backup og meta

ឲ្យ​កូន​ញ៉ាំអាហារផ្អែមច្រើន​មិនត្រឹមតែពុកធ្មេញ និងមានជំងឺធាត់ទេ នៅមានបញ្ហាផ្សេងទៀត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 02, 2020

    ឲ្យ​កូន​ញ៉ាំអាហារផ្អែមច្រើន​មិនត្រឹមតែពុកធ្មេញ និងមានជំងឺធាត់ទេ នៅមានបញ្ហាផ្សេងទៀត

    ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​មាន​ទម្លាប់​ឲ្យ​កូន​ញ៉ាំ​ស្ករគ្រាប់ ឬ​របស់​មាន​ជាតិ​ស្ករ​ផ្សេងៗ​ដើម្បី​ជា​រង្វាន់​ដល់​កូន ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​អាច​បង្ក​ជា​ការ​ព្រួយ​បារម្ភ​មួយ​ប្រសិនជា​ក្មេង​ញ៉ាំ​ស្ករ​ច្រើន​ពេក។ ការ​ញ៉ាំ​ស្ករ​ច្រើន​ពេក​អាច​ប៉ះពាល់​ដល់​សុខភាព។

    ការ​ញ៉ាំ​ស្ករ​ច្រើន​អាច​វិវត្ត​ទៅ​ជា​ការ​ញៀន​នឹង​របស់​ផ្អែម​។ ដូចនេះ​ហើយ​ម៉ាក់ប៉ា​គួរ​យក​ចិត្ត​ទុកដាក់​លើ​កូន​ដែល​មាន​អាការៈ​ខុស​ពី​ធម្មតា​នៅ​ពេល​ពួកគេ​មិន​បាន​ញ៉ាំ​របស់​ផ្អែម​ក្នុង​រយៈពេល​មួយ ឬ​ពីរ​ថ្ងៃ។ អាការៈ​ខុសប្លែក​នេះ​មាន​ដូចជា​​អារម្មណ៍​​ឡើង​ចុះ​ ឆេវឆាវ​ អាការៈញ័រ ឬ​ផ្លាស់ប្ដូរ​កម្រិត​នៃ​ការ​ធ្វើ​សកម្មភាព​របស់​ពួកគេ​ដោយ​ក្មេង​ខ្លះ​អាច​នឹង​សកម្ម​ខ្លាំង រីឯ​ក្មេង​ខ្លះ​ទៀត​មាន​ភាព​ស្ពឹក​​ស្រពន់​​ជាង​​មុន​។ ក្រៅ​ពី​នេះ ការ​ញ៉ាំ​ស្ករ​ច្រើន​ក៏​អាច​បង្ក​ជំងឺ​ធាត់ កង្វះ​អាហារូបត្ថម្ភ និង​ពុក​ធ្មេញ​ជាដើម។

    ម៉ាក់ប៉ា​គ្រប់រូប​អាច​ដឹង​ហើយ​ថា​ការ​ញ៉ាំ​ស្ករ​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​ក្មេង​ឡើង​ទម្ងន់​បាន ហើយ​ម៉ាក់​ប៉ា​អាច​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ថា​ទោះ​ក្មេង​ដែល​លើស​ទម្ងន់​ក៏​អាច​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ដែរ។ កង្វះ​អាហារូបត្ថម្ភ​មិន​បាន​មាន​ន័យ​ថា​ក្មេង​មិន​ទទួល​អាហារ​គ្រប់គ្រាន់​ទេ។ តាមពិត​ទៅ​នេះ​មក​ពី​ក្មេង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់ ឬ​ញ៉ាំ​អាហារូបត្ថម្ភ​ណាមួយ​ច្រើន​ជ្រុល​ដូចជា​ស្ករ​ជាដើម។

    ទោះបីជា​ក្មេង​ទទួល​បាន​ថាមពល​គ្រប់គ្រាន់​ពី​ស្ករ ប៉ុន្តែ​ពួកគេ​នៅ​តែ​ត្រូវការ​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ វីតាមីន និង​ជាតិ​រ៉ែ​ផ្សេង​ទៀត​​ដូចជា​កាល់ស្យូម និង​ជាតិ​ដែក។ កាល់ស្យូម និង​ជាតិ​ដែក​សុទ្ធ​តែ​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​សម្រាប់​ការ​លូតលាស់​របស់​ក្មេង​ព្រោះ​ក្មេង​មិន​មាន​ស្តុក​សារធាតុ​ទាំង​នេះ​ដូច​មនុស្ស​ពេញ​វ័យ​ទេ។ ម៉្យាងទៀត ក្មេង​ត្រូវការ​សារធាតុ​ទាំង​ពីរ​នេះ​ដើម្បី​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង ហើយ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ គឺ​មិន​មាន​ជាតិ​រ៉ែ​ទាំង​នេះ​គ្រប់គ្រាន់​ទេ។

    បញ្ហា​មួយ​ទៀត​ដែល​បង្ក​ដោយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ច្រើន​គឺ​ពុក​ធ្មេញ។ បញ្ហា​ពុក​ធ្មេញ​អាច​បង្ក​ការ​ឈឺចាប់។ ប្រសិនជា​មិន​បាន​ទទួល​ការ​ព្យាបាល​អាច​នឹង​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ។ ខណៈ​ការ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ដូចជា​ការ​ដុសធ្មេញ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ និង​ទៅ​ពិនិត្យ​ជា​ប្រចាំ​អាច​ជួយ​បង្ការ​បញ្ហា​ពុក​ធ្មេញ​បាន។ ប៉ុន្តែ​ការ​ញ៉ាំ​ស្ករគ្រាប់ និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​រាល់​ថ្ងៃ​អាច​​បង្កើន​ហានិភ័យ​​នៃ​​ការ​វិវត្ត​​បញ្ហា​ពុក​ធ្មេញ និង​ជំងឺ​អញ្ចាញ​ធ្មេញ។​

    ហេតុ​នេះ​ហើយ ម៉ាក់ប៉ា​យកល្អ​គួរ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ដែល​កូន​ញ៉ាំ​ដើម្បី​បង្ការ​បញ្ហា​ទាំង​នេះ ទោះបីជា​ការ​ឲ្យ​ស្ករគ្រាប់​ជា​រង្វាន់​​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រដៅ​កូន​ក៏​ដោយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម