១- វិធីផ្តើមបំបៅកូនដោយទឹកដោះ
ដំបូង ត្រូវបំបៅដោះកូនភ្លាម ទាំងយើងកំពុងនៅក្នុងមន្ទីរពេទ្យ ព្រោះបន្ទាប់ពីសម្រាលបានប៉ុន្មានម៉ោង ទារកត្រូវការអាហារ គឺទឹកដោះដំបូង។
ចាប់ផ្ដើមដំបូង យើងត្រូវឱបកូននៅលើទ្រូង ព្រោះការផលិតទឹកដោះ ជាធម្មតាកើតមានឡើង ក្រោយពេលស្បែកយើងប៉ះនឹងស្បែកកូន។ ធ្វើបែបនេះជួយឲ្យទារកមានភាពកក់ក្ដៅ និងបន្ថយភាពតានតឹង ជួយម៉ាក់ៗឆាប់សះស្បើយ បន្ទាប់ពីសម្រាលកូន។ ទ្រូងយើង ត្រូវទល់នឹងទ្រូងកូន ត្រូវយកដៃទ្រដោះក្បាលដោះទល់បបូរមាត់កូន បន្ទាប់មកមាត់កូន គួរគ្របលើក្បាលដោះ និងបរិវេណជុំវិញ ហើយកុំបារម្ភ បើទារកទើបកើតរកមិនឃើញក្បាលដោះម៉ាក់ៗ គ្រាន់តែព្យាយាមអត់ធ្មត់បន្តិច ឬក៏សាកសួរពីអ្នកថែទាំក្មេងក៏បាន។
ក្នុងករណីបើទារកកើតមិនគ្រប់ខែ មិនអាចបំបៅដោះភ្លាមៗបានទេ គួរបូមទឹកដោះបន្តក់ដាក់មាត់ទារក ដោយប្រើបំពង់បឺត ឬដបបំបៅ រហូតទារកមានកម្លាំងគ្រប់គ្រាន់ អាចបៅដោះបាន។ ការបំបៅដោះ មិនមានការឈឺចាប់នោះ ហើយត្រូវដឹងថា តើសុដន់មានអារម្មណ៍បែបណាពេលកូនបៅដោះរបស់យើង។