កូនអត់កើតលឿង អាចយកទៅហាលថ្ងៃបានអត់?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ទារក​ទើប​កើត​បើ​ស្បែក និង​ភ្នែក​លឿង​ពេទ្យ​នឹង​ប្រាប់​ឲ្យ​យក​ទៅ​ហាល​ថ្ងៃ​រាល់​ព្រឹក​យ៉ាងហោចណាស់ ១០-២០ នាទី ដែល​កម្ដៅ​ថ្ងៃ​ល្អ គឺ​ចាប់ពី​ម៉ោង ៦-៨ ព្រឹក ហើយ​បើ​ពេល​ល្ងាច​វិញ​ចាប់ពី​ម៉ោង ៤ ល្ងាច​ទៅ​។ ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ពន្លឺ​ថ្ងៃ​មាន​កាំ​រស្មី​អ៊ុលត្រាវីយូឡេ (UV) ជួយ​ឲ្យ​ជាតិ​ប៊ីលីរុយប៊ីន​ចេញ​តាម​ទឹកនោម និង​កាត់​បន្ថយ​ជាតិ​លឿង​របស់​ទារក។ តែ​ម៉ាក់​ៗ​មួយចំនួនកូន​គ្មាន​បញ្ហា​លឿង​ មាន​ចម្ងល់​ថា តើអាច​យក​ទៅ​អាំង​ថ្ងៃ​បាន​អត់?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ទោះ​ជា​ទារក​គ្មាន​កើត​លឿង​ក៏​អាច​យក​ទៅ​ហាលថ្ងៃ​បាន​ដែរ ដោយសារពន្លឺ​ថ្ងៃ​ល្អ​ចំពោះ​សុខភាព ព្រោះ​សម្បូរជាតិវីតាមីន D ហើយវីតាមីន D នេះ​មាន​តួនាទី​សំខាន់​សម្រាប់​ភ្ជាប់​ជាមួយ​ការ​ស្រូប​កាល់ស្យូម​ទៅក្នុងពោះវៀន។ ករណី​ដែល​គ្មាន​វីតាមីន D កាល់ស្យូម​អាច​ស្រូប​បាន​តិចតួច។ ដូច​យើង​ដឹង​ហើយ​ថា កាល់ស្យូម​មាន​តួនាទី​ចាំបាច់​ចំពោះ​ក្មេង​ក្នុង​ការ​លូតលាស់ និង​ធ្វើឲ្យ​ឆ្អឹង​រឹងមាំ។

ថែទាំកូន

ដូចនេះ​ហើយ​លោកវេជ្ជបណ្ឌិត​ឲ្យ​ដំបូន្មាន​ថា ​បើ​អាកាស​ធាតុ​ល្អ រួម​នឹង​មាន​ពេល​វេលា​គ្រប់គ្រាន់ ត្បិត​កូន​មិន​កើត​លឿង​ក៏​ឧស្សាហ៍​យក​ទៅ​ហាល​ថ្ងៃ​បាន​ដែរ ដើម្បី​ឲ្យ​កូន​ស្រូប​វីតាមីន D ពី​ពន្លឺ​ព្រះអាទិត្យ​បាន​ច្រើន។ មួយ​វិញ​ទៀត​សម្រាប់​ក្មេង​ធម្មតា ក៏​អាច​ឲ្យ​ពួកគេ​ហាលថ្ងៃ​បាន​ដែរ ដើម្បី​ឲ្យ​ឆ្អឹង​រឹងមាំ​ល្អ។

ដើម្បី​ស្រូប​យក​វីតាមីន D បាន​ល្អ ការ​ដាក់​កូន​​ហាល​ថ្ងៃ​ដោយ​គ្មាន​សម្លៀកបំពាក់ ទើបជា​វិធី​ត្រឹមត្រូវ តែ​បើ​កូន​ហាល​ថ្ងៃ​ទាំង​សម្លៀក​បំពាក់ ​ពន្លឺ​ព្រះ​អាទិត្យ​មិន​អាច​ជ្រាប​ចូល​ទៅ​ស្បែក​កូន​បាន​ល្អ​ទេ។

អត្ថបទពាក់ព័ន្ធ៖ របៀបហាលថ្ងៃទារកឲ្យបានត្រឹមត្រូវ ពេលកើតខាន់លឿង

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 19, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 19, 2019

អ្នកអាចចូលចិត្ត