ជាធម្មតា ទារកដែលមិនទាន់គ្រប់៦ខែ ពេទ្យមិនណែនាំឲ្យអាអូនញ៉ាំអ្វីផ្សេង ក្រៅពីបៅទឹកដោះម្ដាយ ឬទឹកដោះគោទេ ព្រោះប្រព័ន្ធរំលាយអាហារទារកនៅខ្ចី។ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្រ្តី។
ផ្ទុយទៅវិញ ក្នុងករណីដែលអាអូនមានបញ្ហាទល់លាមក យើងត្រូវមើលទៅតាមទារកថាតើអាអូនបៅដោះម្ដាយសុទ្ធ ឬបៅទឹកដោះគោ។ ម៉្យាងវិញទៀត ម៉ាក់ប៉ាត្រូវប្រាកដថា អាអូនមានបញ្ហាទល់លាមកមែន ឬគ្រាន់តែពិបាកជុះចេញមក។ បើអាអូនធ្លាប់បៅទឹកដោះគោ ឬទឹកដោះពពែ ក្រៅពីទឹកដោះម្ដាយ ហើយកូនមានបញ្ហាទល់លាមក យើងអាចឲ្យអាអូនញ៉ាំទឹកក្រូចច្របាច់ ឬទឹកក្រូចពោធិ៍សាត់អ៊ីនឹងបាន ដោយត្រូវបន្តក់តិចៗឲ្យអាអូនញ៉ាំ ឬអាចឲ្យអាអូនញ៉ាំពី១-២ស្លាបព្រាកាហ្វេបាន ដើម្បីជួយសម្រួលអាការៈអាអូន។