ម៉ាក់ប៉ាធ្វើបានប៉ុន្មានចំណុចនេះ អនាគតកូនភ្លឺស្វាង នៅជិតបង្កើយ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

អនាគត​កូន មិន​មែន​ពឹង​ផ្អែក​ទៅ​លើ​ការ​បណ្ដុះ​បណ្ដាល​នៅ​សាលារៀន​ទាំង​ស្រុង​នោះ​ទេ។ ក្នុង​នាម​យើង​ជា​ឪពុក​ម្តាយក៏​ជា​អ្នក​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​កាច់​ចង្កូត​អនាគត​កូន។ តើ​ទម្លាប់ ឬ​ដំបូន្មាន​អ្វីខ្លះ​ជួយ​ឲ្យ​អនាគត​កូន​ភ្លឺស្វាង? អ្នក​គ្រូ សន សុចិន្តា បង្រៀន​នៅ​សាលា​ឯកជន​ថ្នាក់​មត្តេយ្យ នៅរាជធានីភ្នំពេញ នឹង​ចែក​រំលែក​នូវ​គន្លឹះ​មួយ​ចំនួន ដែល​ម៉ាក់​ប៉ា​ចាំបាច់​ត្រូវ​ធ្វើ ដើម្បី​អនាគត​កូន​ភ្លឺ​ស្វាង។

១- បង្រៀន​ឲ្យ​ស្រលាញ់​សៀវភៅ ស្រលាញ់​ការ​សិក្សា

នៅ​ពេល​កូន​តូច​ចេះ​ចាប់​កាន់​របស់​លេង អ្វី​ដែល​គួរ​យក​ទៅ​ឲ្យ​លេង គឺ​សៀវភៅ ព្រោះ​កាលណា​ក្មេង​មាន​ទម្លាប់​កាន់ ហើយ​យើង​ជា​ម៉ាក់ប៉ា​ក៏​កាន់​ នោះ​កូន​ប្រាកដជា​ស្រលាញ់​ដូចគ្នា​មិន​ខាន។ ត្រូវ​ទិញ​សៀវភៅ​មាន​រូប​សត្វ មាន​អក្សរ មាន​លេខ ដើម្បី​អាច​ឲ្យ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ក្មេង និង​ងាយ​ចំណាំ​បាន​ខ្លះៗ។ កាលណា​ក្មេង​ចេះ​ស្រលាញ់​សៀវភៅ នោះ​ជំហាន​បង្រៀន​សរសេរ និង​អាន​ពេល​បន្ទាប់ គឺជា​ងាយ​ស្រួល​សម្រាប់​យើង។ ប៉ុន្តែ​រឿង​មិន​គួរ​ធ្វើ គឺ​បើ​បណ្ដោយ​ឲ្យ​ក្មេង​ខ្វល់​តែ​ជាមួយ​គ្រឿង​អេឡិចត្រូនិក នោះ​កូន​មិន​ងាយ​ចេះ​អ្វី​ច្រើន​ឡើយ។

២- បង្រៀន​កូន​ឲ្យ​ស្រលាញ់​សុខភាព

កូន​ក្មេង​ប្រៀប​ដូច​ជា​ក្រដាស​ស​ស្អាត បើ​ពី​តូច​យើង​បង្រៀន​ឲ្យ​ចេះ​អនាម័យ និង​ប្រាប់​ពី​ប្រភេទ​អាហារ​ណា​ដែល​មិន​ល្អ នោះ​ធំ​ គេ​នឹង​ចងចាំ​រហូត។ មិន​ត្រឹម​តែ​អាហារ​នោះ​ទេ ម៉ាក់ប៉ា​គួរ​ប្រាប់​កូន​ថា​របស់​ណា​កខ្វក់ និង​មាន​គ្រោះថ្នាក់​ចៀសវាង​លេង ឬ​ប៉ះ។ បើ​យើង​បង្រៀន​កូន​ថា​របស់​ណា​គគ្រិច​ហើយ​នោះ កូន​នឹង​មិន​លេង ឬ​ប៉ះ​វា​ ទាល់តែ​ធំ​ដឹង​ក្ដី​តែម្ដង។

៣- បង្រៀន​កូន​ឲ្យ​ស្មោះ​ត្រង់ និងចេះ​ចែក​រំលែក

ក្មេង​ស្មោះ​ត្រង់ មាន​ទម្លាប់​ចេះ​ចែក​រំលែក ឬ​អត់ អាស្រ័យ​ទៅ​លើ​យើង​ជា​ម៉ាក់​ប៉ា​ជា​អ្នក​បង្រៀន​កូន​តាំង​ពី​ពួក​គេ​នៅ​តូចៗ។ ផ្ទុយ​ទៅ​វិញ​ បើ​យើង​ទម្លាប់​កុហក​កូនៗ​ដើម្បី​បន្លាច​ពួក​គេ មិន​ឲ្យ​ធ្វើអ្វី​ផ្តេសផ្តាស​ទៅ​តាម​ចិត្ត​ចង់ នោះ​កូន​នឹង​បាត់​បង់​ទំនុក​ចិត្ត​លើ​យើង ថែម​ទាំង​ចេះ​កុហក​តាម​យើង​ទៀត។

៤- បង្រៀន​ឲ្យ​ចេះ​សម្អាត ស្រលាញ់​បរិស្ថាន

មុន​ដំបូង ​ម៉ាក់​ប៉ា​ត្រូវ​បង្រៀន​ពី​ការ​សម្អាត​កន្លែង​គេង របស់របរ​លេង និង​ជួយ​ទុកដាក់​របស់​ខ្លះ​ៗ ដែល​នៅ​អារាត់អារាយ​ពេញ​ផ្ទះ។ មួយ​វិញ​ទៀត​ គួរប្រាប់​កូន​ឲ្យ​ស្រលាញ់​បរិស្ថាន​ទាំង​ក្នុង ក្រៅ​ផ្ទះ ភូមិ​ឃុំ​រស់នៅ មិន​ត្រូវ​ចោល​សំរាម​ផ្ដេសផ្ដាស នោះ​ទើប​អាច​រស់នៅ​បាន​ដោយ​ក្ដី​សុខ​ទាំងអស់​គ្នា​បាន។

៥- បង្រៀនកូនឲ្យចេះលេងកីឡា

កីឡា​នាំ​មក​នូវ​សុខភាព​ល្អ ដូច្នេះ​យើង​ជា​ម៉ាក់ប៉ា​ចាំបាច់​បង្រៀន​កូន​ឲ្យ​ចេះ​ហាត់​ប្រាណ លេង​កីឡា​តាំង​ពី​នៅ​តូច កុំ​រង់ចាំ​ដល់​ពេល​គេ​ធំ​ឡើង។ ក្នុង​មួយ​ថ្ងៃ ហោច​ណាស់​ឲ្យ​គេ​ចំណាយ​ពេល ១៥-៣០ នាទី ធ្វើ​សកម្មភាព​រាងកាយ​ផ្សេងៗ​នៅ​ក្នុង​បរិវេណ​ផ្ទះ ឬ​កន្លែង​លេង​កីឡា​ បើ​អាច។

អត្ថបទពាក់ព័ន្ធ៖

៦- បង្រៀន​កូន​ឲ្យ​ចេះ​តស៊ូ

ធ្វើ​អ្វី​មួយ​មិន​បាន​សម្រេច ក្មេង​ងាយ​នឹង​ចុះ​ចាញ់​ណាស់ ម្ល៉ោះ​ហើយ​យើង​ត្រូវ​ប្រាប់​កូន​ឲ្យ​ធ្វើ​ហើយ​ធ្វើ​ទៀត ​ទាល់​តែ​បាន​សម្រេច រួច​ចាំ​លើក​ទឹក​ចិត្ត​កូន​ជា​ក្រោយ។ ទម្លាប់​បែប​នេះ ​កូន​យើង​នឹង​ចេះ​តស៊ូ​ទៅ​ថ្ងៃ​ក្រោយ ទោះ​ជា​ជួប​ឧបសគ្គ ឬ​ក៏​លំបាក​បែប​ណា​ក្តី។

៧- ឲ្យ​កូន​ចាប់​ជំនាញ​ដែល​ពេញ​ចិត្ត

ក្មេង​នីមួយៗ​តែ​មាន​ជំនាញ​ពិសេស​ផ្ទាល់​ខ្លួន យើង​ជា​ឪពុក​ម្តាយ​បាន​ត្រឹម​តែ​ជា​អ្នក​កាច់​ចង្កូត និង​លើក​ទឹក​ចិត្ត​កូន​ទៅ​តាម​ចំណង់​ចំណូល​ប៉ុណ្ណោះ ដាច់​ខាត​កុំ​បង្ខិត​បង្ខំ​កូន ព្រោះ​លទ្ធផល​អាច​នឹង​មិន​បាន​ដូច​ចិត្ត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 11, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 11, 2019

អ្នកអាចចូលចិត្ត