backup og meta

គួរធ្វើម៉េច ពេលឮកូននិយាយថា "កូនស្អប់ម៉ាក់ ឬប៉ា"?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 13, 2021

គួរធ្វើម៉េច ពេលឮកូននិយាយថា "កូនស្អប់ម៉ាក់ ឬប៉ា"?

“កូនស្អប់ម៉ាក់ ឬប៉ា!” ជឿថាពេលឮពាក្យនេះចេញមាត់កូន ប៉ាម៉ាក់ប្រាកដ​​​ជា​ធ្លាក់ថ្លើម​ក្តុក​ជា​មិន​ខាន។ ប៉ាម៉ាក់គួរដោះស្រាយបែបណា ពេល​ឮ​កូននិយាយបែបនេះ?

ពេលប៉ាម៉ាក់ឮកូននិយាយបែបនេះ ប៉ាម៉ាក់ប្រាកដជាមានអារម្មណ៍ច្របូកច្របល់ ខកចិត្ត ខឹង និងឈឺចាប់ជាពុំខាន ព្រោះប៉ាម៉ាក់ស្រឡាញ់ ខំចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចក្រូចឆ្មារ ខំប្រៀនប្រដៅឱ្យកូនល្អ និងលះបង់សព្វបែបយ៉ាងដើម្បីកូន តែកូនបែរជាស្អប់ប៉ាម៉ាក់ទៅវិញ។

ដើម្បីរំងាប់ស្ថានភាពដ៏តឹងតែងបែបនេះ ប៉ាម៉ាក់អាចសាកល្បងតាមវិធីសាស្រ្តដូចខាងក្រោម៖

១. កុំតក់ស្លុត

បណ្ឌិត John Mayer សាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យ New Hampshire សហរដ្ឋ​អាមេរិក​បានលើកឡើងថា ពាក្យ “ស្អប់” ចេញមាត់ក្មេង​មានន័យខុសគ្នាពីពាក្យ “ស្អប់” ចេញពីមាត់​មនុស្សធំ។ អូនតូចនិយាយ​ពាក្យនេះព្រោះខឹងដែលមិនបានដូចបំណង។

២. ឆ្លើយតបជាមួយកូនដោយការយល់ចិត្ត

ប៉ាម៉ាក់អាចដាក់អារម្មណ៍ថា ប៉ាម៉ាក់ស្ថិតក្នុងស្ថានភាពរបស់អូនតូច។ ប្រសិន​បើប៉ាម៉ាក់ជាអូនតូច តើប៉ាម៉ាក់នឹងមានអារម្មណ៍បែបណា? បន្ទាប់​មកពន្យល់អូនតូចថា ប៉ាម៉ាក់ដឹងថាអូនតូចខកចិត្ត ឬ​តូចចិត្តដែលមិនអាចធ្វើបែបនេះ ឬធ្វើបែបនោះ។ កូនមិនចូលចិត្តដែលប៉ាម៉ាក់ហាមកូន ឬឱ្យកូន​ធ្វើ​បែបនេះ ឬបែបនោះ ប៉ុន្តែប៉ាម៉ាក់ត្រូវធ្វើបែបនេះ ដើម្បីឱ្យកូនល្អ។

៣. ប្រាប់អូនតូចកុំឱ្យនិយាយពាក្យ​ “ស្អប់” ទៀត

ប៉ាម៉ាក់ត្រូវប្រាប់អូនតូចថា ប្រសិនបើកូនមិនពេញចិត្ត ឬតូចចិត្តជាមួយ​ប៉ាម៉ាក់ កូនត្រូវប្រាប់ប៉ាម៉ាក់ ប៉ាម៉ាក់នឹងពន្យល់បន្ថែមថា ហេតុអ្វីកូនមិនអាចធ្វើអ៊ីចឹងបាន។ កូនមិនត្រូវនិយាយពាក្យ “ស្អប់​ប៉ា ឬ​ម៉ាក់​ទេ” ព្រោះពាក្យនេះមុតដូចកាំបិតអ៊ីចឹង។ ពេលកូននិយាយពាក្យនេះដាក់ប៉ាម៉ាក់ ប៉ាម៉ាក់មិន​សប្បាយ​​ចិត្ត​ទេ​។

ពេលឮកូននិយាយថា កូនស្អប់ម៉ាក់ ឬប៉ា

៤. ទុកពេលវេលារំងាប់អារម្មណ៍

ពេលខ្លះ ប៉ាម៉ាក់ត្រូវទុកពេលឱ្យកូន ក៏ដូចជាទុកពេលឱ្យខ្លួនឯងរំងាប់ចិត្ត​សិន​ មុននឹងជជែកបន្ត។ ដូច្នេះ​ភាគីទាំងសងខាងនឹងលែងខឹង ហើយអាចនិយាយ​​ដឹង​រឿង និងនិយាយ​គ្នា​បាន​ច្រើន​ជាង​មុន។

៥. ប្រាប់អូនតូចថាប៉ាម៉ាក់ស្រឡាញ់អូនតូច

បណ្ឌិត Mayer ក៏បានបន្ថែមថា បន្ទាប់ពីអារម្មណ៍អូនតូចស្ងប់លែងខឹងហើយ ប៉ាម៉ាក់​ត្រូវ​ឱប​អូន​តូច ហើយប្រាប់អូនតូចថា ប៉ាម៉ាក់ស្រឡាញ់កូន។ ប៉ាម៉ាក់មិនឱ្យអូនធ្វើបែបនេះគឺដើម្បីឱ្យអូនល្អ និងពន្យល់មូលហេតុប្រាប់អូនតូច។ ការធ្វើបែបនេះអាចជួយ និងលួងលោមអូនតូចបានច្រើន ​និង​ប្រាប់​អូនតូចថាប៉ាម៉ាក់មិនខឹង ឬស្អប់អូនតូចទេ។

ពេលឮអូនតូចនិយាយថា “កូនស្អប់ម៉ាក់ ឬប៉ា!” ប៉ាម៉ាក់ត្រូវរំងាប់អារម្មណ៍ជាមុន និងមិនត្រូវវាយ ពិន័យ ស្រែកដាក់អូនតូច ឬឆ្លើយដោយកំហឹងវិញ​ថា “ប៉ា ឬម៉ាក់ក៏ស្អប់កូនដែរ” ទេ ព្រោះ ការធ្វើបែប​នេះ​នឹងធ្វើឱ្យស្ថានភាព​កាន់តែធ្ងន់ធ្ងរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 13, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម