ក្នុងការចិញ្ចឹមកូន ម៉ាក់ប៉ាគ្រប់រូបតែងស្រមៃចង់ឲ្យកូនរៀនបានពូកែលេខ១នៅក្នុងការសិក្សា ហើយរំពឹងថាកូនៗនឹងខំប្រឹងរៀនដូចក្ដីស្រមៃរបស់ខ្លួន។ មានម៉ាក់ប៉ាមួយចំនួនគិតថា កូនៗទាល់តែរៀនពូកែលេខមួយ ឈ្នះពានរង្វាន់ ទើបមានអនាគតភ្លឺស្វាង រហូតពេលខ្លះបង្ខំកូនរៀនឲ្យខ្លាំង បើរៀនមិនបានលេខ១ ស្ដីថាឲ្យកូនថែម។ ចុះការចិញ្ចឹមកូនរំពឹងតែលើលទ្ធផលខ្ពស់ពីការសិក្សា ល្អដល់ការលូតលាស់ និងអភិវឌ្ឍកូនឬអត់?
យោងតាមការសិក្សាអះអាងថា ក្មេងៗ អាចគិតថា ការរំពឹងទុកខ្ពស់របស់ម៉ាក់ប៉ាមកលើខ្លួន ជាសម្ពាធមួយ។ អ្វីដែលក្មេងៗគិតថា ប៉ាម៉ាក់ចង់បានពីពួកគេ អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យកូនមានឱកាសជោគជ័យនៅថ្ងៃអនាគត។ សម្ពាធពីម៉ាក់ប៉ា អាចបង្កើនហានិភ័យនៃភាពតានតឹងរបស់កូន ក៏ដូចជាមានឥទ្ធិពលអវិជ្ជមានលើសុខុមាលភាពរបស់កូនៗបានទៀតផង។
អ្នកស្រាវជ្រាវរបស់សកលវិទ្យាល័យរដ្ឋArizona នៃសហរដ្ឋអាមេរិក បានសិក្សា ដើម្បីកំណត់ថា តើអាកប្បកិរិយា និងគំរូរបស់ឪពុកម្ដាយ មានតួនាទីយ៉ាងដូចម្ដេចចំពោះសុខភាពផ្លូវចិត្ត និងលទ្ធផលសិក្សារបស់កូន។ ក្រុមអ្នកស្រាវជ្រាវបានសួរសិស្សថ្នាក់ទី៦ ចំនួន៥០៦នាក់មកពីសហគមន៍ធូរធារ ឲ្យចាត់ថ្នាក់នូវអ្វី៣យ៉ាងដែលគិតថាម៉ាក់ប៉ាចង់បានពីពួកគេ។
ក្រោយពីធ្វើការប្រៀបធៀបគ្នារួចមក ក្រុមស្រាវជ្រាវដដែលបង្ហាញឲ្យឃើញថា លទ្ធផលគឺក្នុងចំណោមក្មេងដែលជឿថាម៉ាក់ប៉ាផ្ដល់តម្លៃដល់ការគិតខិតខំប្រឹងប្រែង និងសន្ដានចិត្តល្អ ជាងចំណាត់ថ្នាក់ ឬពានរង្វាន់ពីការសិក្សា។ ផ្ទុយពីនេះ ក្នុងចំណោមក្មេងដែលជឿថាម៉ាក់ប៉ាផ្ដល់តម្លៃខ្ពស់ទៅលើការរៀនពូកែ ចំណាត់ថ្នាក់ល្អ ឬពានរង្វាន់ពីការសិក្សា ឃើញថា លទ្ធផលទទួលបានមិនល្អដូចជា៖
- កើតជំងឺបាក់ទឹកចិត្ត
- ថប់បារម្ភ
- បាត់បង់ភាពជឿជាក់
- មានចរិតមិនល្អ
- រងការបន្ទោសពីម៉ាក់ប៉ា
- បញ្ហាការរៀន និងបានចំណាត់ថ្នាក់ទាប។
ពេលម៉ាក់ប៉ាផ្ដល់តម្លៃឲ្យលទ្ធផលខ្ពស់លើការសិក្សារបស់កូនគ្រប់ពេល មិនខ្វល់ខ្វាយពីការខិតខំប្រឹងប្រែង ឬផលលំបាករបស់កូន វាអាចបណ្ដាលឲ្យកូនកើតស្ត្រេស ឬបញ្ហាដែលបានរៀបរាប់ខាងលើនេះ ជាហេតុបណ្ដាលឲ្យអាអូនលូតលាស់ធំឡើងជាមួយសម្ពាធ មិនសប្បាយចិត្ត និងលទ្ធផលការសិក្សាក៏ទាបដែរ។
[embed-health-tool-vaccination-tool]