បំបៅដោះកូន នាំឲ្យសុដន់លែងស្អាតដូចមុន?

    បំបៅដោះកូន នាំឲ្យសុដន់លែងស្អាតដូចមុន?

    ម៉ាក់ៗ​សម័យ​នេះ តែង​ខ្វាយខ្វល់​ច្រើន ក្រោយ​ពេល​សម្រាល​បេប៊ី​រួច ពិសេសស្រីៗស្ថិតនៅ​​វ័យ​ក្មេង​ អាច​នឹង​បារម្ភ​ ដូច​ជា​រឿង​ត្រូវមើល​ថែ​កូន បំបៅ​ដោះកូន ខ្លាចនេះ ខ្លាចនោះ ខ្លាចដោះលែង​តឹង​ណែន ស្អាត​ដូច​មុន។ ហេតុផល​នេះហើយ ទើបស្រីៗ​ខ្លះ ​គេច​វេស​ពី​ការ​បំបៅដោះកូន​ដោយ​ទឹក​ដោះ នាំ​ឲ្យបេប៊ី​បាត់​បង់​ឱ​កាស​ទទួល​អាហារូបត្ថម្ភ​ដ៏​សំខាន់​បំផុត​ពី​ទឹក​ដោះ។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ល​ម្អិត​ពី​ទំនាក់​ទំងបំ​បៅ​កូន និង​បម្រែ​បម្រួល​សុដន់ ​ឲ្យ​ស្រីៗ​បាន​ដឹង។

    ១- បំបៅដោះកូនដោជាមូលហេតុធ្វើឲ្យសុដន់ប្រែប្រួល?

    នៅ​ជុំវិញ​សុដន់យើង ​គ្មាន​សាច់​ដុំទេ ដោយ​សុដន់ គឺ​​ជាប់​នឹង​ទ្រូង​តាម​រយៈ​សរសៃ​ចំណង​មួយ ជាភាសា​បច្ចេកទេស​​ហៅ​ថា Cooper’s ligaments ។ ​អំឡុង​ពេល​ព​ពោះ សរសៃ​ចំណង​ទាំងនោះ ​​បាន​លាត​សន្ធឹង​ ដើម្បី​ឲ្យ​ឈាម​ហូរ​ចូល​ទៅ​ក្នុង​សុដន់ ជា​ហេតុ​បណ្តាល​ឲ្យ​សុដន់​​ធ្ងន់ជាង​មុន និង​មាន​ទឹក​ដោះ។ ការ​ផលិតទឹក​ដោះ​ ក៏​អាចធ្វើ​ឲ្យ​ជាលិកា​សុដន់​រឹត​តែ​ក្រាស់ និង​ធ្វើ​ឲ្យ​សុដន់​មើល​ទៅ ធ្លាក់​យារ​ជាង​មុនដូច​គ្នា ។ ជាលិកា​ខ្លាញ់ និង​ជាលិកា ​ភ្ជាប់​ក៏​អាច​ធ្វើ​ឲ្យ​រូប​រាង​សុដន់យើង​មាន​ការ​ផ្លាស់​ប្តូរ​ បន្ទាប់​ពី​បំបៅ​ដោះ​កូន​រួច។ ទោះ​បី​ជា​យើង​មិន​បំបៅ​ដោះ​កូន​ ក៏​សុដន់​យើង​នៅ​តែ​ផ្លាស់​ប្តូរ​ដូច​គ្នា។ ផល​ប៉ះ​ពាល់​ពី​ការ​ព​ពោះ​អាច​បណ្តាល​ឲ្យ​រូប​រាង​សុដន់​ស្រីៗមាន​ភាព​ខុស​គ្នា អាស្រ័យ​​លើ​កត្តា​ជា​ច្រើន​រួមមាន៖

    – ទម្ងន់​រាង​កាយសរុប
    – ចំនួន​​នៃ​ការ​មាន​ផ្ទៃ​ពោះ​ពី​មុន
    – ទំហំ​សុដន់​មុន​ពេល​ពពោះ
    – អាយុ
    – ប្រវត្តិ​ជក់​បារី។

    ២- បំបៅដោះកូនអាចបណ្តាលឲ្យសុដន់ខុស​រូបរាង ឬមិនស្មើគ្នាដែរអត់?

    ជា​ទូ​ទៅ ​ក្រោយ​សម្រាល​រួច សុដន់​យើងមាន​រូប​រាង​ និង​ទំហំ​មិន​ស្មើ​គ្នា​ស្រាប់​ទៅ​ហើយ ​បណ្តាល​មក​ពី​ទឹក​ដោះ​នៅ​ក្នុង​សុដន់​អ្នក។ ដោយ​សារ​តែ​សុដន់​ ​ដំណើរ​ការ​ដោយ​មិន​ពឹង​ផ្អែក​ទៅ​លើ​សរីរាង្គ​ផ្សេង ហេតុ​នេះ សុដន់​ម្ខាងៗ ​អាច​មាន​ការ​ផ្លាស់​ប្តូរ​ ដោយ​មិន​ចាំបាច់​មាន​ការ​ចូល​រួម​ពី​សុដន់​ម្ខាង​ទៀត​ឡើយ។

    ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ​សរសៃ​ចំណង​ភ្ជាប់​សុដន់ នឹង​មាន​ការ​ទាញ ហើយ​វា​នឹង​រួញ​មក​វិញ​ បន្ទាប់​ពីបាន​បំបៅ​ដោះ​កូន។ សរសៃ​ចំណង​ទាំង​នេះ​ អាច​ផ្លាស់​ប្តូរ​ទំហំ​សុដន់​​បាន ក៏​អាច​បណ្តាល​ឲ្យ​មាន​ភាព​មិន​ស្មើ​គ្នា​មួយ​ចំនួន​ដែរ។ ជា​ទូទៅ​ ស្រីៗ​ជា​ច្រើន មាន​សុដន់ភាព​មិន​ស្មើ​គ្នា ​គឺជាប់​ទាក់​ទង​នឹង​ការ​មាន​ផ្ទៃ​ពោះនេះ​ឯង។ បន្ទាប់​ពី​បាន​បំបៅ​កូនរួច ​សុដន់​​ម្ខាង​នឹង​អាច​ត្រលប់​ទៅ​ទំហំ​ពី​មុន​វិញ ឯ​ម្ខាង​ទៀត​នឹង​មើល​ទៅ​មាន​សភាព​យារ​ធ្លាក់។

    អត្ថបទ​ពាក់ព័ន្ធ៖

    • ស្តាប់ហេតុផលនេះ ម៉ាក់ៗនឹងដឹងថា ហេតុអីកូនចេះដើរហើយ យើងគួរបន្តបំបៅដោះទៀត?
    • តិចនិកបំបៅដោះកូននៅទីសាធារណៈ ម៉ាក់ៗថ្មីថ្មោងគួរស្វែងយល់!

    ៣- វិធីព្យាបាលសម្រាប់សុដន់មិនស្អាត ឬមិនស្មើគ្នា

    បច្ចុប្បន្ន វិធី​​ថែ​រក្សា​សម្ផស្ស​ជាច្រើន ត្រូវ​គេ​រកឃើញ​ជា​បន្ត​បន្ទាប់ ក្នុង​គោល​បំណង​ ដើម្បី​ជួយ​ស្រីៗ អាច​មាន​រូប​រាង​ដូច​ដើម ដូចមុន​ពេល​មាន​ផ្ទៃ​ពោះ​វិញ ​ដូចជា​វិធីលើក​សុដន់ ឬ​​ព្យាបាល​ដោយ​​វះ​កាត់។ ​បើ​គ្នា​យើង​​ចង់​ធ្វើ​ការ​វះ​កាត់ ​គួរ​តែ​ធ្វើ​ការ​ពិគ្រោះ​យោបល់​បន្ថែម​ជា​មួយ​គ្រូពេទ្យ ដើម្បី​ចៀស​វាង​លទ្ធ​ផលយើង​មិន​ចង់​បាន។ ​បើ​មាន​សម្គាល់​ឃើញ​ សុដន់យើងផ្លាស់​ប្តូរ​បន្ទាប់​ពីបំបៅ​ដោះ​កូន ត្រូវ​ចាំ​ថា ​វា​ជា​រឿងធម្ម​ជាតិ​ ពុំ​ចាំបាច់​មាន​ការ​បារម្ភ​អ្វី​ឡើយ។

    ការ​មាន​ផ្ទៃ​ពោះ និងបំបៅ​ដោះ​កូន​ ​ជា​ដំណើរ​ការ​ដ៏​ស្វិត​ស្វាញ សម្រាប់​រាង​កាយ ហើយ​ទឹក​ដោះម៉ាក់ៗ ​ជា​ប្រភព​​អាហា​រូបត្ថម្ភ​សំខាន់​បំផុត​សម្រាប់​កូនយើង​ ​ល្អទាំង​​សុខ​ភាព និង​ការ​លូត​លាស់។ ស្រីៗ​​គ្នា​យើង​ជា​ច្រើន ​ក្រោយ​ពេល​មាន​ផ្ទៃ​ពោះ និង​​បំបៅ​ដោះ​កូន​ តែង​ស្វែង​យល់​ឃើញ​ពី​ការ​ស្រលាញ់​រាង​កាយ​ខ្លួន​ឯង ក៏​ដូច​ជា​ចេះ​ប្រើ​វិធី​រាងៗ​ខ្លួន ដើម្បី​ដោះ​ស្រាយ​បញ្ហា​បម្រែ​បម្រួល​ទាំង​នោះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Breast Problems After Breastfeeding. http://www.webmd.com/parenting/baby/after-nursing?page=3#1. Accessed August 13, 2016.

    Will breastfeeding change how my breasts look? http://www.babycentre.co.uk/x543044/will-breastfeeding-change-how-my-breasts-look. Accessed August 13, 2016.

    Are sagging breasts inevitable after breast-feeding? http://www.mayoclinic.org/healthy-lifestyle/womens-health/expert-answers/sagging-breasts/faq-20058322. Accessed August 13, 2016.

     

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ចាន់ សុខឡាង កែសម្រួល​ចុងក្រោយ 02/09/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត