តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កាល់​ស្យូមល្អសម្រាប់​ក្មេង បើខ្វះច្បាស់ជាមាន​បញ្ហា​ឆ្អឹង​ធ្ងន់ធ្ងរ

    កាល់​ស្យូមល្អសម្រាប់​ក្មេង បើខ្វះច្បាស់ជាមាន​បញ្ហា​ឆ្អឹង​ធ្ងន់ធ្ងរ

    មាន​កូន​ជា​រឿង​រីករាយ​បំផុត​ក្នុង​ជីវិត​គ្រួសារ ប៉ុន្តែ​ចិញ្ចឹម​មើល​ថែ​អូនៗ ក៏​ជារឿង​ពិបាក​មួយ​ក្នុង​ជីវិត ពិសេស​សម្រាប់​ប៉ាក់​ម៉ាក់​វ័យ​ក្មេង មិន​សូវ​មាន​បទ​ពិសោធ។ ច្បាស់​ណាស់ យើង​អាច​ទទួល​បាន​ការ​ណែនាំ​ពី​ពេទ្យ គួរ​ធ្វើ​បែប​នេះ ធ្វើ​បែប​នោះ ប៉ុន្តែ​យើង​ក៏​ត្រូវ​តែ​ដឹង​ច្បាស់​ពី​បញ្ហា​ដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​លើក​បញ្ហា​មួយ​ឲ្យ​គ្នា​យើង​បាន​ដឹង ពាក់​ព័ន្ធ​កង្វះ​ជាតិ​កាល់ស្យូម​លើ​ក្មេងៗ និង​វិធី​ដោះ​ស្រាយ។

    ១- អ្វី​ទៅ​ជា​កាល់ស្យូម?

    កាល់​ស្យូម មាន​អត្ថ​ប្រយោជន៍​ច្រើន​ដែល​រាង​កាយ​យើង​មិន​អាច​ខ្វះ​បាន។ វា​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​ទ្រ​ទ្រង់​រាង​កាយ​ឲ្យ​រឹង​មាំ ធ្វើ​ឲ្យ​ឆ្អឹង និង​ធ្មេញ​មាន​សុខ​ភាព​ល្អ ជា​សារធាតុ​បញ្ចេញ​អង់​ស៊ីម និង​អ័រម៉ូន ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​ និង​សាច់​ដុំ​​ដំណើរ​ការ​បាន​ល្អ។

    នៅ​ក្នុង​ខ្លួន​យើង​មាន​ផ្ទុក​ជាតិ​កាល់​ស្យូម​ជា​ច្រើន ក្នុង​នោះ​ប្រមាណ ៩០% នៃ​សារធាតុរ៉ែ​ដ៏​សំខាន់​មួយ​នេះ ស្តុក​នៅ​ក្នុង​ឆ្អឹង។ យើង​ក៏​អាច​ឃើញ​មាន​ជាតិ​កាល់​ស្យូម​នៅ​តាម​ជាលិកា សរីរាង្គ​ផ្សេង​ៗ និង​នៅ​តាម​ចរន្ត​ឈាម​ផងដែរ។

    ២- កង្វះ​ជាតិ​កាល់ស្យូម​ប៉ះ​ពាល់​អ្វី​ខ្លះ?

    កង្វះ​ជាតិ​កាល់​ស្យូម អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ឆ្អឹង ប៉ះ​ពាល់​ដល់​ការ​កន្ត្រាក់​សាច់​ដុំ និង​មាន​បញ្ហា​ជា​ច្រើន​ទៀត ទាក់​ទង​ជា​មួយ​ដំណើរ​ការ​កំណក​ឈាម និង​ប៉ះ​ពាល់ប្រព័ន្ធ​ប្រសាទ​ទៀត​ផង។ បើ​ឆ្អឹង​អូនៗ​​ខ្សោយ អាច​បណ្ដាល​មក​ពី​កង្វះ​សារធាតុ​រ៉ែ​នេះ​តែ​ម្តង នឹង​អាច​វិវត្ត​ទៅ​ជា​ខូច​រូប​រាង​របស់​ឆ្អឹង ដូច​ជា ជំងឺ​ពាក់​ព័ន្ធ​ឆ្អឹង ហៅ​ថា Rickets ជា​ដើម។

    កង្វះ​ជាតិ​កាល់​ស្យូម គឺ​ជា​បញ្ហា​ចម្បង​មួយឧស្សាហ៍​កើត​លើ​ក្មេងៗ​ជា​ច្រើន​ជុំ​វិញ​ពិភពលោក។ ការទទួល​បាន​ជាតិ​កាល់​ស្យូម​តិច​តួច និង​បញ្ហាបឺត​ស្រូប​ជាតិ​កាល់ស្យូម​នៅ​ក្នុង​ពោះ​វៀន​តូច ជា​កត្តា​ចម្បង​នាំ​ឲ្យ​អូនៗ​ខ្វះ​កាល់ស្យូម។ ករណី​មួយ​ចំនួន កង្វះ​ជាតិ​កាល់​ស្យូម​នៅ​លើ​ក្មេងៗ អាច​បណ្តាល​មក​ពី​ម៉ាក់ៗ​ផ្ទាល់ ដែល​មិន​មាន​ជាតិ​កាល់​ស្យូម​គ្រប់​គ្រាន់​អំឡុង​ពេល​ពពោះ។

    អត្ថបទ​ពាក់​ព័ន្ធ​៖

    ៣- រោគ​សញ្ញា​កង្វះ​ជាតិ​កាល់​ស្យូម

    រមួល​ក្រពើ​នៅ​តាម​សាច់​ដុំ ជា​សញ្ញា​ដំបូង​នៃ​បញ្ហា​មួយ​នេះ។ អូនៗ អាច​នឹង​រអ៊ូ​បញ្ហា​ឈឺ​សាច់​ដុំ ជា​ពិសេស​នៅ​តាម​ដើម​ដៃ នៅ​ក្លៀក និង​ភ្លៅ​នៅ​ពេល​គេ​កម្រើក​ម្តងៗ ឬ​ពេល​ចាប់​ផ្ដើម​ដើរ។

    បើ​អូនៗ​មាន​បញ្ហា​ដេក​មិន​លក់ ក៏​ប្រហែល​ជា​សញ្ញា​មួយ​ទៀត​នៃ​បញ្ហា​កង្វះ​ជាតិ​កាល់​ស្យូម​​នៅ​ក្នុង​រាងកាយ​ដូច​គ្នា។ មាន​ករណី​មួយ​ចំនួន ក្មេងៗ​ប្រហែល​ជា​គេង​លក់​ធម្មតា ប៉ុន្តែ​គេង​មិន​បាន​ស្ងប់ ឬ​គេង​មិន​ឆ្អែត ឬ​គេ​អាច​ភ្ញាក់​ញឹក​ញាប់​នៅ​ពេល​យប់។

    ក្មេងៗ​មាន​បញ្ហា​ខ្វះ​ជាតិ​កាល់​ស្យូម អាច​ធ្វើ​ឲ្យ​ការ​លូត​លាស់​ធ្មេញមិន​ប្រក្រតី ខណៈ​ក្រចក ក៏​ត្រូវ​ការ​ជាតិ​កាល់​ស្យូម​គ្រប់​គ្រាន់ ដើម្បី​លូត​លាស់ និង​មាន​សុខ​ភាព​ល្អ​ដូច​គ្នា។ មួយ​វិញ​ទៀត សញ្ញា​សំខាន់​យើង​គួរ​តាម​ដាន ពេល​អូនៗ​ខ្វះ​ជាតិ​កាល់​ស្យូម គឺ​ចុង​ក្រចក​អូនៗ​មិន​រឹង​មាំ មិន​ងាយ​ពេញ​វ័យ ពិសេស​ចំពោះ​ក្មេង​ស្រីដែលមិន​មាន​ជាតិ​កាល់​ស្យូម​គ្រប់​គ្រាន់។ ក្រៅ​ពី​មិន​ងាយ​ពេញ​វ័យ មីអូន ក៏​អាច​មាន​បញ្ហា​ជា​មួយ​វដ្ដ​រដូវ​ផង​ដែរ។

    ខ្វះជាតិកាល់ស្យូម ប្រយ័ត្នពុកឆ្អឹង Hello គ្រូពេទ្

    ៤- វិធី​ព្យាបាល​កង្វះ​ជាតិ​កាល់​ស្យូម

    មាន​វិធី​ជា​ច្រើន ដើម្បី​ព្យាបាល​បញ្ហា​កង្វះ​ជាតិ​កាល់​ស្យូម។ អាច​ឲ្យ​កូន​យើង​ញ៉ាំ​ថ្នាំ​បំប៉ន ដើម្បី​បង្គ្រប់​ជាតិ​កាល់​ស្យូម ដែល​រាង​កាយ​ត្រូវ​ការ​ជា​ចាំបាច់។

    ក្រៅ​ពី​នេះ ក៏​នៅ​មាន​វិធី​សាស្ត្រ​ធម្ម​ជាតិ ធ្វើ​ឲ្យ​ជាតិ​កាល់​ស្យូម​កើន​ឡើង សម្រាប់​ក្មេងៗ​កំពុង​លូត​លាស់ ដូច​ជា៖

    – គ្រប់​គ្រង​របប​អាហារ​អូនៗ​ឲ្យ​បាន​ល្អ។ ដោយ​សារ​តែ​ទឹក​ដោះ​គោសម្បូរ​ទៅ​ដោយ​ជាតិ​កាល់​ស្យូម យើង​អាច​ឲ្យ​អូនៗ​ផឹក​ទឹក​ដោះ​គោរាល់​ថ្ងៃ​បាន។

    – បន្លែ​បៃ​តង មាន ដើម​ភ្លៅ​កង្កែប កូន​ស្ពៃ និង​ស្លឹក​សណ្ដែក សុទ្ធ​តែ​មាន​ផ្ទុក​កាល់​ស្យូម​ជា​ច្រើន ហេតុនេះ​គួរ​ឲ្យ​កូន​យើងញ៉ាំ​បន្លែ​ទាំង​អស់​នោះ​ឲ្យ​បាន​ច្រើន។

    – គ្រាប់​ធញ្ញជាតិម្យ៉ាង ហៅថា Millet និងគ្រាប់​ល្ង ត្រូវ​គេ​រក​ឃើញ​ថា មាន​ផ្ទុក​ជាតិ​កាល់​ស្យូម​ជា​ច្រើន គួរ​​ណែ​នាំ​ឲ្យ​អូនៗ​ញ៉ាំ​ប្រភេទ​អាហារ​ទាំង​នេះ ឲ្យ​បាន​ច្រើន។

    – កុំ​ភ្លេច​ឲ្យ​អូនៗ​ឈរ​ហាល​ថ្ងៃ​ពេល​ព្រឹក ឲ្យ​បាន​យ៉ាង​តិច​មួយ​ម៉ោង​កន្លះ​ក្នុង​មួយ​ថ្ងៃ ដើម្បី​ផលិត​វីតាមីន D អាច​ជួយ​ឲ្យ​ខ្លួន​អូនៗ​សំយោគ​យក​ជាតិ​កាល់​ស្យូម​បាន។

    – គួរ​ឲ្យ​អូនៗ​ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ដូច​គ្នា ជា​ពិសេស​ផ្លែ​ឈើ មាន​ផ្ទុក​វីតាមីន C ច្រើន។

    ៥- រាងកាយ​ក្មេង​ត្រូវ​ការ​ជាតិ​កាល់ស្យូម​ប៉ុន្មាន​ទើប​គ្រប់​គ្រាន់?

    អ្នក​ជំនាញបាន​ណែ​នាំ​ឲ្យ​ក្មេងៗ​អាយុ​ចាប់​ពី ១-៣ ឆ្នាំ គួរ​​ទទួល​ជាតិ​កាល់​ស្យូម ឲ្យ​បាន​យ៉ាង​តិច ៧០០ ​មិល្លីក្រាម ជា​រៀង​រាល់​​ថ្ងៃ ហើយ​ក្មេង​អាយុ​ចាប់​ពី ៤-៨ ឆ្នាំ គួរ​​ទទួល​ជាតិ​កាល់​ស្យូម​យ៉ាង​តិច ១០០០​ មិល្លីក្រាម ជា​រៀង​រាល់​ថ្ងៃ ខណៈ​អាយុ​ចាប់​ពី ៩-១៨ ឆ្នាំ គួរ​ទទួល​បាន​យ៉ាង​តិច ១៣០០​ មិល្លីក្រាម ជា​រៀង​រាល់​​ថ្ងៃ។​

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Top 5 Signs of Deficiency of Calcium. http://www.newsmax.com/FastFeatures/deficiency-of-calcium-deficiency/2014/09/29/id/386529/. Accessed August 16, 2017

    Risks of Calcium Deficiency in Kids. http://www.indiaparenting.com/food-and-nutrition/56_6122/risks-of-calcium-deficiency-in-kids.html. Accessed August 16, 2017

    Calcium and Your Child. http://kidshealth.org/en/parents/calcium.html#. Accessed August 16, 2017

    Symptoms Of Calcium Deficiency In Children: Causes And Treatment. http://www.simple-remedies.com/childrens-health/calcium-deficiency-in-children.html. Accessed August 16, 2017

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ចាន់ សុខឡាង កែសម្រួល​ចុងក្រោយ 23/07/2020
    ត្រួតពិនិត្យដោយ គឹម កាណែល
    Next article: