ក្នុងបទសម្ភាសជាមួយ Hello គ្រូពេទ្យ លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី បានបញ្ជាក់ថា ក្បូនពេទ្យ ទឹកដែលល្អសម្រាប់ក្មេង គឺទឹកឆ្អិន ទឹកគ្មានមេរោគ។
ចំពោះទារកដែលកើតមិនគ្រប់ខែ ទារកកើតមកមិនគ្រប់គីឡូ ដែលមានសុខភាពខ្សោយនោះ គ្រូពេទ្យតម្រូវឲ្យប្រើ Sterilized water (ទឹកដែលបានពីរំហួតទឹកដាំ) ទឹកដែលគេប្រើសម្រាប់លាយថ្នាំ។ “ទឹកនោះថ្លៃខ្លាំងណាស់ ដោយទឹកប្រភេទនេះគេប្រើសម្រាប់តែក្មេងកើតមកមិនគ្រប់គីឡូប៉ុណ្ណោះ អ៊ីចឹងទឹកដែលប្រើ គឺជាទឹកពិសេស ជាទឹកគ្មានមេរោគ កាលណាមានមេរោគចូលទៅ ក្មេងទាំងនោះឈឺធ្ងន់”។
ចំពោះក្មេងកើតមកមានសុខភាពល្អធម្មតា លោកស្រីវេជ្ជបណ្ឌិតថា តាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក គឺត្រូវប្រើទឹកដាំពុះ ដើម្បីឆុងទឹកដោះឲ្យកូន។
ហេតុអីត្រូវដាំទឹកឲ្យពុះ សម្រាប់ឆុងទឹកដោះគោឲ្យកូន? លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះបានបញ្ជាក់ថា ទឹកប្រភពណាក៏ដោយ ត្រូវតែដាំឲ្យពុះ ព្រោះអីកម្តៅមកពីទឹកពុះអាចសម្លាប់មេរោគបានទាំងអស់។ ចំណុចពិសេសមួយទៀតនោះ បើសិនជាម៉ាក់ប៉ាឆុងម្សៅទឹកដោះគោជាមួយទឹកក្តៅឧណ្ហៗ កូនតូចក៏អាចចៀសពីបញ្ហាទល់លាមកទៀត។