ហេតុផលដែលពេទ្យមិនចង់ឲ្យកូនបៅឆ្អែតភ្លាម ចូលគេងភ្លែត
កន្លងមកទាំងម៉ាក់ៗបំបៅដោះកូនដោយទឹកដោះ ឬទឹកដោះគោច្រើនច្រឡំឲ្យកូនបៅឆ្អែតភ្លាម យកទៅគេងភ្លែត។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានលើកឡើងថា ទង្វើបែបនេះមិនត្រឹមត្រូវនោះទេ ហើយនាំឲ្យកូនក្អែមកវិញថែមទៀត។

ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានអះអាងថាមិនថា ទារកបៅឆ្អែត ឬក្មេងញ៉ាំអាហារឆ្អែតឡើយសុទ្ធតែមិនអាចគេងភ្លាមៗ ព្រោះកូនអាចក្អែញឹក ឬដើរខ្យល់មិនស្រួល។ ចំណែកកាយវិការត្រឹមត្រូវ ពេលបំបៅដោះកូនរួច ត្រូវលើកមកដាក់បញ្ឈរលើស្មា ឬទ្រូងយើង ១០-១៥ នាទី រួចយកដៃរឹត ឬទះខ្នងកូនតិចៗ ដើម្បីឲ្យកូនភើ ២-៣ ដង ចាំឲ្យសម្រាកបាន។

ចំណែកកូនតូចវិញ ពេលញ៉ាំអាហារហើយ ក៏មិនគួរឲ្យចូលគេងភ្លាមដែរ យើងអាចនៅបង្រៀនកូនឲ្យធ្វើនេះ ធ្វើនោះ ឬរៀនអក្សរ ដើម្បីឲ្យអាហារធ្លាក់ចូលទៅក្នុងក្រពះ និងកិនរំលាយបានល្អសិន ចាំឲ្យពួកគេចូលគេងតាមក្រោយ។
នៅពេលគេងទាំងពោះកំពុងពេញឆ្អែត អាចឲ្យជាតិអាស៊ីដក្នុងក្រពះច្រាលឡើងមកលើវិញ ដែលនេះហើយជាមូលហេតុនាំឲ្យក្មេងអាចមានជំងឺហើមពោះបាន។ បន្ថែមពីនេះ លោកវេជ្ជបណ្ឌិតក៏បានណែនាំឲ្យស្ត្រីបំបៅដោះកូន ឬដោយម្សៅទឹកដោះគោក៏ដោយ ត្រូវសម្អាតក្បាលដោះ និងលាងដបសម្លាប់មេរោគឲ្យស្អាតល្អសិន ទើបកូនគ្មានបញ្ហាច្រាំងអណ្ដាត ឬរាករូស។
អត្ថបទពាក់ព័ន្ធ៖ កូនកំពុងបៅ ហើយមានមួយទៀត គួរផ្ដាច់ដោះមែន?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕