គ្រប់គ្នាសប្បាយលាយរំភើបនៅពេលដែលក្លាយខ្លួនជាម៉ាក់ប៉ាគេ ម្នាក់ៗរង់ចាំមើលមុខបេប៊ីយ៉ាងអន្ទះសាក្នុងចិត្តបំផុត មិនដឹងអាអូនពេលចេញមកក្រៅឃើញពន្លឺព្រះអាទិត្យមានមុខដូចប៉ា ឬក៏ម៉ាក់នោះទេ។ ទន្ទឹមនឹងភាពរីករាយក្នុងការទទួលសមាជិកថ្មី គ្នាយើងមួយចំនួនក៏ភ័យអរ មិនដឹងត្រូវចញ្ចឹមបីបាច់បេប៊ីបែបណាទើបមានសុខភាពល្អ ក្លាយជាក្មេងស្តាប់ដំបូន្មាននាពេលអនាគត។
នៅពេលកើតមកភ្លាមបេប៊ីអាចមានទម្ងន់ពី ២,៥-៤,៥ គីឡូក្រាម និងមានប្រវែងពី ៤៨-៥១ សង់ទីម៉ែត្រ។ ដោយសារអូនតូចទើបតែកើតមកមិនទាន់ដឹងអ្វីទាំងអស់ ដូច្នេះបេប៊ីត្រូវការការមើលថែខ្ពស់ពីម៉ាក់ប៉ា។

១- ថែទាំកូនដូចម្តេច?
- រក្សាកម្តៅដោយយកភួយមករុំខ្លួនបេប៊ី
- យកអូនតូចមកដាក់ជាប់នឹងដើមទ្រូង
- ចាក់ថ្នាំបង្ការជំងឺផ្សេងៗ។

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
កូនកើតមកភ្លាមយើងត្រូវពិនិត្យសុខភាពឲ្យបានជាប់លាប់ដើម្បីលូតលាស់ទាំងរាងកាយ និងបញ្ញាស្មារតី។ បើអូនតូចមានស្បែកលឿង ឬផ្សិតក្នុងមាត់ យើងត្រូវប្រញាប់យកអាអូនមកជួបគ្រូពេទ្យ ដើម្បីធ្វើតេស្តរករោគវិនិច្ឆ័យ ព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
៣- ត្រូវដឹងអីខ្លះ?
អារម្មណ៍ក្លាយជាម៉ាក់គេពិតជារំភើបខ្លាំង ហើយក៏ប្រហែលមានអារម្មណ៍ភ័យព្រួយ និងស្ត្រេសកើតឡើងព្រមគ្នាដែរនៅពេលម៉ាក់មើលថែទាំបេប៊ីតែម្នាក់ឯងទាំងយប់ថ្ងៃ ឬក៏អាអូនធ្វើទុក្ខខ្លាំងមិនសូវបានដេកគ្រប់គ្រាន់។ មិនបាច់គិតច្រើនពេកទេ បញ្ហាទាំងអស់នេះអាចដោះស្រាយតាមគន្លឹះងាយៗខាងក្រោមនេះ៖
ប្តូរខោទឹកនោម៖ បេប៊ីនៅតូចច្បាស់ជានោម ឬជុះញឹកញាប់បន្តិច ម្ល៉ោះហើយ១ថ្ងៃៗម៉ាក់ៗរវល់តែប្តូរខោទឹកនោម។ មុនដំបូងស្រីៗគ្នាយើងមួយចំនួនប្រហែលជាពិបាកបន្តិច ប៉ុន្តែមិនយូរទេនឹងស៊ាំ ហើយអាអូនកាន់តែធំ នឹងកាត់បន្ថយការជុះ ឬនោម។
ងូតទឹក៖ បេប៊ីនៅតូចមិនទាន់រឹងដៃរឹងជើង បើមិនធ្លាប់មានបទពិសោធន៍ទេម៉ាក់ៗមួយចំនួនច្បាស់ជាពិបាកបីអូនតូចងូតទឹកបន្តិច។ បើអូនតូចមិនសូវប្រឡាក់ប្រឡូសខ្លួន មិនចាំបាច់ងូតទឹកឲ្យរាល់ថ្ងៃទេ ងូតឲ្យបេប៊ី ៤-៥ដង/សប្តាហ៍ គ្រប់គ្រាន់ហើយ។ បន្ទាប់ពីងូតទឹករួចត្រូវយកកន្សែងស្អាតមកជូតមុខ ក ដៃ និងគូទបេប៊ីឲ្យបានស្អាត ទើបមិនមានបាត់តេរីនៅកន្លៀតកន្លោះ។
កក់សក់៖ ជម្រើសល្អបំផុតម៉ាក់ប៉ាគួរតែកក់សក់ឲ្យបេប៊ី ១-២ដង/សប្តាហ៍ មិនចាំបាច់កក់សក់រាល់ថ្ងៃឡើយ។ បើស្បែកក្បាលអាអូនមានជាតិខ្លាញ់ច្រើនយើងអាចបន្ថែមការកក់សក់ម្តង ឬ២ដងទៀតបាន។
៤- អ្វីខ្លះត្រូវបារម្ភ?
មិនមែនរឿងងាយនោះទេក្នុងការថែទាំអូនតូចនៅសប្តាហ៍ដំបូង ម្ល៉ោះហើយស្រីៗគ្នាយើងច្បាស់ជាស្មុគស្មាញ គិតច្រើនមិនខាន។ ជាទូទៅអាអូនទើបនឹងកើតគេងច្រើន ម៉ឹមក៏ញឹកញាប់ ជុះក៏ច្រើនដង ម៉ាក់ប៉ាលំបាកបន្តិចហើយ។ តែបន្ទាប់ពីនេះទៅ បេប៊ីធំបន្តិច ការគេងកាន់តិច ហើយរពឹសវិញម្តង។
នៅសប្តាហ៍ដំបូងនេះបេប៊ីអាចនឹងក្អួត ថប់ដង្ហើម ដែលបណ្តាលមកពីសារធាតុនៅក្នុងសួតអាអូន។ ទោះយ៉ាងណាម៉ាក់ប៉ាមិនបាច់ព្រួយទេ នេះដោយសារកូនយើងព្យាយាមសម្អាតខ្យល់ដកដង្ហើមប៉ុណ្ណោះ អ្វីៗនឹងប្រសើរឡើងប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version.
American Academy Of Pediatrics. American Academy of Pediatrics Caring for Your Baby and Young Child, Birth to Age 5 6th Edition. New York: Bantam, 2014. Print version.
Your newborn. http://www.babycenter.com/6_your-newborn_1130.bc. Accessed November 23, 2015.
1 week old. http://www.bounty.com/baby-0-to-12-months/newborn/the-first-weeks/1-week-old-baby. Accessed November 23, 2015.
កំណែប្រែបច្ចុប្បន្ន
09/07/2020
អត្ថបទដោយ ណៃ ទូច
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ