គួរយកកូនទៅចាក់វ៉ាក់សាំងឆ្កែឆ្កួតមុន ឬក្រោយពេលសត្វខាំ?

    គួរយកកូនទៅចាក់វ៉ាក់សាំងឆ្កែឆ្កួតមុន ឬក្រោយពេលសត្វខាំ?

    ការ​ចាក់​វ៉ាក់សាំង​ឆ្កែឆ្កួត​ពិតជា​សំខាន់​ខ្លាំង​ណាស់ ជា​ពិសេស​សម្រាប់​កុមារ​តូច​ៗ ព្រោះ​ពេល​ខ្លះ​សត្វ​ចិញ្ចឹម​នៅ​ផ្ទះ​នៅ​បាន​ប្រឡែង​លេង ហើយ​ឆ្កូត​ដោយ​ធ្មេញ ឬ​ក្រចក ដែល​នាំឲ្យ​មាន​គ្រោះថ្នាក់។

    វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​នេះ គួរតែ​ចាក់​មុន​ពេល​មាន​របួស ទើប​ល្អ។ ជំងឺ​នេះ​មិន​មាន​វិធី​ព្យាបាល​​ឲ្យ​ជា​នោះ​ទេ នៅ​ពេល​លេច​រោគ​សញ្ញា​ជំងឺ​ឆ្កែ​ឆ្កួត​ហើយ ដោយ​នោះ​មាន​ន័យ​ថា​ជា​ការ​យឺត​ពេល​ទៅ​ហើយ។ ប៉ុន្តែ​ជា​សំណាង​ល្អ​មាន​វិធី​ទប់​ស្កាត់​ជំងឺ​ឆ្កែឆ្កួត​នេះ បាន​ដោយ​ការ​ចាក់​ថ្នាំ​បង្ការ ដែល​មាន​ប្រសិទ្ធភាព​រយៈ​ពេល​៥​ឆ្នាំ។ តាម​គោលការណ៍​ រាល់​គ្រប់​​ថ្នាំ​បង្ការ សុទ្ធ​តែ​ត្រូវ​បាន​គេ​ចាក់​វា នៅ​ពេល​មុន​ឈឺ មែន​ហើយ​។

    វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ប្រទេស​យើង​មិន​សូវ​ជា​មាន​អ្នក​ចាក់​វ៉ាក់សាំង​ឆ្កែឆ្កួត​នេះ​មុន​ដូច​នៅ​បរទេស​ឡើយ។ ការ​ចាក់​ថ្នាំ​បង្ការ ត្រូវ​ធ្វើ​​ចំនួន ៣ ដង ក្នុង​ចន្លោះ​ពេល​មួយ​ខែ (០-៣-៧) គិត​ពី​ថ្ងៃ​ចាក់​លើក​ទី​មួយ។ មានន័យថា ចាក់លើកដំបូងនៅថ្ងៃសូន្យ ចាក់លើកទី២ បីថ្ងៃក្រោយចាក់លើកទី១ និង ចាក់លើកទី៣ ប្រាំពីរថ្ងៃក្រោយចាក់លើកទី២ ។

    បើ​មាន​ករណី​សត្វ​ឆ្កែ​ខាំ​ហើយ​នោះ ត្រូវ​ចាក់​បន្ថែម ២ ដង​ទៀត។ មិនត្រឹមតែ​សត្វឆ្កែខាំ ឬក្រញ៉ៅឡើយ ពេល​មាន​សត្វ​ ឆ្មា ស្វា ប្រចៀវ ខាំក៏គេចាក់ប្រភេទនេះ​ដូចគ្នា។

    ជា​ទូទៅ​ក្រុម​គ្រូពេទ្យ​មិន​ណែនាំ​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​នាំ​គ្នា​ទៅ​ចាក់​ថ្នាំ​បង្ការ​ទុក​ជា​មុន​ទេ លើក​លែង​តែ​អ្នក​មាន​សត្វ​ចិញ្ចឹម ហើយ​សត្វ​ចិញ្ចឹម​នេះ​ទៀត​សោត ក៏​គេ​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​បង្ការ​ផ្សេង​ៗ។ ការ​នាំ​សត្វ​ចិញ្ចឹម​ទៅ​ជួប​ពេទ្យ​ទៀងទាត់​ពិតជា​ជួយ​បង្ការ​ជំងឺ​មួយ​ចំនួន​ពី​សត្វ​មក​មនុស្ស​ទៀត​ផង។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ 14/09/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម