មានកូនជារឿងរីករាយបំផុតក្នុងជីវិតគ្រួសារ ប៉ុន្តែចិញ្ចឹមមើលថែអូនៗ ក៏ជារឿងពិបាកមួយក្នុងជីវិត ពិសេសសម្រាប់ប៉ាក់ម៉ាក់វ័យក្មេង មិនសូវមានបទពិសោធ។ ច្បាស់ណាស់ យើងអាចទទួលបានការណែនាំពីពេទ្យ គួរធ្វើបែបនេះ ធ្វើបែបនោះ ប៉ុន្តែយើងក៏ត្រូវតែដឹងច្បាស់ពីបញ្ហាដូចគ្នា។ “Hello គ្រូពេទ្យ’ នឹងលើកបញ្ហាមួយឲ្យគ្នាយើងបានដឹង ពាក់ព័ន្ធកង្វះជាតិកាល់ស្យូមលើក្មេងៗ និងវិធីដោះស្រាយ។
១- អ្វីទៅជាកាល់ស្យូម?
កាល់ស្យូម មានអត្ថប្រយោជន៍ច្រើនដែលរាងកាយយើងមិនអាចខ្វះបាន។ វាដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់រាងកាយឲ្យរឹងមាំ ធ្វើឲ្យឆ្អឹង និងធ្មេញមានសុខភាពល្អ ជាសារធាតុបញ្ចេញអង់ស៊ីម និងអ័រម៉ូន ធ្វើឲ្យប្រព័ន្ធប្រសាទ និងសាច់ដុំដំណើរការបានល្អ។
នៅក្នុងខ្លួនយើងមានផ្ទុកជាតិកាល់ស្យូមជាច្រើន ក្នុងនោះប្រមាណ ៩០% នៃសារធាតុរ៉ែដ៏សំខាន់មួយនេះ ស្តុកនៅក្នុងឆ្អឹង។ យើងក៏អាចឃើញមានជាតិកាល់ស្យូមនៅតាមជាលិកា សរីរាង្គផ្សេងៗ និងនៅតាមចរន្តឈាមផងដែរ។
២- កង្វះជាតិកាល់ស្យូមប៉ះពាល់អ្វីខ្លះ?
កង្វះជាតិកាល់ស្យូម អាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ឆ្អឹង ប៉ះពាល់ដល់ការកន្ត្រាក់សាច់ដុំ និងមានបញ្ហាជាច្រើនទៀត ទាក់ទងជាមួយដំណើរការកំណកឈាម និងប៉ះពាល់ប្រព័ន្ធប្រសាទទៀតផង។ បើឆ្អឹងអូនៗខ្សោយ អាចបណ្ដាលមកពីកង្វះសារធាតុរ៉ែនេះតែម្តង នឹងអាចវិវត្តទៅជាខូចរូបរាងរបស់ឆ្អឹង ដូចជា ជំងឺពាក់ព័ន្ធឆ្អឹង ហៅថា Rickets ជាដើម។
កង្វះជាតិកាល់ស្យូម គឺជាបញ្ហាចម្បងមួយឧស្សាហ៍កើតលើក្មេងៗជាច្រើនជុំវិញពិភពលោក។ ការទទួលបានជាតិកាល់ស្យូមតិចតួច និងបញ្ហាបឺតស្រូបជាតិកាល់ស្យូមនៅក្នុងពោះវៀនតូច ជាកត្តាចម្បងនាំឲ្យអូនៗខ្វះកាល់ស្យូម។ ករណីមួយចំនួន កង្វះជាតិកាល់ស្យូមនៅលើក្មេងៗ អាចបណ្តាលមកពីម៉ាក់ៗផ្ទាល់ ដែលមិនមានជាតិកាល់ស្យូមគ្រប់គ្រាន់អំឡុងពេលពពោះ។
អត្ថបទពាក់ព័ន្ធ៖
៣- រោគសញ្ញាកង្វះជាតិកាល់ស្យូម
រមួលក្រពើនៅតាមសាច់ដុំ ជាសញ្ញាដំបូងនៃបញ្ហាមួយនេះ។ អូនៗ អាចនឹងរអ៊ូបញ្ហាឈឺសាច់ដុំ ជាពិសេសនៅតាមដើមដៃ នៅក្លៀក និងភ្លៅនៅពេលគេកម្រើកម្តងៗ ឬពេលចាប់ផ្ដើមដើរ។
បើអូនៗមានបញ្ហាដេកមិនលក់ ក៏ប្រហែលជាសញ្ញាមួយទៀតនៃបញ្ហាកង្វះជាតិកាល់ស្យូមនៅក្នុងរាងកាយដូចគ្នា។ មានករណីមួយចំនួន ក្មេងៗប្រហែលជាគេងលក់ធម្មតា ប៉ុន្តែគេងមិនបានស្ងប់ ឬគេងមិនឆ្អែត ឬគេអាចភ្ញាក់ញឹកញាប់នៅពេលយប់។
ក្មេងៗមានបញ្ហាខ្វះជាតិកាល់ស្យូម អាចធ្វើឲ្យការលូតលាស់ធ្មេញមិនប្រក្រតី ខណៈក្រចក ក៏ត្រូវការជាតិកាល់ស្យូមគ្រប់គ្រាន់ ដើម្បីលូតលាស់ និងមានសុខភាពល្អដូចគ្នា។ មួយវិញទៀត សញ្ញាសំខាន់យើងគួរតាមដាន ពេលអូនៗខ្វះជាតិកាល់ស្យូម គឺចុងក្រចកអូនៗមិនរឹងមាំ មិនងាយពេញវ័យ ពិសេសចំពោះក្មេងស្រីដែលមិនមានជាតិកាល់ស្យូមគ្រប់គ្រាន់។ ក្រៅពីមិនងាយពេញវ័យ មីអូន ក៏អាចមានបញ្ហាជាមួយវដ្ដរដូវផងដែរ។
៤- វិធីព្យាបាលកង្វះជាតិកាល់ស្យូម
មានវិធីជាច្រើន ដើម្បីព្យាបាលបញ្ហាកង្វះជាតិកាល់ស្យូម។ អាចឲ្យកូនយើងញ៉ាំថ្នាំបំប៉ន ដើម្បីបង្គ្រប់ជាតិកាល់ស្យូម ដែលរាងកាយត្រូវការជាចាំបាច់។
ក្រៅពីនេះ ក៏នៅមានវិធីសាស្ត្រធម្មជាតិ ធ្វើឲ្យជាតិកាល់ស្យូមកើនឡើង សម្រាប់ក្មេងៗកំពុងលូតលាស់ ដូចជា៖
– គ្រប់គ្រងរបបអាហារអូនៗឲ្យបានល្អ។ ដោយសារតែទឹកដោះគោសម្បូរទៅដោយជាតិកាល់ស្យូម យើងអាចឲ្យអូនៗផឹកទឹកដោះគោរាល់ថ្ងៃបាន។
– បន្លែបៃតង មាន ដើមភ្លៅកង្កែប កូនស្ពៃ និងស្លឹកសណ្ដែក សុទ្ធតែមានផ្ទុកកាល់ស្យូមជាច្រើន ហេតុនេះគួរឲ្យកូនយើងញ៉ាំបន្លែទាំងអស់នោះឲ្យបានច្រើន។
– គ្រាប់ធញ្ញជាតិម្យ៉ាង ហៅថា Millet និងគ្រាប់ល្ង ត្រូវគេរកឃើញថា មានផ្ទុកជាតិកាល់ស្យូមជាច្រើន គួរណែនាំឲ្យអូនៗញ៉ាំប្រភេទអាហារទាំងនេះ ឲ្យបានច្រើន។
– កុំភ្លេចឲ្យអូនៗឈរហាលថ្ងៃពេលព្រឹក ឲ្យបានយ៉ាងតិចមួយម៉ោងកន្លះក្នុងមួយថ្ងៃ ដើម្បីផលិតវីតាមីន D អាចជួយឲ្យខ្លួនអូនៗសំយោគយកជាតិកាល់ស្យូមបាន។
– គួរឲ្យអូនៗញ៉ាំផ្លែឈើឲ្យបានច្រើនដូចគ្នា ជាពិសេសផ្លែឈើ មានផ្ទុកវីតាមីន C ច្រើន។
៥- រាងកាយក្មេងត្រូវការជាតិកាល់ស្យូមប៉ុន្មានទើបគ្រប់គ្រាន់?
អ្នកជំនាញបានណែនាំឲ្យក្មេងៗអាយុចាប់ពី ១-៣ ឆ្នាំ គួរទទួលជាតិកាល់ស្យូម ឲ្យបានយ៉ាងតិច ៧០០ មិល្លីក្រាម ជារៀងរាល់ថ្ងៃ ហើយក្មេងអាយុចាប់ពី ៤-៨ ឆ្នាំ គួរទទួលជាតិកាល់ស្យូមយ៉ាងតិច ១០០០ មិល្លីក្រាម ជារៀងរាល់ថ្ងៃ ខណៈអាយុចាប់ពី ៩-១៨ ឆ្នាំ គួរទទួលបានយ៉ាងតិច ១៣០០ មិល្លីក្រាម ជារៀងរាល់ថ្ងៃ។
[embed-health-tool-vaccination-tool]