រឿងម៉ាក់ប៉ាមិនចាប់អារម្មណ៍ តែជាមូលហេតុនាំឲ្យកូនរលាកត្រចៀកខាងក្រៅ

    រឿងម៉ាក់ប៉ាមិនចាប់អារម្មណ៍ តែជាមូលហេតុនាំឲ្យកូនរលាកត្រចៀកខាងក្រៅ

    ការ​រលាក​ត្រចៀក​របស់​កូន​តូច ភាគច្រើន​យើង​ដឹង​ត្រឹម​ថា​មាន​ការ​ប៉ះពាល់ ឬ​មាន​ទឹក​ចូល​ទៅ​ក្នុង​ត្រចៀក​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ក្រៅពីបញ្ហា​ទឹក​ចូល​ត្រចៀក ឬ​ការ​ឆ្កឹះឆ្កៀល ត្បារ ម៉ាក់ប៉ា​នៅមានមូលហេតុជាច្រើនទៀត ហើយ​មូលហេតុ​ដូច​ខាងក្រោម​ទាំងអស់នេះ ភាគច្រើន​ប៉ាក់ប៉ាមិនបាន​ចាប់អារម្មណ៍ទេ។

    – ទឹកចូលត្រចៀក
    – រលាក​បំពង់ក ក្អក​ផ្ដាសាយ​ញឹកញាប់
    – ឧស្សាហ៍​អេះ​ត្រចៀក ជាពិសេស​បើ​ក្រចក​ដៃ​កូន​វែង​ៗ
    – កង្វះអនាម័យ និង​កត្តា​ផ្សេង​ៗ​ទៀត

    ចំពោះ​រោគ​សញ្ញា​វិញ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​បញ្ជាក់​ថា អាច​នាំឲ្យ​អាច​មាន​ខ្ទុះ (ពេល​មាន​ខ្ទុះ​ត្រូវ​ប្រញាប់​យក​កូន​មក​ពេទ្យ ចៀសវាង​រលាក​ដល់​ក្រដាស​ត្រចៀក​ខាង​ក្នុង អាច​ប៉ះ​ពាល់​ដល់​ការ​ស្ដាប់) ឬ​មាន​ក្រហម ហើម រមាស់ ឈឺ ក្តៅខ្លួន អាច​មាន​ហើម​កូន​កណ្តុរ​នៅ​ជុំវិញ​ត្រចៀក និង​ក។

    ចំណែក​ការព្យាបាល​វិញ​មាន​ដូចជា៖

    – ត្រូវ​សម្អាត​ខ្ទុះ​ឲ្យ​ស្អាត​បើ​មាន និង​សម្អាត​ដល់​ខាង​ក្នុង ចៀសវាង​រលាក​ត្រចៀក​ក្នុង​ទៀត
    – បើ​ ក​ខ្ទុះ​ខ្លាំង​មិន​មាន​មុខ ត្រូវ​បង្ហូរ​ខ្ទុះ​ចេញ (ហាម​មិន​ឲ្យ​ខ្ទុះ​ហូរ​ចូល​ក្នុង)
    – ប្រើ​ថ្នាំ​តាម​ស្ថានភាព​ជាក់ស្ដែង។

    វិធី​ការពារ​កូន​មិន​ឲ្យ​កើត​ជំងឺ​រលាក​ត្រចៀក ម៉ាក់ប៉ា​ត្រូវ​តែ៖

    – ហាម​ត្បារ​ត្រចៀក​កូន​ញឹកញាប់ ជ្រៅៗ
    – ហាម​ខ្វារ​អាចម៍​ត្រចៀក​កូន
    – កាត់​ក្រចក​ដៃ​កូន​ឲ្យ​បាន​ទៀងទាត់
    – ហាម​យក​ស្លាប​មាន់ ឬ​របស់​រឹង​ទៅ​ឆ្កឹះ ឬ​ត្បារ
    – ការពារ​ទឹក​កុំឲ្យ​ចូល​ត្រចៀក
    – រស់នៅ​មាន​អនាម័យ
    – ពេល​ឈឺ ឬ​មាន​បញ្ហា​សូម​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ចៀសវាង​យក​អ្វី​ទៅ​លូក ឬ​បន្តក់​ទឹក​មិន​ស្អាត​ចូល។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 13/07/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត