ម៉ាក់ប៉ាត្រូវថែទាំផ្ចិតទារកទើបកើតឲ្យដិតដល់ ទើបឆាប់ក្រៀមជ្រុះចេញពីផ្ចិត មិនមានដំបៅខ្ទុះ។ ថ្ងៃនេះ Hello គ្រូពេទ្យនឹងប្រាប់វិធីថែទាំផ្ចិតទារកក្រោយកើត ឲ្យឆាប់ជា មិនឲ្យឆ្លងមេរោគ។
ម៉ាក់ប៉ាត្រូវថែទាំផ្ចិតទារកទើបកើតឲ្យដិតដល់ ទើបឆាប់ក្រៀមជ្រុះចេញពីផ្ចិត មិនមានដំបៅខ្ទុះ។ ថ្ងៃនេះ Hello គ្រូពេទ្យនឹងប្រាប់វិធីថែទាំផ្ចិតទារកក្រោយកើត ឲ្យឆាប់ជា មិនឲ្យឆ្លងមេរោគ។

វិធីថែទាំផ្ចិតកូនក្មេងត្រឹមត្រូវតាមក្បូនពេទ្យ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ រៀបរាប់ថា ក្រោយចេញពីមន្ទីរពេទ្យ ម៉ាក់ប៉ាត្រូវធ្វើអនាម័យ និងជូតសម្អាតទងផ្ចិតកូនឲ្យស្ងួត ក្រោយពេលងូតទឹករួច បន្ទាប់មកលាបថ្នាំមេតាឌីន និងមិនត្រូវរុំកន្ទប ឬខោទឹកនោមលើវានោះទេ បើសិនជាកន្ទបមិនស្អាតអាចឆ្លងមេរោគ។
ធ្វើតាមវិធីខាងលើនេះ ផ្ចិតកូនក្មេង នឹងក្រៀមជ្រុះដោយឯកឯងក្នុងអំឡុង ៥-១៥ ថ្ងៃក្រោយសម្រាល។ លោកវេជ្ជបណ្ឌិតបន្ថែមថា ម៉ាក់ៗមិនត្រូវឆ្កឹះ ឬប៉ះផ្ចិតនោះទេ បើទោះជាផ្ចិតក្រៀម ក៏មិនត្រូវទាញវាឲ្យដាច់ដែរ ត្រូវទុកឲ្យវាជ្រុះដោយខ្លួនឯង។
អត្ថបទពាក់ព័ន្ធ៖

ចំពោះវិធីបុរាណ ដែលចាស់ៗពីដើម តែងយកផេះ ដីដំបូក ឬម្សៅហុយ មករោយលើផ្ចិត លោកវេជ្ជបណ្ឌិតថា កុំសាកល្បងឲ្យសោះ ព្រោះអាចបង្ករោគ ធ្វើឲ្យផ្ចិតឡើងក្រហម ក្តៅ មានហូរទឹករង៉ៃ ឬអាចមានខ្ទុះ និងអាចឈានទៅឆ្លងមេរោគតេតាណុស។
បើសិនជាផ្ចិតកូនមានសញ្ញាមិនប្រក្រតីទាំងប៉ុន្មានខាងលើនេះ រួមទាំងកូនឧស្សាហ៍យំដោយសារឈឺផ្ចិត ម៉ាក់ៗត្រូវប្រញាប់នាំកូនជួបគ្រូពេទ្យជាបន្ទាន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕