៤- ហូរឈាមនៅក្រោមថ្នក់ត្របកភ្នែក (ភ្នែកហូរឈាម)
នេះជាស្ថានភាពមួយផ្សេងទៀត អមមកជាមួយអាការៈភ្នែកជាំ សំដៅលើការជាំមានពណ៌ក្រហមច្រាល រាងអណ្តាតភ្លើងនៅលើផ្នែកពណ៌សរបស់គ្រាប់ភ្នែក ដែលភាសាបច្ចេកទេសហៅថា Sclera។ ហូរឈាមក្រោមថ្នក់ត្របកភ្នែក បង្កឡើងដោយសរសៃឈាមបែក ស្ថិតនៅចន្លោះរវាងថ្នក់ត្របកភ្នែក និងផ្នែកសរបស់គ្រាប់ភ្នែក។ ផ្ទុយទៅភិនភាគខាងក្រៅមើលទៅធ្ងន់ធ្ងរ ស្ថានភាពនេះ មិនទាមទារការព្យាបាលបែបវេជ្ជសាស្ត្រទេ ហើយតាមធម្មតា នឹងបាត់ទៅវិញដោយឯកឯងប្រមាណ ២-៣ សប្តាហ៍បន្ទាប់។
៥- រលាកដោយជាតិគីមី (សារធាតុកាត់នៅក្នុងភ្នែក)
សារធាតុអាស៊ីដ អាចបង្កការឈឺចាប់ និងក្រហមដ៏ខ្លាំងក្នុងភ្នែក។ សារធាតុអាល់កាឡាំង ថ្វីបើមិនបណ្តាលឲ្យមានការរោលរាលក្រហាយភ្នែកក្តី ប៉ុន្តែអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងជាងនេះ។ សារធាតុអាល់កាឡាំង ឧស្សាហ៍ប្រទះជាញឹកញាប់ រួមមានផលិតផលសម្អាតផ្ទះ និងកម្ទេចដីស។
អត្ថបទពាក់ព័ន្ធ៖
គួរធ្វើម៉េចពេលកូនមានរបួសភ្នែក?
ការព្យាបាល អាស្រ័យលើប្រភេទរបួសភ្នែក អ្វីសំខាន់បំផុត ត្រូវស្វះស្វែងរកការព្យាបាលបន្ទាន់សម្រាប់កូន ក្រោយពីអនុវត្តវិធីសង្គ្រោះបឋមដូចខាងក្រោម៖
– បើភ្នែកកោសរលាត់ ឬមានវត្ថុចម្លែកពីក្រៅ កប់នៅខាងក្នុង ប្រាប់ក្មេងឲ្យរក្សាភ្នែកដោយបិទឲ្យជិត ហើយចងភ្ជាប់ស្បៃពីលើ។ កុំបាំងគ្របតំបន់ដែលរងរបួសតឹងពេក ដោយសារតំបន់ងងឹត ក្តៅឧណ្ហៗ និងមានសំណើម អាចធ្វើឲ្យបាក់តេរី និងផ្សិត ងាយលូតលាស់ បណ្តាលឲ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ត្រឹមរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ។
– កុំព្យាយាមយកអ្វីមួយចេញពីភ្នែកក្មេង ឬញីភ្នែក ដែលសុទ្ធជាការដាក់សម្ពាធបន្ថែមលើរបួស កាន់តែវត្ថុនោះរុញចូលទៅជ្រៅក្នុងភ្នែកប៉ុណ្ណោះ ជាហេតុអាចបណ្តាលឲ្យមានស្លាកស្នាមធ្ងន់ធ្ងរ និងរបួសមិនងាយជា។
– កុំឲ្យកូនតក់ស្លុត ហើយបើអាច គ្របភ្នែកទាំងពីរ ដើម្បីបង្ការចលនាភ្នែក។
– បើកូនត្រូវធាតុគីមីជះសាចចូលក្នុងភ្នែក សូមដាក់ក្បាលកូននៅក្រោមចរន្តលំហូរទឹក (ទឹកគួរតែត្រជាក់ ឬសីតុណ្ហភាពធម្មតាតែប៉ុណ្ណោះ) ឲ្យបានប្រហែល ១០ នាទី។ ប្រាប់កូន ឬសុំនរណាម្នាក់ជួយបើកចំហភ្នែកក្មេង បែបនេះសារធាតុគីមី អាចត្រូវបានលាងជម្រះចេញបានច្រើន។ រាល់គ្រប់របួសភ្នែកទាំងអស់ បង្កឡើងដោយការប៉ះពាល់ជាតិគីមី ត្រូវតែពិនិត្យដោយពេទ្យភ្នែក លឿនបំផុតតាមដែលអាចធ្វើទៅបាន បន្ទាប់ពីបាញ់ទឹកលាងជម្រះរួច។ បើអាច សូមយកសម្បកផ្ទុកនៃសារធាតុនោះទៅជាមួយ ឬថតយករូបភាពធាតុផ្សំវា ដើម្បីជួយពេទ្យងាយធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានត្រឹមត្រូវ។