៅ​។​ ប៉ុន្តែ​ ប៉ា​ម៉ាក់​ត្រូវ​ពន្យល់​កូន​ៗ​អំពី​ឧបសគ្គ​ដែល​ពួក​គេ​អាច​នឹង​ជួប​ប្រទះ​ ព្រម​ទាំង​ណែនាំ​ពួក​គេ​​ឲ្យ​ក្រោក​ឈរ​ឡើង​ និង​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត​នៅ​ពេល​ដែល​ពួក​គេ​បរាជ័យ​។​ បន្ថែម​ពី​នេះ​ ប៉ា​ម៉ាក់​គប្បី​បង្រៀន​កូន​​កុំ​ឲ្យ​ពួក​គេ​បញ្ឈប់​គោលដៅ​របស់​ខ្លួន​នៅ​ពាក់​កណ្ដាល​ទី​ និង​ព្យាយាម​ជម្នះ​រាល់​ឧបសគ្គ​ទាំង​​ឡាយ​​ ដោយ​មិន​ត្រូវ​បោះបង់​ចោល​ឡើយ​។

. សរសើរ​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​កូន

វា​គឺ​ជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​បង្រៀន​ឲ្យ​កូន​មាន​​ការ​តាំង​ចិត្ត​ខ្ពស់​ ក្នុង​ការ​ឆ្លងកាត់​រាល់​ការ​លំបាក​នានា។​ ប្រសិនបើ​មិន​មាន​ការ​សរសើរ​ និង​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ទេ​នោះ កូន​ៗ​អាច​នឹង​បាត់បង់​ចំណាប់​អារម្មណ៍​ក្នុង​ការ​បន្ត​គោលដៅ​នោះ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​សរសើរ​កូន​ និង​លើក​ទឹក​ចិត្ត​ចំពោះ​ការ​ប្រឹងប្រែង​របស់​ពួក​គេ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 17, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម