ក្មេងមួយចំនួនតូចអាចមានជំងឺខ្សោយបញ្ញាពីកំណើត ដែលពាក្យបច្ចេកទេសពេទ្យហៅថា Down Syndrome ឯមួយចំនួនទៀតបែរជាជួបបញ្ហាខ្សោយបញ្ញាក្រោយពេលកើតទៅវិញ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ថា បញ្ហានេះអាចមកពីកត្តារួមផ្សំច្រើន ក្នុងនោះមានទាំងជំងឺ ការប៉ះទង្គិចក្បាល និងអាហារូបត្ថម្ភ។
ចំពោះជំងឺដែលកុមារជួបប្រទះក្នុងវ័យកុមារ ដែលអាចធ្វើឲ្យប៉ះទង្គិចដល់ខួរក្បាលក្មេង ជួនកាលទៅជាខ្សោយបញ្ញានោះរួមមាន ជំងឺរលាកស្រោមខួរ កញ្ជ្រឹល អុតស្វាយ ក្អកមាន់ជាដើម។
ងាកមកបញ្ហាការប៉ះទង្គិចក្បាលវិញ គឺសំដៅលើការប៉ះពាល់ក្បាលធ្ងន់ធ្ងរ ដូចជាដួលបោកក្បាលញឹកញាប់ គ្រោះថ្នាក់អីមួយដែលប៉ះពាល់ដល់ក្បាល និងសរសៃប្រសាទក្នុងក្បាល។ ក្រៅនោះមានករណីពុលសារធាតុសំណ និងបារ៉ត ក៏ធ្វើប៉ះពាល់ដល់ខួរក្បាល ទៅជាខ្សោយបញ្ញាដែរ។ ឯបញ្ហាកង្វះអាហារូបត្ថម្ភវិញ លោកវេជ្ជបណ្ឌិតថា ភាគច្រើនកើតលើក្មេងៗដែលមានឪពុកម្តាយក្រីក្រ ក្មេងកំព្រា ដែលញ៉ាំមិនបានគ្រប់គ្រាន់ ចំណីអាហារក៏ខ្វះជីវជាតិ ធ្វើឲ្យខួរក្បាលលូតលាស់យឺត។
ចំពោះដំណោះស្រាយបញ្ហាក្មេងខ្សោយបញ្ញាពេលកើតនេះ លោកវេជ្ជបណ្ឌិតណែនាំឲ្យម៉ាក់ប៉ានាំកូនទៅចាក់ថ្នាំបង្ការឲ្យបានគ្រប់មុខ ពិសេសជំងឺដែលអាចប៉ះពាល់ដល់ខួរក្បាល និងត្រូវថែទាំកុមារឲ្យបានល្អ កុំឲ្យប៉ះពាល់ទង្គិចក្បាលធ្ងន់ធ្ងរ ពិសេសត្រូវបំប៉នអាហារឲ្យបានគ្រប់មុខ។
[embed-health-tool-vaccination-tool]