១. តើទារកអាចបញ្ចេញស្នាមញញឹមដំបូងលឿនកម្រិតណា?
តាមពិតទៅ ទារកទើបនឹងកើត អាចបញ្ចេញស្នាមញញឹមភ្លាមៗ ដោយគ្រូពេទ្យ ហៅស្នាមញញឹមនេះថា Reflexive Smile បណ្ដាលមកពីកត្ដាខាងក្នុង។ យើងក៏អាចសម្គាល់ស្នាមញញឹមនេះ ពេលទារកគេងផងដែរ។
ស្នាមញញឹមដំបូងនេះ អាចបណ្ដាលមកពីទារករីករាយ ដូចជាការបញ្ចេញលាមក ផោម ឬទទួលភាពកក់ក្តៅពីការស្ថិតនៅក្នុងរង្វង់ដៃរបស់ម៉ាក់ប៉ា។ នេះបើតាមវេជ្ជបណ្ឌិត Brittany Odom អ្នកជំនាញផ្នែកទារក នៅរដ្ឋ Florida អាមេរិក។

២. តើពេលណាទារកបញ្ចេញស្នាមញញឹមសង្គម?
ស្នាមញញឹមសង្គម (Social Smile) ជាស្នាមញញឹម កើតឡើងនៅពេលទារកសម្លឹង និងប្រតិកម្មជាមួយកាយវិការបស់យើង។ ស្នាញញឹមនេះ អាចកើតឡើងពេលទារកមានអាយុពី ២-៣ខែ។ វាគឺជាការឆ្លើយតបរបស់ទារក ទៅនឹងបរិស្ថានជុំវិញ ដូចជា ម៉ាក់ប៉ា អ្នកបីបាច់ថែរក្សា និងជាការវិវត្តនៃវិញ្ញាណយល់ដឹងពីសង្គម។