backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

កត់ចំណាំ! មូលហេតុ និងសញ្ញារលាកស្រោមខួរក្បាលលើក្មេងតូចធំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 17, 2021

កត់ចំណាំ! មូលហេតុ និងសញ្ញារលាកស្រោមខួរក្បាលលើក្មេងតូចធំ

ដោយ​ហេតុ​ថា ប្រព័ន្ធ​ការពារ​ខ្លួន​កុមារ​នៅ​ខ្សោយ ឧស្សាហ៍​កើត​ជំងឺ​រលាក​បំពង់ក រលាក​សួត ធ្វើ​ឲ្យ​មេរោគ​ចូល​ទៅ​ដល់​ក្នុង​ឈាម ហើយ​ឡើង​ទៅ​ដល់​ស្រោម​ខួរក្បាល អាច​ធ្វើ​ឲ្យ​រលាក​ស្រោមខួរក្បាល។ ចំពោះ​ក្មេង​អាយុ​ចន្លោះ​ពី១ខែ ទៅដល់ ២ ឬ៣ឆ្នាំ ងាយ​ប្រឈម​នឹង​ជំងឺ​រលាក​ស្រោមខួរ។

តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេស​រោគ​កុមារ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា ភ្នំពេញ ក្មេង​តូច និង​ធំ ដែល​មាន​ជំងឺ​រលាក​ស្រោម​ខួរក្បាល​អាច​លេច​ចេញ​នូវ​រោគ​សញ្ញា​ដូច និង​ខុស​គ្នា​មួយ​ចំនួន។

រោគសញ្ញាជំងឺ​រលាក​ស្រោម​ខួរក្បាល​ក្មេងតូច៖

– ក្តៅ​ខ្លួន​ខ្លាំង

– ក្អួត​ញឹក​ញាប់

– រាក

– បង្ហើយ​ខាង​មុខ​ឡើង​ប៉ោង (ស្ទាប​ពេល​ក្មេង​អត់​យំ)

– ទន់ក

– យំវៀចមាត់

– ប្រកាច់

– ទន់ដៃទន់ជើង។

រោគសញ្ញាជំងឺ​រលាក​ស្រោម​ខួរក្បាល​ក្មេងធំ៖

– ក្តៅខ្លួន

– ឈឺក្បាលខ្លាំង

– ក្អួតញឹកញាប់

– ទល់លាមក

– ខ្លាចពន្លឺ

– រឹងក។

រលាកស្រោមខួរ

ប្រភេទជំងឺ​រលាក​ស្រោម​ខួរក្បាល​លើ​កុមារ

ក. ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​បណ្តាល​មក​ពី​វីរុស (វីរុសជំងឺអុតស្វាយ ស្រឡទែន …)

ខ. ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​បណ្តាល​មក​ពី​បាត់តេរី ដូចជា Streptococcus pneumoniae, Hib, meningococcus…. និង​មេរោគ​របេង

គ. ជំងឺ​រលាក​ស្រោម​ខួរក្បាល​បណ្តាល​មក​ពី​មេរោគ​ផ្សិត

ឃ. ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​បណ្តាល​មក​ពីប៉ារ៉ាស៊ីត

ង. ជំងឺ​រលាកស្រោម​ខួរក្បាល​មិន​មែន​បណ្តាល​មក​ពី​មេរោគ ៖

− កើត​មាន​ពេល​កុមារ​កើត​ជំងឺ​ផ្សេង​ទៀត ដូច​ជា​ជំងឺ Lupus

− ក្រោយ​ការ​ប៉ះ​ទង្គិច​ក្បាល មាន​ហូរ​ឈាម​ក្នុង​ខួរក្បាល ឬ​មាន​ដុះ​ដុំ​សាច់​ក្នុង​ខួរក្បាល

− បណ្តាល​មក​ពី​ការ​ប្រើ​ថ្នាំ ដូច​ជា​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក​ជា​ដើម។

បើតាម​លោក​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ ជំងឺ​រលាក​ស្រោម​ខួរក្បាល​បណ្តាល​មក​ពី​បាក់តេរី​ខ្លះ​អាច​ការពារ​បាន ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ ដែល​មាន​ក្នុង​កម្មវិធី​ជាតិ​ចាក់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល មាន​វ៉ាក់សាំង​ការពារ​ពី​មេរោគ​ភ្នើម៉ូកូក(Streptococcus pneumoniae និង មេរោគ​អេម៉ូហ្វីលីស (Hib) ដែល​ត្រូវ​ចាក់​នៅ​ពេល​ទារក​អាយុ ១ខែកន្លះ ២ខែកន្លះ និង៣ខែ​កន្លះ។

ក្នុង​ចំណោម​ជំងឺ​រលាក​ស្រោម​ខួរក្បាល​ទាំង៥ ប្រភេទ​នេះ លោក​វេជ្ជបណ្ឌិត​ថា ជំងឺ​រលាក​ស្រោម​ខួរក្បាល​បង្ក​ដោយ​ពពួក​វីរុស មិន​សូវ​ធ្ងន់ធ្ងរ​ដូច​បាក់​តេរី​ទេ។ ចំពោះ​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល អាស្រ័យ​ទៅ​លើ​ភាព​កាច​សាហាវ​របស់​មេរោគ ភាព​ខ្លាំង​នៃ​ប្រព័ន្ធ​ការពារ​ខ្លួន​របស់​កុមារ ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល​បាន​ទាន់​ពេល​វេលា។ ជំងឺ​រលាក​ស្រោម​ខួរក្បាល​អាច​ព្យាបាល​ជា ហើយ​បញ្ញា​ស្មារតី​ក្មេង​អាច​លូតលាស់​ដូច ឬ​យឺត​ជាង​ក្មេង​ធម្មតា។

ចំពោះ​ផល​វិបាក កុមារ​អាច​ប្រកាច់​ញឹក​ញាប់ សន្លប់ លែង​ដកដង្ហើម ករណី​ខ្លះ​ទៀត​ក​ខ្ទុះ​ទៅ​ជា​បូស​ក្នុង​ខួរក្បាលកុមារ​អាច​មាន​ពិការភាព (ទន់ ឬរឹង ដៃជើង ងងឹតភ្នែក ថ្លង់) លែង​ចេះ​និយាយ ស្ទះ​ការ​បង្ហូរ​ទឹក​ខួរ​ឆ្អឹង​ខ្នង ធ្វើឲ្យ​ដក់​ទឹក​ក្នុង​ខួរក្បាល នាំ​ឲ្យ​ក្បាល​រីកធំ។ ចំពោះ​ការ​វិវត្តន៍​នៃ​បញ្ញា​ស្មារតី អាច​ថយ​ចុះ ឬ​យឺត​ជាង​ក្មេង​ធម្មតា ហើយ​អាច​មាន​ជំងឺ​ស្កន់ (Epilepsy) ទៅ​ថ្ងៃ​ក្រោយ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 17, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម