backup og meta

វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 04, 2020

    វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?

    ជំងឺ​រលាក​ស្រោម​ខួរ​លើ​កុមារ​មាន​ដល់​ទៅ ៥ ប្រភេទ ក្នុង​នោះ​រួម​មាន​ជំងឺ​រលាក​ស្រោម​ខួរ​បណ្តាល​មក​ពី​វីរុស បាក់តេរី មេរោគផ្សិត ប៉ារ៉ាស៊ីត និង​ជំងឺ​រលាក​ស្រោម​ខួរ​មិន​មែន​បណ្តាល​មក​ពី​មេរោគ។ ដ្បិត​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​អាច​ព្យាបាល​ជា​សះ​ស្បើយ តែ​ក៏​អាច​បង្ក​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​ក្មេង​ដែរ ហើយ​ក្នុង​នោះ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​បណ្តាល​មក​ពី​បាក់​តេរី​ខ្លះ​អាច​ការពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ។

    ​ត្រូវ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​នៅ​ពេល​ណា​ខ្លះ?

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កម្មវិធីជាតិ​ចាក់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល មាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​ទៅ ៣ មុខ ឯណោះ ។

    ១. វ៉ាក់​សាំង​ការពារ​មេរោគ ភ្នើម៉ូកូក (Streptococcus pneumoniae)៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។

    ២. វ៉ាក់សាំងការពារ​មេរោគ​អេម៉ូហ្វីលីស (Hib)៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។

    ៣. វ៉ាក់សាំង​រលាក​ខួរក្បាល ជេអ៊ី៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ៩ ខែ។

    ដោយ​ឡែក ក្រោយ​ពេល​កូន​តូច​ចាក់​វ៉ាក់សាំង​រួច អ្នកគ្រូ​ពេទ្យ​ ពុំ ច័ន្ទ អនុ​ប្រធាន​មណ្ឌល​សុខភាព​ ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​ប្រាប់​ពី​វិធី​ថែទាំ​កន្លែង​ចាក់​វ៉ាក់សាំង​កូន ដើម្បី​ការពារ​កុំ​ឲ្យ​ហើម ឬ​​បង្ក​ទៅ​ជា​ខ្ទុះ​ដុំៗ ដូច​ខាង​ក្រោម​នេះ។

    – កុំ​ឆាប់​បកបង់​បិទ​កន្លែង​ចាក់​ថ្នាំ​ ព្រោះ​អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​ ហើយ​ក៏​មិន​គួរ​ទុក​យូរ​ពេក​ដែរ យ៉ាង​យូរ​កន្លះ​ម៉ោង​ក្រោយ​ចាក់​។

    – កុំ​យក​ដៃ​ទៅ​ស្ទាប​អង្អែល​កន្លែង​ចាក់​ថ្នាំ ព្រោះ​ធ្វើឲ្យ​មុខ​របួស​កាន់តែ​ហើម និង​បង្ក​ទៅ​ជា​ឆ្លង​មេរោគ​ដោយសារ​ដៃ​មិន​ស្អាត។

    – ហាម​យក​ប្រេង​កូឡា​ទៅ​លាប​កន្លែង​ចាក់​ថ្នាំ ព្រោះ​វា​មាន​សារធាតុ​ក្ដៅ​នាំ​ឲ្យ​មុខ​របួស​ទៅ​ជា​ហើម។

    – ថ្ម បាយ ឬ​ពងទា​ក្ដៅ ហាម​យក​ទៅ​ស្អំ​កន្លែង​ចាក់​ថ្នាំ។

    – អាច​យក​កៅអៀក​បញ្ចុះ​កម្ដៅ​បិទ​កន្លែង​ចាក់​ថ្នាំ​បាន ដើម្បី​កុំឲ្យ​មុខ​របួស​ឡើង​ហើម ឬ​ក្មេង​យក​ដៃ​ទៅ​ប៉ះ​ចុះ​ឡើង។

    – បើ​កន្លែង​ចាក់​ថ្នាំ​មាន​លេច​ចេញ​ដូច​ពង​បែក កុំ​ច្របាច់ កុំ​ជោះ ឬ​ធ្វើ​អ្វី​ឲ្យ​បែក​ពង​នោះ​ឲ្យ​សោះ ព្រោះ​អាច​​ឆ្លង​មេរោគ។

    – ប្រសិនបើ​មាន​ឆ្លង​មេរោគ​ក្លាយ​ជា​ដំបៅ​ហើយ ត្រូវ​ប្រញាប់​នាំ​កូន​តូច​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ភ្លាម ដើម្បី​ព្យាបាល​ជា​បន្ទាន់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម