សម្រាប់ម៉ាក់ៗដែលបំបៅកូនដោយទឹកដោះ ហើយត្រូវចេញមកធ្វើការឆ្ងាយពីផ្ទះ ៨-១០ ម៉ោង តែងតែច្របាច់ទឹកដោះទុកឲ្យកូនបៅ។ តែបន្ទាប់ពីវិលទៅផ្ទះវិញ ម៉ាក់ៗនៅតែគ្មានទំនុកចិត្តបំបៅដោះកូន ព្រោះខ្លាចទឹកដោះផ្ទុកក្នុងដើមទ្រូងនោះយូរ បែរជាផ្អូម? តើការបារម្ភនោះ ត្រឹមត្រូវដែរឬទេ?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានបកស្រាយថា ទឹកដោះនៅក្នុងខ្លួនយើងទោះមិនបានបំបៅកូនច្រើនម៉ោង ហើយសល់ច្រើនយ៉ាងណា ក៏មិនផ្អូម ឬខូចគុណភាព និងបាត់បង់ឱជារសដែរ។ តែសម្រាប់ម៉ាក់ៗដែលច្របាច់ទឹកទុកដាក់មិនបានត្រឹមត្រូវ គឺពិតជាអាចផ្អូមបាន។ ទឹកដោះដែលច្របាច់រួចអាចទុកបាន ៤-៦ ម៉ោង នៅសីតុណ្ហភាពធម្មតា ហើយបើទុកក្នុងទូរទឹកកកអាចរក្សាទុក ២៤ ម៉ោង និងកន្លែងបង្កកអាចទុកបាន ៤-៨ ថ្ងៃ។