backup og meta

កូនឈឺភ្នែក នេះជាវិធីដោះស្រាយភ្លាមៗសម្រាប់ប៉ាមាក់អនុវត្ត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Mar 24, 2021

    កូនឈឺភ្នែក នេះជាវិធីដោះស្រាយភ្លាមៗសម្រាប់ប៉ាមាក់អនុវត្ត

    ភ្នែក ជាកន្លែងងាយរងគ្រោះ ងាយឈឺបំផុត។ ញីភ្នែក ធូលីហុយចូល សាប៊ូកក់សក់ចូល សុទ្ធតែ​ធ្វើ​ឲ្យភ្នែករកាំ ឡើងឈឺក្រហម។ ជាពិសេស ក្មេងៗឲ្យតែមានអីចូលភ្នែកតិច គ្នាឧស្សាហ៍​ញី​ភ្នែកណាស់។ “Hello គ្រូពេទ្យ’ នឹងប្រាប់​ពី​របួស​ភ្នែក (ឈឺភ្នែក ក្រហមភ្នែក រមាស់ភ្នែក) ដែល​ក្មេងៗ​ឧស្សាហ៍​ជួប៖

    ១- ភ្នែករលាត់ (រលាត់កញ្ចក់ភ្នែក)

    ការ​រលាត់​ស្រទាប់ផ្ទៃ​​ភ្នែក ជា​បញ្ហាកើត​មាន​ញឹកញាប់​សម្រាប់​របួស ​និង​ការ​ប៉ះទង្គិច​ភ្នែក​។ ស្ថាន​ភាព​នេះបង្ក​ឡើង​ ពេល​ផ្ទៃ​ភ្នែក​ត្រូវចាក់រុក​​ ឬ​កោស​​ដោយ​របស់​អ្វី​មួយ​ពី​ខាង​ក្រៅ​ ដូច​ជា​ មែក​ឈើ​ ឬ​ក្រចក​ដៃ​។ ការ​ដាច់រហែក​ស្រទាប់កញ្ចក់ភ្នែក​ ក៏​អាច​មាន​ប្រភព​ចេញ​មក​ពី​សកម្ម​ភាព​ញី​ភ្នែក ​ពេលមាន​ធូ​លី​ ខ្សាច់​ ឬ​ភាគ​ល្អិត​មុត​ស្រួច ហើរ​ចូល​ក្នុង​ភ្នែក​ផង​ដែរ។​ ​

    ២- វត្ថុពីខាងក្រៅចូល ឬកប់ក្នុងភ្នែក

    ការ​មុតដោយ​អំបែង​​កញ្ចក់តូចៗ​ ឬវត្ថុ​​​ផ្លោង​ខ្ទាត​ចេញ​ពី​ឧបករណ៍ដើរ​ដោយ​ថាម​ពល​ណាមួយ ​អាច​ចូល​ក្នុង​ភ្នែក​ ហើយ​ចាក់​ទម្លុះ​​ជ្រៀត​ចូល​​ផ្ទៃ​ភ្នែក។ ករណី​នេះ ​វត្ថុ​នោះ ​អាច​ជាប់​ស្ទះ​នៅ​ក្នុង​កញ្ចក់ភ្នែក​ ទៀត​ផង។

    កូនឈឺភ្នែក១

    ៣- ហើមភ្នែក ​

    ការ​បុក​ ឬវាយ​ប៉ះ​ទៅ​លើ​ភ្នែក​ដោយ​សារ​គ្រោះថ្នាក់​ ដូច​ជា​ បាល់ប៉ះ​ ឬ​ការ​វាយ​តប់​គ្នា​ ប៉ះ​ដោយ​កណ្តាប់​ដៃ​ ឬ​កែង​ដៃ អាច​ធ្វើ​ឲ្យ​ជាលិកា​ឈាមក្រោម​ផ្ទៃ​ស្បែក​​បែកបាន​ ហើយ​បណ្តាល​ឲ្យ​ភ្នែក​ប្រែ​ក្លាយ​ជា​ឡើង​ជាំ​ និង​ហើម​។​ ថ្វី​បើ​ស្ថាន​ភាព​នេះ ​អាច​ព្យាបាល​ជា​សះស្បើយ ដោយ​គ្រាន់​តែ​​ស្អំ​សង្កត់ជាមួយ​របស់​​ត្រជាក់ៗ​ក្តី​ យកល្អ ​ត្រូវ​នាំ​​ក្មេង​ទៅ​ពិនិត្យ​តាម​បែប​វេជ្ជ​សាស្ត្រ ​ដើម្បី​ធានា​ថា ​គ្មាន​ការ​ខូចខាត​ខាង​ក្នុង ដូច​ជា ដក់​ខ្ទាំ​ឈាម​ក្នុង​ភ្នែក ហូរឈាមខាង​ក្នុង​ផ្នែក​ខាង​មុខ​ភ្នែក​ សម្ពាធ​ភ្នែក​កើន​ខ្ពស់ ​និង​បាត់​បង់​គំហើញដោយ​សារ​ជំងឺ​ទឹក​ដក់​បាត​ភ្នែក​ ជាដើម បើ​ទុក​ចោល​ដោយ​មិន​បាន​ធ្វើរោគ​វិនិច្ឆ័យ​ និង​ព្យាបាល​ត្រឹម​ត្រូវ។

    ៤- ហូរឈាមនៅក្រោមថ្នក់ត្របកភ្នែក (ភ្នែកហូរឈាម)

    នេះ​ជា​ស្ថានភាព​មួយ​ផ្សេង​ទៀត​ ​អម​មក​ជាមួយអាការៈ​ភ្នែក​ជាំ សំដៅ​លើ​ការ​ជាំ​​មាន​ពណ៌​ក្រហម​ច្រាល​ រាង​​អណ្តា​ត​ភ្លើងនៅ​លើ​ផ្នែក​ពណ៌សរបស់​​​គ្រាប់​ភ្នែក​ ដែល​ភាសា​បច្ចេក​ទេស​ហៅថា​ Sclera។​  ហូ​រ​ឈាម​ក្រោម​ថ្នក់​ត្របក​ភ្នែក បង្ក​ឡើង​ដោយ​សរសៃឈាមបែក​ ស្ថិត​នៅ​ចន្លោះ​រវាង​ថ្នក់​ត្របក​ភ្នែក​ និងផ្នែក​ស​របស់​គ្រាប់​ភ្នែក​។ ​ផ្ទុយ​ទៅ​ភិន​ភាគ​ខាង​ក្រៅ​​មើល​ទៅ​ធ្ងន់​ធ្ងរ​ ស្ថាន​ភាព​នេះ​ មិន​ទាម​ទារ​​ការ​ព្យាបាលបែប​​វេជ្ជ​សាស្ត្រ​ទេ​ ហើយ​តាម​ធម្មតា​ នឹង​បាត់​ទៅ​វិញ​ដោយឯកឯង​ប្រមាណ ២-៣ សប្តាហ៍បន្ទាប់​។​

    ៥- រលាកដោយជាតិគីមី (សារធាតុកាត់នៅក្នុងភ្នែក)

    សារធាតុ​អាស៊ីដ អាច​បង្ក​ការ​ឈឺ​ចាប់​ និងក្រហម​ដ៏ខ្លាំងក្នុង​ភ្នែក​។ សារធាតុអាល់កា​ឡាំង ថ្វី​បើ​មិន​បណ្តាល​ឲ្យ​មាន​ការ​រោល​រាល​ក្រហាយ​ភ្នែក​ក្តី​ ប៉ុន្តែ​អាច​បង្ក​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​នេះ។​ សារធាតុ​អាល់​កាឡាំង​ ​ឧស្សាហ៍​ប្រទះ​ជាញឹក​ញាប់​ រួម​មាន​ផលិតផល​សម្អាត​ផ្ទះ​ និងកម្ទេច​ដី​ស​។​

    អត្ថបទ​ពាក់ព័ន្ធ៖

  • កូនទើប​កើត​រលាក​កញ្ចក់​ភ្នែក ម៉ាក់​ប៉ាគួរ​ធ្វើ​បែប​ណា?
  • ជំងឺភ្នែកក្រហម (Acute Conjunctivitis)
  • គួរ​ធ្វើ​​ម៉េច​ពេល​កូន​មាន​របួស​ភ្នែក?

    ការ​ព្យា​បាល ​អាស្រ័យ​លើ​ប្រភេទ​​របួស​ភ្នែក​ អ្វី​​សំខាន់បំផុត​ ត្រូវ​ស្វះ​ស្វែង​រក​ការ​ព្យាបាល​​បន្ទាន់​សម្រាប់​កូន​ ក្រោយ​ពី​អនុវត្តវិធី​សង្គ្រោះ​បឋម​ដូច​ខាង​ក្រោម៖

    – បើ​ភ្នែក​​កោស​រលាត់​ ឬ​មាន​វត្ថុ​ចម្លែក​ពី​ក្រៅ​ កប់​នៅ​ខាង​ក្នុង​ ប្រាប់ក្មេង​ឲ្យ​រក្សា​ភ្នែកដោយ​បិទ​ឲ្យជិត​ ហើយ​ចង​ភ្ជាប់​ស្បៃ​ពី​លើ។​ កុំបាំង​គ្រប​តំបន់​ដែល​រង​របួស​តឹងពេក ​ដោយ​សារ​តំបន់​ងងឹត​ ក្តៅឧណ្ហៗ​​ និង​មាន​សំណើម ​​អាចធ្វើ​ឲ្យ​បាក់តេរី​ និង​ផ្សិត​ ងាយ​លូត​លាស់ ​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ ត្រឹម​រយៈ​ពេល ២៤ ម៉ោង​ប៉ុណ្ណោះ​។​

    – កុំ​ព្យាយាម​យក​អ្វី​មួយ​ចេញ​ពី​ភ្នែក​ក្មេង​​ ឬ​ញីភ្នែក​​ ដែល​សុទ្ធ​ជាការ​ដាក់​សម្ពាធបន្ថែម​លើ​របួស កាន់​តែ​វត្ថុ​នោះ​រុញ​ចូល​ទៅ​ជ្រៅ​ក្នុង​ភ្នែកប៉ុណ្ណោះ​ ជាហេតុ​​អាចបណ្តាល​ឲ្យ​មាន​ស្លាក​ស្នាម​ធ្ងន់​ធ្ងរ និង​របួស​មិន​ងាយ​ជា។​

    – កុំឲ្យកូនតក់ស្លុត ហើយ​បើ​អាច​ គ្រប​ភ្នែក​ទាំង​ពីរ​ ដើម្បី​បង្ការ​ចលនា​ភ្នែក​។​

    – បើ​កូន​​ត្រូ​វ​ធាតុ​គីមីជះសាច​ចូល​​ក្នុង​ភ្នែក សូម​ដាក់ក្បាល​កូននៅ​ក្រោមចរន្ត​លំ​ហូរ​ទឹក​ (ទឹក​គួរតែ​ត្រជាក់ ឬ​សីតុណ្ហភាព​ធម្មតា​តែ​ប៉ុណ្ណោះ​) ឲ្យ​បាន​ប្រហែល​ ១០ នាទី​។ ប្រាប់កូន ឬ​សុំ​នរណា​ម្នាក់​ជួយ​បើក​ចំហភ្នែក​ក្មេង បែប​នេះ​សារធាតុ​គីមី ​អាច​ត្រូវ​បាន​លាង​ជម្រះ​ចេញ​បាន​ច្រើន​។​ រាល់​គ្រប់​របួស​ភ្នែក​ទាំង​អស់ ​បង្ក​ឡើង​ដោយ​ការប៉ះពាល់​ជាតិ​គីមី ត្រូវ​តែ​ពិនិត្យ​ដោយពេទ្យ​​ភ្នែក ​​លឿន​បំផុតតាម​ដែល​អាចធ្វើ​ទៅ​បាន ​បន្ទាប់​ពី​បាញ់​ទឹក​លាង​ជម្រះរួច។​ បើ​អាច​ សូម​យក​សម្បក​ផ្ទុក​នៃ​សារ​ធាតុ​នោះ​ទៅ​ជា​មួយ ឬ​ថត​យក​រូប​ភាព​ធាតុ​ផ្សំ​​វា​ ដើម្បីជួយ​ពេទ្យងាយ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​បាន​ត្រឹម​ត្រូវ​។​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Mar 24, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម