ស្របពេលចំណីអាហារសម្បូរបែប ពិសេសក្មេងៗចូលចិត្តពពួកអាហារ Fast food ចំណីអាហារផ្អែមៗទៀតនោះ ម៉ាក់ប៉ាមួយចំនួនឲ្យកូនញ៉ាំតាមចិត្ត ធ្វើឲ្យកូនទៅជាធាត់លើសទម្ងន់។ បញ្ហានេះ នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានលើកឡើងថា ដឹងហើយថា ម៉ាក់ប៉ាស្រលាញ់កូន ចង់ឲ្យកូនឆាប់ធំ ប៉ុន្តែការបំប៉នកូនហួសប្រមាណ ពេកក៏ធ្វើឲ្យកូនទៅជាធាត់លើសគីឡូខ្លាំង បែរជារងនូវផលវិបាកទៅថ្ងៃក្រោយវិញ។
លោកវេជ្ជបណ្ឌិតថា ពពួកអាហារផ្អែមៗ អាហារសម្បូរខ្លាញ់ Fast Food ញ៉ាំទៅធ្វើឲ្យក្មេងធាត់លឿន កាលណាក្មេងធាត់ខ្លាំង ទៅជាលើសទម្ងន់មិនល្អនោះទេ អាចមានជំងឺប្រចាំកាយមួយចំនួន។ ក្មេងដែលលើសទម្ងន់ នៅពេលធំពេញវ័យ ឬចាស់ទៅ ងាយនឹងមានជំងឺលើសជាតិខ្លាញ់ ទឹកនោមផ្អែម មានបញ្ហាតម្រងនោម បញ្ហាបេះដូង សរសៃឈាមជាដើម។
គណនាទម្ងន់កូននៅទីនេះ
ទោះបីជាបែបនេះក្តី ក្មេងខ្លះលើសទម្ងន់មិនមែនមកពីរបបអាហារតែមួយមុខនោះ អាចមកពី កត្តាតំណពូជ ឬឪពុកម្តាយមានជំងឺទឹកនោមផ្អែម។ ប្រសិនបើម៉ាក់ប៉ាសង្កេតឃើញកូនឡើងគីឡូខ្លាំង ចាំបាច់ត្រូវផ្លាស់ប្តូររបបអាហារ និងរកវិធីគ្រប់គ្រងការឡើងគីឡូរបស់កូន ដោយកាត់បន្ថយអាហារផ្អែម អាហារខ្លាញ់ ពិសេសជំរុញឲ្យញ៉ាំបន្លែផ្លែឈើច្រើន កុំញ៉ាំតែសាច់សុទ្ធ បើកូនធំបន្តិចត្រូវឲ្យកូនមានទម្លាប់់ហាត់ប្រាណ។
![ក្មេងធាត់លើសទម្ងន់](https://cdn.hellokrupet.com/wp-content/uploads/2021/08/14e028a9-.jpg)