backup og meta

ហេតុអ្វី​ទារក​យំ​ ក្រោយ​បំបៅ​ដោះ​រួច​? ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 17, 2021

    ហេតុអ្វី​ទារក​យំ​ ក្រោយ​បំបៅ​ដោះ​រួច​? ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​?

    ប៉ា​ម៉ាក់​ច្បាស់​ជា​បាន​ដឹង​ហើយ​ថា​ ទារក​តែងតែ​យំ​​ នៅ​ពេល​ដែល​ពួក​គេ​ឃ្លាន​។​ ប៉ុន្តែ​ ​ប្រសិនបើ​​ទារក​យំ​ ក្រោយ​ពី​បំបៅ​ដោះ​រួច​ ជា​ពិសេស​ ពួកគេ​ហាក់​ដូចជា​ពិបាក​ចិត្ត​ និង​​យំ​មិន​បាត់​សោះ​ ​វា​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដល់​ប៉ា​ម៉ាក់​​។​ ដោយ​សារ​តែ​បញ្ហា​នេះ​ ធ្វើ​ឲ្យ​ទាំង​ម៉ាក់​ និង​អា​អូន​មាន​អារម្មណ៍​តប់​ប្រមល់ និង​ធុញ​ថប់​ ដូច្នេះ​ហើយ​ ការ​ស្វែង​រក​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​​ទារក​យំ​ក្រោយ​បំបៅ​ដោះ​រួច​​ ​មាន​សារសំខាន់​ណាស់​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

    . ចុកពោះ 

    ​​​​​​ជា​ទូទៅ​ រោគ​ចុក​ពោះ​នេះ​កើត​ឡើង​ចំពោះ​ទារក​ដែល​មាន​អាយុ​ក្រោម​៣​ខែ​ ​ដែល​យំ​ខ្លាំង​​យ៉ាង​ហោច​ណាស់​ពីរ​២ទៅ​៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ហើយ​ការ​យំ​នេះ​មាន​រយៈពេល​ពី​៣​ថ្ងៃ​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្ដាហ៍​។​ ទារក​​ម្នាក់​ក្នុង​ចំណោម​៥​នាក់​កើត​មាន​រោគ​ចុក​ពោះ​នេះ​ និង​ពុំ​មាន​មូលហេតុ​​ច្បាស់​លាស់​ណាមួយ​​ដែល​នាំ​​ឲ្យ​ទារក​មាន​អាការៈ​នេះ​ឡើយ​។​ វា​អាច​ដោយ​សារ​តែ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ទារក​កំពុង​តែ​អភិវឌ្ឍ​ ហើយ​ពួកគេ​​ទទួល​បាន​ហ្គាស​ ឬ​មិន​អាច​រំលាយ​​ទឹក​ដោះ​គោ​បាន​ពេញ​លេញ​។ ទារក​អាច​​មាន​រោគ​ចុក​ពោះ​នេះ​ ​ប្រសិនបើ​ពួក​គេ​យំ​​ដោយ​គ្មាន​មូលហេតុ​ ហើយ​ក្ដាប់​ដៃ​​ណែន​ ក៏​ដូចជា​​ថ្ពាល់ឡើង​ក្រហម​។​ បន្ថែម​ពី​នេះ​ ពួក​គេ​អាច​ចំកោង​ខ្នង និង​ទាញ​ជង្គង់​ទៅ​ជិត​នឹង​ពោះ​។​

    ដំណោះស្រាយ៖ អាការៈ​ចុក​ពោះ​នេះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ នៅ​ក្នុង​រយៈពេល​ប្រហែល​៦សប្តាហ៍​ ហើយ​ជា​ទូទៅ​ វា​​នឹង​បាត់​ទៅ​ទាំង​ស្រុង​នៅ​ខែ​ទី​៤។​ ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ពុំ​មាន​ការ​ព្យាបាល​ចំពោះ​អាការៈ​ចុក​ពោះ​នេះ​ទេ​ ក្រៅ​ពី​​កម្ចាត់​រាល់​កត្តា​បង្ក​ទាំង​អស់​ប៉ុណ្ណោះ​។

    ​​​​​​​​​​​​​. ច្រាល​អាស៊ីដ 

    ការ​ចា្រល​អាស៊ីដ​ គឺ​ជា​​បញ្ហា​មួយ​ដែល​សាច់ដុំ​ខ្ជិប​​​មិន​លូតលាស់​  ​នៅ​ចុង​បំពង់​អាហារ​ មិន​អាច​ទប់ទល់​នឹង​ក្រពះ​​ដែល​ផ្ទុក​អាហារ​ ដែល​កត្តា​នេះ​​បណ្ដាល​ឲ្យ​អាហារ​ រួម​​ជាមួយ​នឹង​ទឹក​ក្រពះហូរ​ចេញ​​ពី​ក្រពះ​ចូល​ទៅ​ក្នុង​បំពង់​អាហារ​។​ ​ការ​ចាល់​អាស៊ីដ​នេះ​ ក៏​អាច​បង្ហាញ​រោគ​សញ្ញា​ស្រដៀង​ទៅ​នឹង​រោគ​ឈឺ​ពោះ​ផង​ដែរ​។​ ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នៃ​ការ​ចាល់​អាស៊ីដ​នេះ​ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​រោគ​សញ្ញា​របស់​ទារក​ ហើយ​ប្រសិនបើ​មាន​សភាព​ធ្ងន់ធ្ងរ​ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​ធ្វើ​តេស្ត​ផ្សេង​ៗ​ ដើម្បី​​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​បញ្ហា​នេះ​។

    ដំណោះស្រាយ៖ ដើម្បី​បញ្ចៀស​អាហារ​កុំ​ឲ្យ​ហូរ​ត្រលប់​ទៅ​ក្នុង​បំពង់​អាហារ​  ប៉ា​ម៉ាក់​គួរ​ដាក់​ឲ្យ​ទារក​អង្គុយ​ឲ្យ​ត្រង់​នៅ​ពេល​បំបៅ​ដោះ​។​ ការ​ដាក់​ឲ្យ​ទារក​គេង​នៅ​ពេល​បំបៅ​ ឬ​បន្ទាប់​ពី​បំបៅ​រួច​ គឺ​ជា​ការ​ដាក់​សម្ពាធ​ទៅ​លើ​​សាច់​ដុំ​ខ្ជឹប​​នៃ​បំពង់​អាហារ ដែល​ធ្វើ​ឲ្យ​វា​របើក។​ ដូច្នេះ​ហើយ​ ចូរ​បី​កូន​ឲ្យ​ត្រង់​ដាក់​លើ​ស្មា​​ យ៉ាង​ហោច​ណាស់​៣០​នាទី​ បន្ទាប់​ពី​បំបៅ​ដោះ​រួច​។​

    . អាលែកហ្ស៊ី​នឹង​អាហារ

    ​​​​ទារក​តែងតែ​ងាយ​ប្រតិកម្ម​ទៅ​នឹង​អាហារ​ថ្មី​ៗ​ ហើយ​អាច​វិវត្តន៍​​ទៅ​ជា​អាលែកហ្ស៊ី​យ៉ាង​ឆាប់​រហ័ស​ ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ពួក​គេ​​នៅ​ខ្សោយ​។​ បញ្ហា​នេះ​កើត​ឡើង​ជា​ទូ​ទៅ​ ចំពោះ​ទារក​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​ ​ពីព្រោះ​តែ​ម៉ាក់​ៗ​ញ៉ាំ​អាហារ​ចម្រុះ​ ដែល​​ទារក​មិន​​ទាន់​ស៊ាំ​​នៅ​ឡើយ​។​ ជា​ទូទៅ​​ ពពួក​អាហារ​ដែល​នាំ​ឲ្យ​ទារក​អាលែកហ្ស៊ី​មាន​ដូចជា​ ទឹកដោះគោ​ ស៊ុត​ និង​សណ្ដែក​។​ ​ប្រសិនបើ​កូន​​បង្ហាញ​រោគ​សញ្ញា​ ដូចជា​រលាក​ ក្រហម​ កន្ទាល​ត្រអាក​​ ឬ​ជុះ​មាន​ឈាម​បន្ទាប់​ពី​បំបៅ​ដោះ​រួច​ ចូរ​នាំកូន​ទៅ​ពេទ្យ​ដើម្បី​ធ្វើ​តេស្ត​អាលែកហ្ស៊ី​។

    ​​​​ដំណោះស្រាយ៖ ប្រសិនបើ​កូន​យំ​បន្ទាប់​ពី​ញ៉ាំ​អាហារ​​មួយ​ចំនួន​ដែល​ពួក​គេ​អាលែកហ្ស៊ី​ ចូរ​ជ្រើសរើស​អាហារ​ដទៃ​ទៀត​។​ បន្ថែម​ពី​នេះ​ ចូរ​ផ្លាស់ប្ដូរ​ប្រភេទ​ទឹកដោះគោ​ម្សៅ​ ប្រសិនបើ​​ម៉ាក​ទឹក​ដោះ​គោ​ម្សៅ​​ខ្លះ​ធ្វើ​ឲ្យ​ទារក​ចុក​ពោះ​ បន្ទាប់​ពី​បៅ​រួច​។​ នៅ​ក្នុង​ករណី​ដែល​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ ចូរ​ជៀសវាង​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​ទារក​កើត​មាន​អាការៈ​មិន​ស្រួល​ក្នុង​ខ្លួន​។

    កូនយំ២

    . ហ្គាស

    ​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ហ្គាស​ក៏​ជា​មូលហេតុ​មួយ​ចម្បង​មួយ​ ដែល​ធ្វើ​ឲ្យ​ទារក​មិន​ស្រួល​ខ្លួន​ បន្ទាប់​ពី​បៅ​រួច​ផង​ដែរ​។​ ប្រសិនបើ​ពួក​គេ​យំ​ខ្លាំង​ បន្ទាប់​​ពី​បៅ​រួច​ និង​បង្ហាញ​រោគ​សញ្ញា​ដូចជា​ហើម​ពោះ​ វា​អាច​មក​ពី​ទារក​លេប​ខ្យល់​ច្រើន​ពេក​​ ខណៈ​ពេល​បំបៅ​។​ បញ្ហា​នេះ​កើត​ឡើង​មិន​ថា​ ទារក​បៅ​ទឹក​ដោះ​គោ​ ឬ​ទឹក​ដោះ​ម្ដាយ​ឡើយ​​។

    ដំណោះស្រាយ៖ ប៉ា​ម៉ាក់​អាច​ដោះស្រាយ​បញ្ហា​ហ្គាស​នេះ​បាន​ ដោយ​ឲ្យ​ទារក​អង្គុយ​ឲ្យ​ត្រង់​ ឬ​ឲ្យ​ពួក​គេ​ផ្អែក​នៅ​លើ​ស្មា​របស់​យើង​ យ៉ាង​ហោច​ណាស់​៣០​នាទី​ បន្ទាប់​ពី​បំបៅ​ដោះ​រួច​។​ យើង​ក៏​អាច​ទះ​​ខ្នង​របស់​ទារក​ថ្នម​ៗ​ ដើម្បី​ឲ្យ​ហ្គាស​ចេញ​មក​ខាង​ក្រៅ​។​ មួយ​វិញ​ទៀត​ ម៉ាក់​ៗ​ក៏​អាច​រឹត​ខ្នង​ផ្នែក​ខាង​ក្រោម​​ និង​ពោះ​របស់​ទារក​ជា​រង្វង់​ ដើម្បី​បន្ធូរ​ផ្លូវ​ហ្គាស​​ដែល​​នៅ​ក្នុង​ពោះ​។​ ​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម