ក្នុងចំណោមជំងឺឆ្លង និងមិនឆ្លង ជំងឺផ្លូវដង្ហើមលើកុមារនៅតែឈរលើលំដាប់ទី១ ក្នុងនោះមានដូចជារលាកបំពង់ក រលាកសួត រលាកច្រមុះជាដើម។ នេះបើតាមតួលេខកុមារឈឺដែលមកសម្រាក និងព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។
នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ថា ជំងឺផ្លូវដង្ហើមនៅតែឈរនៅលំដាប់ទី១ ដោយសារតែក្មេងមានប្រព័ន្ធភាពស៊ាំខ្សោយ បន្ទាប់មកទៀតមានជំងឺក្រពះ-ពោះវៀន ជំងឺគ្រុនឈាម និងជំងឺផ្សេងៗទៀត។ លោកថា បច្ចុប្បន្នមានក្មេងឈឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិចំនួនប្រមាណជាង ៤០០ នាក់។
១- មូលហេតុបង្កឲ្យមានជំងឺផ្លូវដង្ហើម
កុមារអាយុក្រោម ២ ឆ្នាំ ងាយនឹងមានជំងឺរលាកផ្លូវដង្ហើម។ ជំងឺនេះបណ្តាលមកពីពពួកវីរុស និងបាក់តេរីឆ្លងតាមរយៈផ្លូវដង្ហើម និងកត្តាអាកាសធាតុ។ ក្មេងៗដែលប្រឈមកើតជំងឺនេះមាន ក្មេងកើតមិនគ្រប់ខែ មិនគ្រប់គីឡូ មានប្រព័ន្ធការពារខ្សោយ ឬក្មេងដែលខ្វះអាហារូបត្ថម្ភ ពិសេសក្មេងដែលញ៉ាំទឹកគោម្សៅ។