backup og meta

បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ

បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ

កូនម៉ឹម​ទឹកដោះគោ​ អាច​ឲ្យ​ម៉ាក់ៗ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ធ្វើ​ការងារ តែ​​សម្រាប់​​ម៉ាក់​ៗ​​មួយ​ចំនួន​​វិញ​​ពេល​​ខ្លះ​​ក៏​​ជួប​ការ​​លំបាក​​ច្រើន​គួរ​សម​​​ដែរ។ Helloគ្រូពេទ្យ បាន​ស្វែងរក​​ម៉ាក់ៗ​ដែល​ធ្លាប់​ជួបលំបាកមួយ​ចំនួន​ទាក់ទង​នឹង​រឿង​រំខាន​ខ្លះ​ៗ ពេល​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោ។

១- អត់​ងងុយ

បញ្ហា​នេះ​​ម៉ាក់​ៗ​ដែល​​មាន​​កូន​​ម៉ឹម​​ទឹកដោះគោ​ពិត​ជា​​គេច​មិនផុត​ទេ ហើយប្រាកដជា​ឈឺក្បាល​សឹង​តែ​ទ្រាំ​មិន​បាន ព្រោះ​មិន​ថា​យប់ ឬ​ថ្ងៃ​តែង​រវល់​លាង​ដុស​កំប៉ុង និង​ឆុង​ទឹកដោះគោ​មិន​លោះ​។ នេះ​ជា​ការ​លើកឡើង​របស់​អ្នក​ម៉ាក់ វ៉ាន់ កល្យាណ។ អ្នក​ម្ដាយ​កូន ៣ បាន​រៀបរាប់​ទៀត​ថា កូន ២​ដំបូង​គាត់​ឲ្យ​ម៉ឹម​ទឹកដោះ​ខ្លួន ហើយ​កូន​ចុងក្រោយ ព្រោះតែ​កើត​មក​គ្មាន​ទឹកដោះ ទើប​សម្រេច​ឲ្យ​បៅ​ទឹកដោះគោ។ គ្រាន់តែ​មួយ​សប្ដាហ៍​ដំបូង អ្នកនាង​បាន​ស្រក​ទម្ងន់ ៥ គីឡូ​ភ្លាម ព្រោះ​គេង​មិន​បាន ២ ម៉ោង​ផង​ត្រូវ​ភ្ញាក់​ម្ដង។ អ្នក​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​ទៀត​ថា ជា​ធម្មតា​បើ​យើង​គ្មាន​អនាម័យ​ចំពោះ​កំប៉ុង​ទឹកដោះគោ កូន​ងាយ​នឹង​រាករូស ឬ​ក្អួត។

បៅដោះគោHello_គ្រូពេទ្យ

២- ពិបាក​រឿង​ដាច់​ស្ដុក

«ប្រសិនបើ​អ្នក​ធ្លាប់​ជួប​បញ្ហា​នេះ ប្រាកដជា​វេទនា​ចិត្ត​ខ្លាំង​ប៉ុណ្ណា»។ នេះ​ជា​ការ​លើក​ឡើង​របស់​ម៉ាក់​ៗ​វ័យ​ក្មេង ស៊ិន សុបញ្ហា ដែល​ធ្លាប់​តែងតែ​ដើរ​រក​ទិញ​ទឹកដោះគោ​ឡើង​សឹង​គ្រប់​ច្រកល្ហក​ពេល ពេល​ទឹកដោះគោ​កូន​ដាច់​ស្ដុក​ម្ដង​ៗ។ ម្ចាស់​ហាង​ស្ប៉ា​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកនាង​តែងតែ​ប្រុង​ប្រយ័ត្ន​រឿង​នេះ​ដោយ​ទិញ​ម្ដង ២ កេស ហើយ​មិន​ទាន់​អស់​ស្រួលបួល គឺ​ទិញ​មក​ទុក​ទៀត។ ប៉ុន្តែ​នៅ​ពេល​ភ្លាត់ស្នៀតអស់​ក្នុង​ស្រុក ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​ទិញនៅ​ថៃ​មក​វិញ​ជា​ដើម ព្រោះ​កូន​តូច​មិន​ដូច​កូន​ធំ​អាច​ញ៉ាំ​ចំណី​បាន។

អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន

៣- ម៉ឹម​មិន​ត្រូវ

«កូន​ខ្ញុំ​ប្ដូរ​ម៉ាក់​ទឹកដោះគោ​មិន​ក្រោម ៥ ប្រភេទ​នោះ​ទេ ហើយ​ទម្រាំ​តែ​រក​ត្រូវ កូន​រាក​ស្គម​សល់​តែ​ឆ្អឹង​ទេ»។ នេះ​ជា​ការ​ចែករំលែក​អ្នកគ្រូ ស បុស្ប៉ា បង្រៀន​នៅ​អនុវិទ្យាល័យ​ព្រះសីហនុរាជ ហើយ​អ្នក​គ្រូ​វ័យ ៣៥ ឆ្នាំ​ខាង​លើ​ថា ការ​ឲ្យ​កូន​ម៉ឹម​ទឹក​ដោះ​គោ មិនមែន​ល្អ​ដូច​ទឹកដោះ​ម្ដាយ​ឡើយ តែ​ដោយសារ​រវល់ និង​មិន​សូវ​មាន​ទឹក​ដោះ​គ្រប់គ្រាន់ ទើប​ជ្រើស​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ទៅ។ មិន​ត្រឹម​តែ​ពិបាក​រឿង​កូន​ម៉ឹម​មិន​ត្រូវ​ឡើយ ភាព​ហត់​នឿយ​ក្នុង​ការ​លាង​សម្អាត រឹតតែ​មិន​ចង់​គួរ​ឲ្យ​ម៉ាក់​ៗ​ដទៃ​ដែល​រវល់​ការងារ​ខាង​ក្រៅ ឲ្យ​កូន​ម៉ឹម​ទឹក​ដោះ​គោ​ឡើយ។

៤- ចំណាយ​​លុយ​លើ​ទឹក​ដោះ​គោ និង​​កំប៉ុង​ទឹក​ដោះ​គោ

បើ​តាម​បទ​ពិសោធ​របស់ សៀ កនិដ្ឋា ដែល​កូន​របស់​អ្នក​នាង​ទាំង ២ សុទ្ធតែ​បៅ​ទឹក​ដោះ​គោ បាន​ឲ្យ​ដឹង​ថា ត្រូវ​ចំណាយ​លើ​ទឹក​ដោះ​គោ​ច្រើន​ណាស់ ម្យ៉ាងទៀតរយៈពេល ៦ ខែ​ម្ដង​ត្រូវ​ប្ដូរ​ដប​ទឹកដោះគោ​ចេញ​ម្ដង ហើយ​ម្ដង​ត្រូវ​ចំណាយ​ក្បែរ ២ រយ​ដុល្លារ នេះរាប់​តែ​ក្បាល​ដោះ​កូន​បៀម ដប សាប៊ូ និង​ឧបករណ៍។ អ្នក​ស្រុក​ភ្នំពេញ​ខាង​លើ​ក៏​បាន​បន្ថែម​ទៀត​ថា ​ពេល​ខ្លះ​បើ​ទិញ​ខុស​ចំណង់ចំណូលចិត្ត​កូន ត្រូវ​ទិញ​ថ្មី អស់​លុយ​បន្ថែម​ទៀត។ អ្នក​លក់​ដូរ​អីវ៉ាន់​នៅ​ផ្ទះ​រូប​នេះ​បន្ត​ទៀត​ថា អ្នក​ម៉ាក់​ដែល​ត្រៀម​សម្រាល​កូន ហើយ​ចង់​ឲ្យ​កូន​ម៉ឹម​ដោះ​គោ គួរតែ​ប្ដូរ​ការ​គិត​ចេញ ព្រោះ​ថា​កូន​បៅ​ដោះ​មាន​ផល​លំបាក​ច្រើន​ណាស់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/07/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jul 05, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម