ប្រមាណ ជាង ២ខែមុន ករណីទារកតូចបំផុតលើផែនដី នៅប្រទេសជប៉ុន ទម្ងន់ ២៦៨ក្រាម អាចរស់រានមានជីវិត និងចេញពីមន្ទីរពេទ្យហើយ។ ជាដំណឹងល្អស្រដៀងគ្នានេះ ករណីទារកតូចបំផុតមួយទៀត ទម្ងន់ ២៤៥ក្រាម ប្រហែលប៉ុនផ្លែប៉ោម បានរស់រានមានជីវិត និងចាកចេញពីមន្ទីរពេទ្យនៅអាមេរិក។
ទារិកា ឈ្មោះ Saybie បានសម្រាលនៅមន្ទីរពេទ្យ Sharp Mary Birch ពេលម្ដាយរបស់នាង ពពោះបានត្រឹមតែ ២៣សប្ដាហ៍ប៉ុណ្ណោះ(ជាទូទៅ ៤០សប្ដាហ៍)។ កើតមកភ្លាម ទារិកានេះ មានទម្ងន់ត្រឹម ២៤៥ក្រាម ហើយពេលនោះ ពេទ្យប្រាប់ប៉ារបស់ទារិកាថា លោកមានពេលប្រហែល ១ម៉ោងប៉ុណ្ណោះជាមួយកូនស្រី មុននាងស្លាប់វិញ។ “ប៉ុន្ដែ ១ម៉ោង ទៅជា ២ម៉ោង ទៅជា ១ថ្ងៃ និងទៅជា ១សប្ដាហ៍”។ នេះបើតាមម្ដាយទារិកាលើកឡើងក្នុងវីដេអូ បញ្ចេញដោយមន្ទីរពេទ្យ។