ក្មេងលូតលាស់មិនល្អ មិនសូវឆ្លាត អាចមកពីមូលហេតុទាំងនេះ

    ក្មេងលូតលាស់មិនល្អ មិនសូវឆ្លាត អាចមកពីមូលហេតុទាំងនេះ

    ក្នុងការចិញ្ចឹមកូន ម៉ាក់ប៉ាគ្រប់រូបតែងតែប្រាថ្នាចង់ឲ្យកូនលូតលាស់ ធំធាត់ឡើងប្រកបដោយសុខភាពល្អ ចរិតឫកពាថ្លៃថ្នូរ និងប្រាជ្ញាឆ្លាតវៃ។ ប៉ុន្តែ អ្វីដែលម៉ាក់ប៉ាប្រាថ្នាអាចនឹងពិបាកទទួលបាន ព្រោះបើថ្លោះធ្លោយបន្តិច ក្មេងលូតលាស់មិនល្អ បញ្ញាក៏មិនវាងវៃ ពិសេសបើម៉ាក់ប៉ាមិនយកចិត្តទុកដាក់លើមូលហេតុ ៣ យ៉ាងធំៗ ខាងក្រោមនេះពេលចិញ្ចឹមកូន។

    ១. ក្រពះពោះវៀនដំណើរការមិនល្អ

    លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារពីប្រទេសកូរ៉េ និងបារាំង បានឲ្យដឹងថា ប្រសិនបើក្រពះ-ពោះវៀនក្មេងល្អ ធ្វើឲ្យការស្រូបយកពពួកសារធាតុមួយចំនួនដែលគេនិយមហៅថា micro-nutrient ដែលមានតួនាទីជួយដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់ក្មេងបានល្អ ជាហេតុបណ្ដាលឲ្យក្មេងលូតលាស់ខួរក្បាលបានប្រក្រតី។ នេះមានន័យថា បើសុខភាពក្រពះពោះវៀនអាអូនមិនល្អ ស្រូបយកសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ការអភិវឌ្ឍន៍ខួរក្បាលក៏មានភាពយឺតយាវតាមនឹងដែរ។

    អត្ថន័យពណ៌ និងរូបរាងលាមកទារក

    ២. ប្រព័ន្ធការពាររាងកាយខ្សោយ ងាកឈឺៗ

    បើអាអូនមានប្រព័ន្ធរាងកាយខ្សោយ មានន័យថា កូនងាយនឹងរងផលប៉ះពាល់ពីជំងឺផ្សេងៗ ពិសេសជំងឺកាចសាហាវអាចវាយលុកចូលទៅបង្កគ្រោះថ្នាក់ដល់សុខភាពអាអូន។ បន្ថែមពីលើនេះ ពេលកូនឈឺ ឬមិនស្រួលខ្លួន ម៉ាក់ប៉ាច្បាស់ជាពិបាកផ្ដល់ចំណីអាហារឲ្យកូន ជាហេតុបណ្ដាលឲ្យអាអូនទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ សម្រាប់រាងកាយ និងអភិវឌ្ឍន៍ខួរក្បាលកូនបានល្អ។

    ៣. ខ្វះអាហារូបត្ថម្ភ

    ដើម្បីលូតលាស់បានល្អ ទាំងរាងកាយ និងប្រាជ្ញា អាហារូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមកូនឲ្យមានសុខភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត។ យោងតាមខិតប័ណ្ណផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងអង្គការដៃគូបានឲ្យដឹងថា ក្មេងតូចៗដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ អាចទទួលរងគ្រោះថ្នាក់ច្រើនក្នុងរយៈពេលខ្លី និងរយៈពេលវែងដូចជា៖

    ផលប៉ះពាល់រយៈពេលខ្លី
    • ខ្សោយសតិបញ្ញា និងរៀនមិនពូកែ
    • មានជំងឺ

    ផលប៉ះពាល់រយៈពេលវែង
    • ការសិក្សារបស់ក្មេងមិនល្អ
    • ពេលធំឡើង គ្មានគំនិតច្នៃប្រឌិត និងរកប្រាក់ចំណូលបានតិច
    • ប្រឈមមុខខ្ពស់ជាមួយ ជំងឺរ៉ាំរ៉ៃដូចជា ទឹកនោមផ្អែម និងបញ្ហាមុខងារសរសៃឈាមបេះដូង។

    ក្មេងលូតលាស់មិនល្អ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 31/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត