ការលូតលាស់ និងអាកប្បកិរិយា
ធ្មេញដំបូង ដែលយើងចំណាំហៅថាធ្មេញព្រៃ ឬធ្មេញទឹកដោះច្រើនតែដុះចេញធ្មេញមុខនៅខាងក្រោមពេលអាអូនមានអាយុចន្លោះ ៤-៧ ខែ។ ប៉ុន្តែក្មេងខ្លះអាចដុះចេញលឿននៅអាយុ ៣ ខែ តែខ្លះទៀតអាចយូរជាងនេះរហូតដល់ អាយុ ១២ ខែ ។ ម៉ាក់ប៉ាកុំខ្វាយខ្វល់ បើធ្មេញកូនដុះចេញមកមានចន្លោះធ្មេញប្រហោងធំៗ ព្រោះធម្មតាធ្មេញព្រៃដុះផុសចេញពីអញ្ចាញធ្មេញ ឬដុះខុសទម្រង់ វានឹងបាត់ទៅវិញនៅអាយុ៣ ឆ្នាំ។
សញ្ញាដែលបង្ហាញថាទារកចាប់ផ្តើមដុះពន្លកធ្មេញដំបូង មានហៀរទឹកមាត់ច្រើន និងសំឡេងក្រឹតៗប្លែកៗចេញពីមាត់។
នៅសប្តាហ៍ទី ៣១ កូនយើងអាចចេះ៖
- វារ និងលូន
- ផ្លាស់របស់ពីដៃមួយទៅដៃមួយ
- តោងចាប់ដៃ ឬអ្វីមួយដើម្បីក្រោក។
១- បង្រៀនកូនដោយរបៀបណា?
ក្មេងៗនឹងមានអារម្មណ៍ឯកោ ភ័យខ្លាចពេលម៉ាក់ប៉ាបង្រៀនឲ្យនៅតែឯង ប៉ុន្តែយើងត្រូវមានវិធីការពារខ្លះៗ។ បើយើងចេញក្រៅហើយទុកកូននៅក្នុងផ្ទះ ត្រូវឱបកូនឲ្យណែនមុនចាកចេញពីផ្ទះរួចនិយាយ ម៉ាក់នឹងមកវិញឆាប់ៗ។ ធ្វើដូច្នេះកូននឹងមិនគិតថា ១ ម៉ោងទៀតយើងនឹងត្រលប់មកវិញនោះទេ ដោយសារភាពកក់ក្តៅ និងស្រលាញ់ដែលយើងសម្តែងចេញមក វាកាត់បន្ថយភាពភ័យខ្លាចរហូតដល់ពេលជួបយើងវិញ។
ទម្លាប់ធ្វើបែបនេះមុនពេលយើងចាកចេញពីកូនទៅធ្វើការ ឬត្រូវទុកឲ្យអ្នកផ្សេងមើលថែ យ៉ាងហោចណាស់កូនយើងមានអារម្មណ៍កក់ក្តៅ ពេញចិត្តជាមួយអ្នកថែទាំជំនួសយើងដែរ។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
ទោះមិនមានការណាត់ជួបក៏ដោយ យើងត្រូវត្រៀមសំណួរឲ្យហើយសម្រាប់ជួបគ្រូពេទ្យនៅសប្តាហ៍ក្រោយៗ ឬទាក់ទងទៅគ្រូពេទ្យភ្លាម ប្រសិនបើមានការសង្ស័យអ្វីមួយ។
៣- ចំណុចត្រូវដឹង?
អាអូនដុះធ្មេញហើយ ម៉ាក់ប៉ាត្រូវយល់ដឹងពីបញ្ហាអ្វីខ្លះ?
ដុះធ្មេញ៖ ដើម្បីកាត់បន្ថយការឈឺចាប់ពេលកូនដុះធ្មេញ ម៉ាក់ប៉ាត្រូវផ្តល់របស់អ្វីមួយដើម្បីកូនទំពា ដូចជាកងកៅស៊ូជ័រសម្រាប់ខាំ ឬកន្សែងត្រជាក់។ ផ្តល់អាហារត្រជាក់ៗដល់កូន ដូចជាទឹកផ្លែប៉ោម ឬទឹកដោះគោជូរ បើកូនមានអាយុគ្រប់ដើម្បីញ៉ាំអាហារទាំងនោះ ព្រោះអាហារត្រជាក់អាចកាត់បន្ថយការឈឺចាប់បាន។
ស្លាក់៖ ស្លាក់អ្វីមួយទារកពិបាកដកដង្ហើម មិនអាចបញ្ចេញសំឡេងក្អក ឬកណ្ដាស់ ហើយស្បែកប្រែជាពណ៌ស្វាយ និងអាចបាត់បង់ស្មារតីដោយសារតែខ្វះអុកស៊ីសែន។
អាអូនអាចក្អក យំ ឬនិយាយ និងដកដង្ហើមធម្មតា នោះបញ្ចាក់ថាផ្លូវដង្ហើមរបស់កូនយើងមិនបានបិទទាំងស្រុងទេ។ ពេលខ្លះទារកអាចខ្ជាក់ ឬយករបស់ស្លាក់ដោយខ្លួនឯងបាន យកល្អម៉ាក់ប៉ាត្រូវរក្សាភាពស្ងប់ស្ងៀម និងចាំមើលដោយយកចិត្តទុកដាក់។ ប៉ុន្តែបើកូនយើងស្ទាបអង្អែលក ហើយស្បែកប្តូរពណ៌ក្រហមទៅពណ៌បៃតង សភាពដូចជាភ័យខ្លាច ដោយភ្នែក និងមាត់បើកចំហ ឬសន្លប់ត្រូវប្រញាប់នាំកូនទៅពេទ្យ ឬទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ និងរកវិធីសង្រ្គោះភ្លាមៗតាមដែលអាចធ្វើទៅបាន។
មើលក្នុងមាត់កូន និងយកអ្វីដែលស្ទះនោះចេញ តែមិនត្រូវលូកម្រាមដៃយើងចូលទៅក្នុងមាត់ទារកទេ លុះត្រាតែអាចមើលឃើញ និងអាចលូកវាចេញបាន ព្រោះវាអាចរុញរបស់នោះចូលក្នុងកាន់តែជ្រៅ បន្ថែមទៀត។
-ដាក់ទារកឲ្យដេកផ្កាប់មុខចុះតាមបណ្តោយកំភួនដៃ ដោយឲ្យក្បាលទាបបន្តិចហើយទ្រក្បាល។ គោះលើខ្នងទារក រវាងឆ្អឹងស្លាបប្រចៀវទាំងពីរជាមួយកដៃយើងចំនួន ៥ ដង ហើយចងចាំថាសរីរាង្គទារកខ្សោយ ព្យាយាមធ្វើវាថ្នមៗ។
-ព្យាយាមឲ្យទារកប្រឹងក្អកឲ្យខ្ជាក់របស់ស្លាក់ចេញ ជាជាងលូកម្រាមដៃយើងទៅក្នុងមាត់របស់ទារក។
-ប្រសិនប្រឹងក្អកមិនចេញវត្ថុស្លាក់ទេ ត្រូវប្រយ័ត្នវាអាចរុញចូលវិញ។ ប្រើម្រាមដៃ ២ ឬ ៤ សង្កត់ឆ្អឹងសន្ទះទ្រូង ជម្រៅ ១,២-២,៥ សង់ទីម៉ែត្រ ហើយច្បូតទ្រូង ៥ ដង។
-បើរបស់ដែលស្លាក់មិនទាន់ខ្ជាក់ចេញមកទេ មើលក្នុងមាត់ទារក ដាក់ឲ្យដេកផ្ងារ ហើយប្រើមេដៃសង្កត់អណ្តាតចុះក្រោម និងងើយចង្កាឡើងដើម្បីមើលខាងក្នុងបំពង់ក។ ប្រសិនបើយើងនៅតែមើលមិនឃើញវត្ថុស្លាក់ទេ ផ្លុំខ្យល់ចូលតាមមាត់ និងច្រមុះសង្គ្រោះភ្លាមៗ។ បើមិនដូច្នោះទេបន្តធ្វើជំហានទី ២ និងទី ៣ ម្តងទៀត រហូតដល់ជំនួយគ្រូពេទ្យបានមកដល់។
ដើម្បីជៀសវាងការស្លាក់ ម៉ាក់ប៉ាត្រូវ៖
– ឱ្យកូនញ៉ាំអាហារសមស្របទៅតាមអាយុ
– ចាំមើលកូនកំពុងញ៉ាំ (កុំបង្ខំ ឬឲ្យញ៉ាំអាហារក្នុងឡាន)
– ត្រូវតែនៅក្បែរពេលឲ្យកូនញ៉ាំអ្វីក៏ដោយ
– កុំបណ្តោយឲ្យកូនលេងវត្ថុតូចៗ
– ជ្រើសរើសរបស់លេងឲ្យស័ក្តិសម និងមានប្រយោជន៍។
ស្លាក់គឺជាមូលហេតុចម្បងដែលបណ្តាលឲ្យកុមារស្លាប់ច្រើន ដូច្នេះម៉ាក់ប៉ា និងអ្នកថែទាំកូន (មេដោះ) គួរតែរៀនវិធីសង្គ្រោះបន្ទាន់សម្រាប់ទារកដើម្បីបង្ការពេលករណីនេះកើតឡើង។
ការព្រួយបារម្ភ
៤- រឿងអីខ្លះត្រូវបារម្ភ?
ចំណុចមួយចំនួនដែលយើងមិនគួររំលង តើធ្វើម៉េចទើបដឹងថា កូនយើងឆ្លាតវាងវៃ? បើចង់ដឹងថា កូនយើងវៃឆ្លាត និងមានទេពកោសល្យពីកំណើតប៉ុណ្ណា ខាងក្រោមនេះជាសញ្ញាបញ្ជាក់បាន៖
– លូតលាស់ល្អ
– ចងចាំ និងអង្កេតបានល្អ
– មានការច្នៃប្រឌិត និងប៉ិនប្រសប់
– កំប្លុកកំប្លែង
– សម្លឹងមើលអ្វីមួយយ៉ាងរិះគិត
– មានសមត្ថភាពតភ្ជាប់រឿងរ៉ាវ
– ស្រមើស្រមៃច្រើន
– កូនគេងមិនសូវលក់ល្អ
– ស្គាល់ និងយល់នូវអារម្មណ៍។
[embed-health-tool-vaccination-tool]