ជាទូទៅអូនតូចៗមិនគួរញ៉ាំទឹករហូតទាល់តែពួកគេមានអាយុ ៦ ខែព្រោះនៅក្នុងអំឡុងពេលនេះពួកគេអាចទទួលជាតិទឹកដែលត្រូវការតាមរយៈទឹកដោះ ម៉ាក់ៗឬទឹកដោះគោ ទោះបីជាស្ថិតក្រោមអាកាសធាតុក្ដៅក៏ដោយ។ នៅពេលដែលអូនតូចៗមានអាយុ ៦ ខែ ប៉ាម៉ាក់អាចឲ្យញ៉ាំទឹកនៅពេលដែលកូនស្រេក ប៉ុន្តែហាមឲ្យច្រើនពេកព្រោះអាចធ្វើឲ្យអូនៗឈឺពោះឬធ្វើឲ្យពួកគេមិនឃ្លានអាហារ។ នៅពេលបានអាយុមួយខួប អូនតូចៗអាចញ៉ាំរបស់រឹង និងញ៉ាំទឹកដោះគោសុទ្ធបានហើយ នោះម៉ាក់ៗក៏អាចឲ្យអូនតូចៗញ៉ាំទឹកតាមចិត្តចង់បានដែរ។
ហេតុអ្វីបានជាមិនត្រូវឲ្យអូនតូចៗអាយុ៦ខែ និងតិចជាងនេះញ៉ាំទឹក?
ការផ្ដល់ទឹកឲ្យអូនតូចៗដែលមានអាយុតិចជាង ៦ ខែក្នុងបរិមាណទឹកលើសលុបអាចប៉ះពាល់ដល់សមត្ថភាពរាងកាយក្នុងការស្រូបយកសារធាតុចិញ្ចឹមពីការបំបៅដោះ ឬទឹកដោះគោ។ ម៉្យាងទៀត ការឲ្យអូនតូចៗញ៉ាំទឹកនៅអាយុតិចជាង ៦ ខែ ក៏អាចឲ្យពួកគេណែនពោះធ្វើឲ្យមិនឃ្លានអាហារ។ ក្នុងករណីខ្លះអូនតូចៗដែលញ៉ាំទឹកច្រើនពេកអាចធ្វើឲ្យពុលជាតិទឹកជាលទ្ធផលឲ្យមានការប្រកាច់ និងសន្លប់ក៏ថាបាន។ ការពុលជាតិទឹកកើតឡើងនៅពេលបរិមាណទឹកលើសលុបលាយជាមួយកំហាប់សារធាតុសូដ្យូមក្នុងរាងកាយដែលទៅបង្អាក់ដល់អតុល្យភាពអេឡិចត្រូលីត្រ និងធ្វើឲ្យជាលិកាប៉ោងហើម។