ចំណីអាហារកាន់តែសម្បូរបែប ម៉ាក់ប៉ាច្បាស់ជាបំប៉នកូនគ្រប់មុខ ដើម្បីឲ្យពួកគេធំធាត់លឿន មានសុខភាពល្អ។ ដឹងហើយថា ម៉ាក់ប៉ាស្រលាញ់កូន ចង់ឲ្យកូនឆាប់ធំ ប៉ុន្តែការបំប៉នកូនហួសប្រមាណពេក ធ្វើឲ្យកូនទៅជាធាត់លើសគីឡូខ្លាំង បែរជារងនូវផលវិបាកទៅថ្ងៃក្រោយវិញ។
ពពួកអាហារផ្អែមៗ អាហារសម្បូរខ្លាញ់ Fast Food ញ៉ាំទៅធ្វើឲ្យក្មេងធាត់លឿន កាលណាក្មេងធាត់ខ្លាំង ទៅជាលើសទម្ងន់មិនល្អនោះទេ អាចមានជំងឺប្រចាំកាយមួយចំនួន នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ។
លោកវេជ្ជបណ្ឌិតថា ក្មេងដែលលើសទម្ងន់ខ្លាំង នៅពេលធំពេញវ័យ ឬចាស់ទៅ ងាយនឹងមានជំងឺលើសជាតិខ្លាញ់ ទឹកនោមផ្អែម មានបញ្ហាតម្រងនោម បញ្ហាបេះដូង សរសៃឈាមជាដើម។
ទោះបីជាបែបនេះក្តី ក្មេងខ្លះលើសទម្ងន់មិនមែនមកពីរបបអាហារតែមួយមុខនោះ អាចមកពី កត្តាតំណពូជ ឬឪពុកម្តាយមានជំងឺទឹកនោមផ្អែម។ ប្រសិនបើម៉ាក់ប៉ាសង្កេតឃើញកូនឡើងគីឡូខ្លាំង ចាំបាច់ត្រូវផ្លាស់ប្តូររបបអាហារ និងរកវិធីគ្រប់គ្រងការឡើងគីឡូរបស់កូន ដោយកាត់បន្ថយអាហារផ្អែម អាហារខ្លាញ់ ពិសេសជំរុញឲ្យញ៉ាំបន្លែផ្លែឈើច្រើន កុំញ៉ាំតែសាច់សុទ្ធ បើកូនធំបន្តិចត្រូវឲ្យកូនមានទម្លាប់់ហាត់ប្រាណ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕