បញ្ហានេះ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានបកស្រាយឲ្យដឹងថា ពេលដែលម៉ាក់ៗបំបៅដោះកូន យើងមិនសម្គាល់ទេ ពេលណា ឬម៉ោងណា សម្បូរទឹកដោះឲ្យកូនបៅ។ ជាទូទៅអំឡុងពេលពពោះបាន៧ខែ រាងកាយរបស់ម្ដាយចាប់ផ្ដើមផលិតទឹកដោះ ហើយក្រោយម៉ាក់ៗសម្រាលបានពី ៣០-៦០នាទី ម៉ាក់ៗនឹងមានទឹកដោះដំបូងឲ្យកូនបៅហើយ។
ផ្ទុយទៅវិញ បើម្ដាយនោះមិនសម្បូរទឹកដោះឲ្យកូនបៅ ត្រូវបំបៅកូនឲ្យបានញឹកញាប់ ព្រោះវាបញ្ជាទៅប្រព័ន្ធប្រសាទម្ដាយឲ្យបញ្ចេញអ័រម៉ូន ប្រូឡាក់ទីន ឲ្យក្រពេញទឹកដោះផលិតទឹកដោះឡើងមកច្រើន។ មួយវិញទៀត បើមិនសម្បូរទឹកដោះឲ្យកូនបៅ ម៉ាក់ៗអាចប្រើវិធីម៉ាស្សាសុដន់ ដើម្បីជួយឲ្យទឹកដោះកើនឡើង តែចៀសវាងប៉ះពាល់ទៅលើចុងសុដន់ ព្រោះខ្លាចឆ្លងមេរោគមិនស្អាត ពេលកូនបៅអាចប៉ះពាល់ដល់កូន។