វិធីសាស្រ្ត ៣ យ៉ាងអាចទាយកម្ពស់កូននាពេលអនាគត

    វិធីសាស្រ្ត ៣ យ៉ាងអាចទាយកម្ពស់កូននាពេលអនាគត

    ប៉ាម៉ាក់តែងតែចង់ដឹងកម្ពស់កូននាពេលអនាគត និងបារម្ភខ្លាចកូនមាន​កម្ពស់ទាប​ដែលធ្វើឱ្យ​ប៉ះពាល់​ដល់រូបសម្បត្តិ របស់​កូន។ តើ​មាន​​វីធីសាស្រ្តអ្វីខ្លះដែលប៉ាម៉ាក់​អាចប្រើដើម្បី​ទាយ​កម្ពស់​កូននាពេលអនាគតបាន?

    ប៉ាម៉ាក់អាចទាយកម្ពស់កូននាពេលអនាគតតាមវិធីសាស្រ្តដូចខាងក្រោម៖

    ១. វិធីសាស្រ្តគុណនឹង ២

    ជាទូទៅកុមារមានកម្ពស់​ពាក់កណ្តាលនៃកម្ពស់ពេញវ័យរបស់ពួកគេក្នុង​រយៈពេល ២ ឆ្នាំដំបូងបន្ទាប់​ពី​កើត​។ ដោយឡែកក្មេងស្រីគឺគិតពីអាយុ ១ ខួបកន្លះ ព្រោះក្មេងស្រីមានទំនោរ​លូតលាស់​លឿនជាងក្មេងប្រុស។

    • កម្ពស់អនាគតកូនប្រុស = កម្ពស់កូនប្រុសនៅអាយុ ២ ខួប × ២
      ឧទាហរណ៍៖ បើអាអូនមានសម្ពស់ ៩០​ សង់ទីម៉ែត្រនៅអាយុ ២ ខួប ដូច្នេះ​កម្ពស់អនាគតអាអូនគឺ ១៨០ សង់ទីម៉ែត្រ (១,៨ ម៉ែត្រ)។
    • កម្ពស់អនាគតកូនស្រី = កម្ពស់កូនស្រីនៅអាយុ ១៨ ខែ × ២
      ឧទាហរណ៍៖ បើអូនតូចមានកម្ពស់ ៨០​ សង់ទីម៉ែត្រនៅអាយុ ១៨ ខែ ដូច្នេះកម្ពស់អនាគតអូនតូចគឺ ១៦០ សង់ទីម៉ែត្រ (១,៦ ម៉ែត្រ)។

    ២. វិធីសាស្រ្តបូកដក

    ដើម្បីរកកម្ពស់អនាគតកូនប្រុស ប៉ាម៉ាក់ត្រូវបូក ១៣ សង់ទីម៉ែត្របន្ថែមទៅកម្ពស់ម៉ាក់ ហើយត្រូវរក្សាកម្ពស់របស់ប៉ានៅដដែល។

    កម្ពស់អនាគតកូនប្រុស = កម្ពស់ម៉ាក់ + ១៣ សង់ទីម៉ែត្រ
    ឧទាហរណ៍៖ ម៉ាក់មានកម្ពស់ ១៥០​ សង់ទីម៉ែត្រ ហើយប៉ាមានកម្ពស់ ១៦៨ សង់ទីម៉ែត្រ។ ដូច្នេះ​កម្ពស់​អនាគតអាអូនគឺនៅចន្លោះ ១៦៣​-១៦៨ សង់ទីម៉ែត្រ។

    ដើម្បីរកកម្ពស់អនាគតកូនស្រី ប៉ាម៉ាក់ត្រូវដក ១៣ សង់ទីម៉ែត្រពីកម្ពស់ប៉ា ហើយត្រូវរក្សាកម្ពស់របស់ម៉ាក់នៅដដែល។

    កម្ពស់អនាគតកូនស្រី = កម្ពស់ប៉ា – ១៣ សង់ទីម៉ែត្រ
    ឧទាហរណ៍៖ ម៉ាក់មានកម្ពស់ ១៥០​ សង់ទីម៉ែត្រ ហើយប៉ាមានកម្ពស់ ១៦៨ សង់ទីម៉ែត្រ។ ដូច្នេះ​​កម្ពស់​អនាគតអូនតូចគឺនៅចន្លោះ ១៥០-១៥៥ សង់ទីម៉ែត្រ។

    ចង់គណនា BMI ចុចទីនេះ!

    ទាយកម្ពស់កូននាពេលអនាគត

    ៣. តេស្តអាយុឆ្អឹង

    គ្រូពេទ្យនឹងថតកាំរស្មីអ៊ិចកដៃ ដៃ និងម្រាមដៃខាងឆ្វេងរបស់អូនតូច។ បន្ទាប់មកគ្រូពេទ្យនឹង​យក​រូបភាពថតកាំរស្មីអ៊ិចប្រៀបធៀបនឹងតារាង លូតលាស់របស់ឆ្អឹងដែលបង្ហាញពីអាយុឆ្អឹង និង​អាយុ​របស់​កុមារ។

    ជាទូទៅឆ្អឹងខ្ចីរបស់កុមារនឹងឈប់លូតលាស់ នៅពេលអូនតូចមានអាយុ ១៦ ឆ្នាំ​សម្រាប់​ក្មេងស្រី និង​ ១៩ ឆ្នាំសម្រាប់ក្មេងប្រុស។

    ទោះបីជាយ៉ាងណាក៏ដោយវិធីសាស្រ្តទាយកម្ពស់កូននាពេលអនាគតមិនសុក្រឹត ១០០% ទេ។ ម៉្យាង​ទៀតកម្ពស់កុមារអាចប្រែប្រួលដោយសារកត្តាមួយចំនួនដូចជា កត្តាអាហារូបត្ថម្ភ កត្តាផ្លូវចិត្ត ឬជំងឺរុំារ៉ៃជាដើម។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 26/10/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត