backup og meta

សញ្ញា​ទាំង​៥​ បញ្ជាក់​ថា​កុមារ​មានបញ្ហា​ប្លោក​នោម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 12, 2021

សញ្ញា​ទាំង​៥​ បញ្ជាក់​ថា​កុមារ​មានបញ្ហា​ប្លោក​នោម

នៅ​ពេល​ដែល​ក្មេង​អាយុ​ចាប់​ពី​៤​ឆ្នាំ​ឡើង នោម​ញឹកញាប់​នៅ​ពេល​ថ្ងៃ​ ពួក​គេ​អាច​នឹង​មាន​បញ្ហា​ពិបាក​នោម​ ។​ បញ្ហា​នេះ​កើត​មាន​ឡើង​ជា​ទូទៅ​ និង​អាច​​បណ្ដាល​មក​ពី​ការ​ទប់​នោម​ លេច​​នោម​ ឬ​ហៀរ​នោម​មិន​ឈប់​​ជាដើម​។​ ពិត​ណាស់​ អាការៈ​ពិបាក​នោម​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​កុមារ​ទាំង​​រាងកាយ​ និង​ផ្លូវ​ចិត្ត​ផង​ដែរ​ ហើយ​ប្រសិនបើ​ពុំ​មាន​ការ​ព្យាបាល​ទេ​នោះ​ វា​អាច​បណ្ដាល​ឲ្យ​ក្មេង​ខូច​តម្រង​នោម​ជា​រៀង​រហូត​​ទៅ​ថ្ងៃ​ក្រោយ​បាន​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​សង្កេត​មើល​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​ ក្មេង​កំពុង​តែ​ជួប​បញ្ហា​ពិបាក​នោម​​ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ព្យាបាល​បាន​ទាន់​ពេលវេលា​។

. មាន​អារម្មណ៍​ចង់​នោម​​ជាប់​ជានិច្ច​ ទោះ​បី​ជា​ប្លោក​នោម​មិន​ទាន់​ពេញ​​​​​

កុមារ​ដែល​មាន​ប្លោក​នោម​សកម្ម​ជ្រុល ​អាច​មាន​អារម្មណ៍​​លេច​​នោម​មិន​ឈប់​​ ដែល​តម្រូវ​ឲ្យ​ពួក​គេ​​​ត្រូវ​ចូល​បន្ទប់​ទឹក​ជា​រៀងរាល់​ម៉ោង​ ឬ​ច្រើន​ជាង​នេះ​។​ ភាគ​ច្រើន​ ក្មេង​​ដែល​មាន​បញ្ហា​នេះ​ នឹង​រាន់​នោម​ជាប់​ជា​ប្រចាំ​​ ហើយ​ខ្លះ​ទៀត​អាច​វិវត្ត​ទៅ​ជា​ជំងឺ​រលាក​ផ្លូវទឹកនោម។​ អាការៈ ប្លោក​នោម​សកម្ម​ជ្រុល​នេះ​ ត្រូវ​ធ្វើការ​ព្យាបាល​វិបត្តិ​​អាកប្បកិរិយា ហើយ​ពេល​ខ្លះ​ក៏​​តម្រូវ​ឲ្យ​ប្រើប្រាស់​ថ្នាំ​ ​ដើម្បី​កាត់បន្ថយ​អារម្មណ៍​ចង់​​នោម​នេះ​ដែរ​។

. ប្លោក​នោម​នៅ​តែ​ពេញ​ ទោះ​បី​នោម​រួច

ជាមួយ​គ្នា​នេះ​ដែរ​ សាច់ដុំ​ដែល​គ្រប់គ្រង​លំហូរ​ទឹក​នោម​ចេញ​ពី​រាងកាយ​ មិន​សម្រាក​ទាំង​ស្រុង​ឡើយ​​ ហើយ​ប្លោក​នោម​ក៏​មិន​អាច​បញ្ចេញ​ទឹក​នោម​អស់​ទាំង​ស្រុង​ដែរ។​ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​កើត​មាន​រោគសញ្ញា​ជាច្រើន​ដូចជា​លេច​នោម​ដាក់​ខោ​ នៅ​ពេល​ថ្ងៃ​ និង​ពេល​យប់​ ប្លោក​នោម​ពេញ​រហូត​ និង​រាន់​នោម​​​។​ ចំពោះ​កុមារ​ដែល​ប្រឈម​នឹង​ស្ថានភាព​នេះ​ ​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការបង្ករោគនៅតម្រង​នោម។

. នោម​តិច​ជាង​៣​ដង​ក្នុង​មួយ​ថ្ងៃ

ចំពោះ​កុមារ​ដែល​មាន​ប្លោក​នោម​អសកម្ម​ជ្រុល​ អាច​​ទ្រាំ​បាន​៦​ ទៅ​៨​ម៉ោង​ដោយ​មិន​នោម​សោះ​។​​ នៅ​ពេល​ខ្លះ​ ក្មេង​ទាំង​នេះ​ត្រូវ​​ប្រឹង​នោម​ ពីព្រោះ​សាច់ដុំ​ប្លោក​នោម​ក្លាយ​ទៅ​ជា​ខ្សោយ​​ដោយ​សារ​តែ​លាត​សន្ធឹង​​ជ្រុល​ពេក​ ហើយ​មិន​អាច​ឆ្លើយតប​ទៅ​នឹង​សញ្ញា​របស់​ខួរ​ក្បាល​អំពី​ពេល​វេលា​ដែល​ត្រូវ​នោម​បាន​។​ ការ​លេច​នោម​ដាក់​ខោ​ នៅ​ពេល​ដែល​ប្លោក​នោម​អសកម្ម​ជ្រុល​ បណ្ដាល​មក​ពី​ប្លោក​នោម​​ពេញ​ពេក​ និង​ហៀរ​ចេញ​។​ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​​ទៅ​នោម​រៀងរាល់​ពីរ​បី​ម៉ោង​ម្ដង​ ទោះបី​ជា​ពួក​គេ​មិន​ឈឺ​នោម​ក៏​ដោយ​ ពីព្រោះ​វា​អាច​ជួយ​ឲ្យ​ប្លោក​នោម​របស់​ក្មេង​មិន​លាត​សន្ធឹង​ជ្រុល​ ព្រម​ទាំង​អាច​​​ជួយ​ជួសជុល​សាច់ដុំ​របស់​ក្មេង​ឡើង​វិញ​ផង​ដែរ​។

នោមដាក់ខោ២

. ទល់​លាមក​ញឹកញាប់​ និង​លេច​នោម​នៅ​ពេល​ថ្ងៃ​

​​​​ភាគ​ច្រើន កុមារ​ដែល​មាន​បញ្ហា​ពិបាក​នោម​ ច្រើន​តែ​កើត​មាន​អាការៈ​ទល់​លាមក​ ឬ​​​​ពោះវៀន​មិន​ដំណើរការ។​ នៅ​ក្នុង​ករណី​ជាច្រើន​ នៅ​ពេល​ដែល​ការ​ទល់​លាមក​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​​ រោគ​សញ្ញា​នៃ​ប្លោក​នោម​របស់​ក្មេង​ក៏​នឹង​ប្រសើរ​ឡើង​វិញ​ដូច​គ្នា​ដែរ​។

. នោម​ដាក់​ពូក​នៅ​ពេល​យប់​ និង​មាន​​លេច​លាមក​ 

បន្ថែម​ពី​នេះ​ ​ការ​នោម​ដាក់​ពូក​នៅ​ពេល​យប់​ អាច​បញ្ជាក់​បាន​ថា​កុមារ​​មាន​សរីរាង្គ​របស់ប្រព័ន្ធទឹកនោមខុស​ប្រក្រតី ហើយ​ពួក​គេ​អាច​មាន​លេច​លាមក​ថែម​ទៀត​ផង​។​ នៅ​ពេល​ដែល​សញ្ញា​ទៅ​កាន់​ប្លោក​នោម​ត្រូវ​បាន​រាំង​ស្ទះ​ សរសៃ​ប្រសាទ​ដូច​គ្នា​ដែល​គ្រប់គ្រង​ការ​បន្ទោរ​បង់​ ក៏​អាច​រង​ការ​ប៉ះពាល់​ ដែល​ធ្វើ​ឲ្យ​ក្មេង​ពិបាក​ក្នុង​ការ​ទប់​លាមក​។​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 12, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម