backup og meta

ស្រ្តេស​អាច​ប៉ះពាល់​ដល់​ឥរិយាបថ​​កុមារ​ ប៉ា​ម៉ាក់​គួរធ្វើ​ដូចម្ដេច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 11, 2021

    ស្រ្តេស​អាច​ប៉ះពាល់​ដល់​ឥរិយាបថ​​កុមារ​ ប៉ា​ម៉ាក់​គួរធ្វើ​ដូចម្ដេច?

    ប៉ា​ម៉ាក់​​ប្រហែល​ជា​នឹក​ស្មាន​មិន​ដល់​ថា​ ​កូន​ៗ​ក៏​អាច​ជួប​ប្រទះ​​នឹង​បញ្ហា​ស្រ្តេស​ដូច​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​​ដែរ ដោយ​អាស្រ័យ​លើ​កាលវិភាគ​របស់​ពួក​គេ។​ ប៉ុន្តែ​កុមារ​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្រ្តេស​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន​នៅ​ឡើយ​ទេ។ កុមារ​ម្នាក់​ៗ​អាច​មាន​ប្រតិកម្ម​ខុស​ៗ​គ្នា​ចំពោះ​ហេតុការណ៍​​ដែល​នាំ​ឲ្យ​កើត​មាន​ស្រ្តេស​នេះ​ ដូចជា​ការ​​ប៉ា​ម៉ាក់លែងលះ​គ្នា​ ​ឬ​បញ្ហា​ក្នុង​ការ​សិក្សា​ជាដើម​។​ ពិត​ណាស់​ កូន​ៗ​ត្រូវការ​ជំនួយ​ពី​ប៉ា​ម៉ាក់​​ជា​ចាំបាច់​ដើម្បី​ជម្នះ​បញ្ហា​​មួយ​នេះ​។ ដូច្នេះ​ហើយ​ ជំហាន​ដំបូង​ដែល​ប៉ា​ម៉ាក់​អាច​ជួយ​កូន​បាន​ គឺ​ត្រូវ​យល់​ដឹង​ពី​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​កូន​របស់​យើង​កំពុង​ប្រឈម​មុខ​​នឹង​បញ្ហា​ស្រ្តេស​។

    សញ្ញា​​បង្ហាញ​ថា​កុមារ​មាន​បញ្ហា​ស្រ្តេស

    ​​​​ប្រសិនបើ​កូន​​ដែល​តែងតែ​មាន​​អាកប្បកិរិយា​ល្អ ប្រែ​ក្លាយ​ទៅ​ជា​​មួរ​ម៉ៅ​ខ្លាំង​ ឬ​មាន​បញ្ហា​នៅ​សាលារៀន​ វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា​ពួក​គេ​អាច​ប្រឈម​​មុខ​នឹង​ស្រ្តេស​។ សញ្ញា​ដទៃ​ទៀត​ដែល​កើត​ឡើង​ចំពោះ​ក្មេង​មាន​ដូចជា​ការ​ខឹង​ ​អាកប្បកិរិយា​​ព្រហើន​កោងកាច​ យំ​​មិន​ឈប់​ ​ឬ​រឹង​ទទឹង​ជាដើម​។ ជាមួយ​គ្នា​នេះ​ដែរ​ ក្មេង​ៗ​ក៏​អាច​មាន​​អាការៈ​ផ្សេង​ទៀត​ដូចជា​នោម​ដាក់​ពូក​ ឈឺ​ពោះ ឬ​ឈឺ​ក្បាល​ ព្រម​ទាំង​មាន​បញ្ហា​ការ​សិក្សា​ផង​ដែរ​។

    ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​នៅ​ពេល​​កូន​បញ្ចេញ​ឥរិយាបថ​មិន​ល្អ​?

    ប៉ា​ម៉ាក់​គប្បី​ទទួល​ស្គាល់​អារម្មណ៍​​របស់​កូន​ៗ​ ប៉ុន្តែ​ចូរ​ពន្យល់​ពួក​គេ​អំពី​វិធីសាស្ត្រ​​​ដ៏​សម​ស្រប​​ ដើម្បី​ដោះស្រាយ​ទៅ​នឹង​ការ​ថប់​បារម្ភ​ ​មួម៉ៅ និង​កំហឹង។​ នៅ​ក្នុង​ករណី​ខ្លះ​ ប៉ា​ម៉ាក់​អាច​ជ្រើសរើស​ការ​​ដើរ​ចេញ​ ប៉ុន្តែ​ចូរ​កុំ​ព្រងើយកន្តើយ​នឹង​កូន​ឲ្យ​សោះ ព្រម​ទាំង​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ចំពោះ​កូន​ឲ្យ​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​មាន​បញ្ហា​ស្រ្តេស​។​

    ស្ត្រេស២

    កាត់បន្ថយ​អាការៈ​ស្រ្តេស​របស់​កូន

    ការ​ចំណាយ​ពេល​ជាមួយ​គ្នា​ ពិត​ជា​មាន​សារសំខាន់​ណាស់​ ប្រសិនបើ​កូន​ជួប​ប្រទះ​នឹង​ហេតុការណ៍​ដែល​បណ្ដាល​ឲ្យ​ពួក​គេ​​មាន​ស្រ្តេស​ ដូចជា​ការ​លែងលះ​រវាង​ប៉ា​ម៉ាក់​ជា​ដើម​។​ នៅ​ក្នុង​ករណី​ដែល​​ស្ត្រេស​កើត​ចេញ​ពី​ការ​ថប់បារម្ភ​ដូចជា​ការ​ប្ដូរ​លំនៅឋាន​ ឬ​ចូល​រៀន​សាលា​ថ្មី​ ប៉ា​ម៉ាក់​គប្បី​ណែនាំ​កូន​ឲ្យ​យល់​ដឹង​ពី​អ្វី​ដែល​នឹង​កើត​ឡើង​ជាមុន ដោយ​នាំ​ចូល​ទៅ​លេង​សាលា​រៀន​ថ្មី​ ឬ​បង្ហា​ញ​ពី​ទេសភាព​ស្អាត​នៃ​កន្លែង​រស់​នៅ​ថ្មី​ជាដើម​។

    ជៀសវាង​ឲ្យ​កូន​ចំណាយ​ពេល​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក​ច្រើន​​​​​​

    ​​​ពេល​ខ្លះ​ ប៉ា​ម៉ាក់​គិត​ថា​ការ​ឲ្យ​កូន​ចំណាយ​ពេល​នៅ​មុខ​កញ្ចក់​ទូរទស្សន៍​ ឬ​ទូរសព្ទ​គឺ​ជា​ដំណោះស្រាយ​ក្នុង​ការ​លំហែ​ខួរ​ក្បាល​ដ៏​ល្អ​មួយ​ ប៉ុន្តែ​ការ​មើល​ទូរទស្សន៍​ ឬ​លេង​ហ្គេម​ពុំ​អាច​ជួយ​ដល់​ការ​កាត់បន្ថយ​ស្ត្រេស​របស់​ក្មេង​បាន​ឡើយ​។​ សម្រាប់​កុមារ​ ការ​​ធ្វើ​លំហាត់​ប្រាណ​ ឬ​ការ​ធ្វើ​សមាធិ​អាច​ជា​មធ្យោបាយ​​ដ៏​ឈ្លាសវៃ​ដែល​ប៉ា​ម៉ាក់​មិន​គួរ​មើល​រំលង​ឡើយ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម