តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ប៉ាម៉ាក់ត្រូវចេះតាមដានសកម្មភាពកូនៗ តិចកូនកើតជំងឺទាំងនេះដោយមិនដឹងខ្លួន​

    ប៉ាម៉ាក់ត្រូវចេះតាមដានសកម្មភាពកូនៗ តិចកូនកើតជំងឺទាំងនេះដោយមិនដឹងខ្លួន​

    ក្នុង​អំឡុង​វ័យ​លូត​លាស់​​ កូនៗ​របស់​យើង​​នឹង​ប្រែ​ប្រួល​ច្រើន ហើយ​មានលូត​លាស់​គួរ​ឲ្យ​កត់​សំគាល់។ ជាមួយ​គ្នា​នោះដែរ​ក៏​​អាច​មាន​បញ្ហា​មួយ​ចំនួន ឬ​មាន​បម្រែបម្រួល​មិន​ប្រក្រតី​ណា​មួយ​កើតមាន​​លើ​កូន​ៗរបស់យើង​ដែរ​។ ការ​ស្វែងយល់​ និង​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​បញ្ហា​ខុស​ប្រក្រតី​ទាំង​អស់​នោះ​ឲ្យ​បាន​លឿនទាន់ពេល​ គឺ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់ដើម្បីទប់ស្កាត់​បញ្ហា​។

    ១- ជំងឺអូទីស្សឹម

    ជំងឺ​អូទីស្សឹម​​គឺ​ជា​ជំងឺ​មួយ​កើត​លើ​ខួរ​ក្បាល ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្នែក​ទំនាក់​ទំនង​របស់​ក្មេង​ ក៏​ដូច​ជា​ទំនាក់​ទំនង​ជា​មួយ​សង្គម​ខាង​ក្រៅ​ដូច​គ្នា។ រោគ​សញ្ញា​របស់​ជំងឺ​អូទីស្សឹម​អាច​បង្ហាញ​ខ្លួន​ឡើង​ក្នុង​វ័យ​កុមារ។ ក្មេង​កើត​អូទីស្សឹម​គឺ​រស់​នៅ​ក្នុង​ភព​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ។ កូនៗដែល​កើតជំងឺ​អូទីស្សឹម​មិន​អាច​វិវត្ដ​ការ​ផ្សា​ភ្ជាប់​ផ្លូវ​​អារម្មណ៍​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន​របស់​ពួកគេ​​បាន​ឡើយ។

    • ភាសា និង​ទំនាក់​ទំនង៖ ក្មេង​កើត​អូទីស្សឹម​​មាន​សមត្ថិភាព​ខ្សោយ​ក្នុង​ការ​ចូល​ខ្លួន​និយាយ​ជាមួយ​អ្នក​ដទៃ។ ពាក្យ​សម្ដី​របស់​ក្មេងៗកើតជំងឺនេះ​អាច​និយាយ​ពាក្យ​ដដែល ​និងខ្សោយ​ផ្នែក​ទំនាក់​ទំនងតាមរយៈ​ពាក្យ​សម្ដី។ ក្មេង​កើតជំងឺ​អូទីស្សឹម​​មិន​អាច​រៀប​ពាក្យ​ឬ​ឃ្លា​ឲ្យ​ត្រូវ​ដើម្បី​និយាយ​បាន​ទេ ហើយ​ការ​បញ្ចេញ​សំឡេង​​របស់​ពួក​គេ​ក៏​ខុស​​ប្លែក​ពី​មនុស្ស​ធម្មតា​ដែរ។ ​ក្មេងៗទាំងនេះ​​អាច​នឹង​និយាយ​មិន​ឈប់ និង​មិន​ចង់​ស្ដាប់​អ្នក​ផ្សេង ឬ​អ្នកណាម្នាក់​​និយាយ​។
    • ទំនាក់​ទំនង​ក្នុង​សង្គម៖ ក្មេង​កើត​អូទីស្សឹម​មាន​ទំនាក់​ទំនង​ដោយ​ប្រើ​ពាក្យ​សម្ដី​ខ្សោយ តែ​ប្រើ​ភាសា​កាយវិការ ឬ​ប្រើ​ក្រសែ​ភ្នែក​ជា​ដើម។ ក្មេងៗទាំងនេះ​មិន​អាច​ចែករំលែក​គំនិត​ អារម្មណ៍ និង​យោបល់​របស់​ខ្លួន​ទៅ​កាន់​អ្នក​ដទៃ​បានទេ​ ហើយ​​កាន់​តែ​ពិបាក​ក្នុង​ការ​រាប់​អាន​មិត្ដ​ភក្ដិ។ ក្រៅពីនេះក្មេង​កើតជំងឺ​អូទីស្សឹម​​មិន​អាច​ដឹង​អំពី​អារម្មណ៍​អ្នក​ដទៃ និង​មិន​អាច​យល់ពី​ការ​ចង់​បាន​របស់​អ្នក​ដទៃ​ដែរ​។
    • អាកប្បកិរិយា៖ ក្មេង​កើត​អូទីស្សឹម​ច្រើន​ធ្វើ​សកម្ម​ភាព​ដដែល​ដូច​ជា​បង្វិល​ខ្លួន​ ញាក់​ជើង ឬ​ងក់​ក្បាល​ជាដើម។ ដង​ខ្លួន​របស់​ពួក​គេ​នៅ​មិន​ស្ងៀម​ឡើយ។ ក្មេង​កើតជំងឺនេះ​​មិន​ចង់​ទទួល​ស្គាល់​របស់​អ្វី​ថ្មី​ឡើយ ដូចជា​ញ៉ាំ​តែ​អាហារ​មួយ​ចំនួន​ដែល​ខ្លួនស្គាល់​ជាដើម​។ ក្រៅពីនេះ​ក្មេង​កើតអូទីស្សឹមអាច​ឆាប់​មាន​ប្រតិកម្ម​ជាមួយនឹង​ ភ្លើង​ ​សំឡេង​ និងការ​ប៉ះ​ជាដើម។ ក្មេងៗទាំងនេះ​អាច​គិត​ស៊ី​ជម្រៅ​អំពី​អត្ថន័យ​របស់​រូប​ភាព​អ្វី​មួយ តែពួកគេ​​មិន​យល់​អំពី​រូប​ភាព​នោះ​ទេ។
      ប្រវត្តិ​គ្រួសារ បញ្ហា​ក្នុង​ខួរ​ក្បាល ភេទ​របស់​ក្មេង ឬ​អាយុ​របស់​ប៉ាម៉ាក់​គឺ​អាច​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​កូន​កើត​ជំងឺ​អូទីស្សឹមហើយ​​ជំងឺអូទីស្សឹម​គឺ​ជា​ជំងឺ​កើតពេញ​មួយ​ជីវិត។ ប៉ុន្តែ​បើប៉ាម៉ាក់​​អាច​ដឹងពី​ជំងឺ​​នេះ​​ទាន់​ពេល​វេលា គឺអាចរកវិធីធ្វើឲ្យ​ការ​វិវត្ដ​របស់​ជំងឺ​នេះ​មាន​ភាព​ខុស​ប្លែក​គ្នាដែរ​។

    អត្ថបទពាក់ព័្ធ៖

    ២- ជំងឺបញ្ចេញសកម្មភាពច្រើនដោយមិនបានគិត​​(ADHD)

    ជំងឺបញ្ចេញ​សកម្មភាពច្រើន​ដោយមិន​បាន​គិត​(Attention-deficit hyperactivity disorder) គឺ​ជាជំងឺ​ពេញ​និយម​​មួយ​កើត​រ៉ាំ​រ៉ៃ​លើ​កុមារ។ ក្មេង​កើត ADHD បាន​ន័យ​ថា​ខួរ​ក្បាល​ធ្វើ​ការ​ខុស​ពី​មុខ​ងារ​របស់​ខ្លួន​។ ជំងឺនេះ​​ភាគ​​ច្រើន​កើត​លើ​ក្មេង​តាំង​ពី​ក្មេង​រហូត​ដល់​វ័យ​ជំទង់។ ADHD មាន​ចំនួន​បី​ប្រភេទ​​មាន​ដូច​ជា predominantly inattentive presentation predominantly hyperactive-impulsive និង combined presentation។ ការ​​បែង​ចែក​ប្រភេទ​ទាំង​អស់​នេះ​គឺ​​ពឹង​លើ​រោគ​សញ្ញា​​កើត​ឡើង​លើ​ក្មេង។ សញ្ញា​របស់ ADHD ភាគ​ច្រើន​ចាប់​ផ្ដើម​កើត​ឡើង​លើ​ក្មេង​អាយុ​តិច​ជាង ១២​ឆ្នាំ។ ​ក្មេង​មួយ​ចំនួន​រោគ​សញ្ញា​របស់​ពួក​គេ​អាច​បញ្ហាញ​ឡើង​នៅ​ពេលមាន​អាយុ​ ៣ឆ្នាំ​ក៏​មាន។ សញ្ញា​របស់ ADHD អាច​ខុស​គ្នា​ពី​តិច​តួច​រហូត​ដល់​ធ្ងន់​ធ្ងរ ហើយ​​អាច​ខុស​គ្នា​រវាង​ក្មេង​ស្រី​ និងក្មេង​ប្រុស​ថែម​ទៀត​ផង។ ក្មេង​កើត ADHD អាច​មាន​សញ្ញា​ដូច​ជា៖

    • និយាយ​ច្រើន​ពេក
    • មិន​អាច​ធ្វើ​សកម្មភាព​អ្វី​មួយ​តាម​លំដាប់​លំដោយ​បាន
    • មិន​អាច​ផ្ចង់​អារម្មណ៍​បាន​យូរ
    • ភ្លេច​ភ្លាំង​ច្រើន
    • មិន​អាច​រង​ចាំ​រហូត​ដល់​វេន​របស់ខ្លួន​បាន
    • ស្រមើ​ស្រមៃ​ច្រើន
    • បាត់​បង់​​របស់​របរ​ច្រើន
    • អាច​រត់​លេង​នៅ​កន្លែង​ដែល​មិនគួរ​រត់​បាន
    • ពិបាក​ក្នុង​ការ​នៅ​ជុំ​គ្នា​ជាមួយ​អ្នក​ដទៃ
    • ពិបាក​ក្នុង​ការ​ធ្វើ​តាម​ការ​ណែ​នាំ​
    • មិន​អាច​លេង​ដោយ​ស្ងៀម​ស្ងាត់​បាន

    ម៉ាក់ៗមានការ​ប៉ះ​ទង្គិច​ខួរ​ក្បាល បញ្ហាហ្សែន កូនកើត​មក​មិន​គ្រប់​គីឡូ ម៉ាក់សេព​គ្រឿង​ស្រវឹង និង​ជក់​បារី​ពេល​ពពោះ ទារក​កើត​មិន​គ្រប់​ខែ និង​ការ​ប៉ះ​​ពាល់​ជាមួយ​បរិស្ថាន​មិន​ល្អ​​សុទ្ធ​តែ​​ធ្វើ​​​ឲ្យ​កូន​មាន​បញ្ហា ADHD បាន។ ទោះ​បី​ជា ADHD មិន​អាច​ព្យាបាល​បាន​ក្ដី ប៉ុន្តែ​ក៏​​អាច​ព្យាបាល​ដើម្បី​កាត់​បន្ថយ​រោគ​សញ្ញា​របស់​​ក្មេងបាន​ខ្លះ​​ៗដែរ​។

    អត្ថបទពាក់ព័ន្ធ៖

    ៣- ជំងឺថប់បារម្ភ

    ជំងឺ​ថប់​បារម្ភ​ធ្វើ​ឲ្យ​ក្មេង​មាន​បញ្ហា​ភ័យ​ខ្លាច​ដោយ​មិន​សម​ហេតុ​ផល ឬ​ភ័យ​ខ្លាច​ខ្លាំង មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន និង​ស្មុគ​ស្មាញ​ច្រើន។ ក្មេង​ដែល​កើត​ជំងឺ​ថប់​បារម្ភ​គឺ​មាន​សញ្ញា​ភ័យ​ខ្លាច​ខ្លាំង ដែល​កើត​ឡើង​ភ្លាម​ៗ​ដោយ​មិន​មាន​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ជាមុន។ ពួក​គេ​ក៏​អាច​បង្ហាញ​សញ្ញា​ដទៃ​ផ្សេង​ទៀត​ដូច​ជា​ភ័យ​ខ្លាច​ខ្លាំង មាន​អាកប្ប​កិរិយា​នៅ​មិន​សុខ និង​មិន​អាច​ធ្វើ​សកម្មភាព​បាន។ ឧទាហរណ៍​មួយ​នៃ​ជំងឺ​ថប់​បារម្ភ​គឺ​ជំងឺ​ទាក់​ទង​ជាមួយ​សកម្មភាព​របស់​ពួក​គេ ដែល​ធ្វើ​ឲ្យ​គេ​មាន​កាយវិការ និង​គិត​ដដែលៗ ហើយ​ពួក​គេ​មិន​អាច​បញ្ឈប់​សកម្មភាព​ទាំង​អស់​នោះ​បាន។

    ៤- ជំងឺបាយប៉ូឡា (Bipolar disorder)

    ជំងឺ​បាយប៉ូឡា ឬ​ជំងឺ​សប្បាយ​ចិត្ដ-កើត​ទុក្ខ ​ភ្លាមៗ ​គឺ​ជា​ជំងឺ​របស់​ខួរ​ក្បាល​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​ក្មេង​ប្រែ​ប្រួល និង​មាន​បម្រែ​បម្រួល​ថាម​ពល និង​សកម្មភាព​ខុស​ពី​ប្រក្រតី។ ជំងឺ​បាយប៉ូឡា​មាន​​ប្រភេទ​​ដូច​ជា bipolar I bipolar II cyclothymic disorder (cyclothymia) ជំងឺ​បាយ​ប៉ូឡា​ច្បាស់​លាស់ និង​មិន​ច្បាស់​លាស់ និង​ជំងឺ​ទាក់​ទង​មួយ​ចំនួន​ទៀត។ អ្នក​កើត​ជំងឺ​បាយ​ប៉ូឡា​​នឹង​មាន​អារម្មណ៍​ខុស​គ្នា​​​ដោយ​អាច មាន​បម្រែ​បម្រួល​កម្រិត​នៃ​សកម្មភាព និង​​បម្រែ​បម្រួល​នៃ​ការ​គេង ក៏​ដូច​ជា​សកម្មភាព​មិន​ប្រក្រតី​។ ក្មេង​កំពុង​មាន​អារម្មណ៍​សប្បាយ​​នឹង​មាន​អារម្មណ៍ ‘high’​ គឺមាន​ថាម​ពល​ច្រើន ហើយ​​នឹងមាន​សកម្មភាព​ច្រើន​ជាង​ធម្មតា។ ក្មេង​ដែល​ស្ថិតក្នុង​​ដំណាក់​កាល​ពិបាក​ចិត្ដ​​អាច​មាន​អារម្មណ៍ ‘down’ មិន​សូវ​មាន ឬ​គ្មាន​ថាម​ពល​ក្នុង​ខ្លួន ហើយក្មេង​​អាច​នឹង​មិន​មាន​សកម្មភាព​អ្វី​ឡើយ។ ក្មេង​ដែល​មាន​អារម្មណ៍​ទាំង​ពីរ​ចូល​គ្នា​អាច​មាន​សញ្ញា​ទាំង​សប្បាយ​ចិត្ដ និង​ពិបាក​ចិត្ដ​ចូល​គ្នា។

    មូល​ហេតុ​របស់​ជំងឺ​មួយ​នេះ​អាច​​នឹង​កើន​ឡើង​កាន់​តែ​ខ្ពស់ ប្រសិន​បើ​​សាច់​ខួរ​ក្បាល​របស់ក្មេង​​ខុស​ពី​ប្រក្រតី ហ្សែន និង​មាន​ប្រវត្ដិ​គ្រួសារ​ធ្លាប់​កើត​បាយប៉ូឡា។ បាយប៉ូឡា​ជា​ជំងឺ​ដែល​មិន​អាច​ព្យាបាល​បាន ប៉ុន្តែ​មាន​ការ​ព្យាបាល​មួយ​ចំនួន​អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ និង​ជួយ​ឲ្យ​កូន​ៗយើងអាច​គ្រប់​គ្រង​អារម្មណ៍​ប្រែ​ប្រួល​របស់​ខ្លួន​​បាន​កាន់​តែ​ប្រសើរ។

    អត្ថបទពាក់ព័ន្ធ៖

    ៥- ជំងឺប៉ះពាល់ផ្នែកបញ្ជាកណ្ដាលរបស់សោតវិញ្ញាណ​ (CAPD)

    ជំងឺប៉ះពាល់ផ្នែកបញ្ជាកណ្ដាលរបស់សោតវិញ្ញាណ ជាភាសារបរទេសហៅថា​ Central auditory processing disorder (CAPD) ឬ​ហៅ​បាន​ម្យ៉ាង​ទៀត​ថា auditory processing disorder (APD) គឺ​ជា​បញ្ហា​ទាក់​ទង​ជាមួយ​ការ​ស្ដាប់​ឮ កើត​ឡើង​នៅ​ពេល​ខួរ​ក្បាល​ធ្វើ​ការ​មិន​ត្រឹម​ត្រូវ។ CAPD អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ភាគ​ច្រើន​ចាប់​ផ្ដើម​កើត​ពី​វ័យ​កុមារ​ទៅ​មុន។

    ក្មេង​មាន​បញ្ហា CAPD បង្ហាញ​សញ្ញា​ច្បាស់​លាស់​តាំង​ពី​​នៅ​ក្មេង។ ក្មេងៗទាំងនោះ​​អាច​ពិបាក​ក្នុង​ការ​ឆ្លើយ​តប​ជាមួយ​សំឡេង​​ ការ​យល់​អំពី​ពាក្យ​សម្ដី ពិបាក​ចាំ​រាល់​ការ​ណែ​នាំផ្សេងៗ ហើយ​​​ក៏​ពិបាក​ក្នុង​ការ​អាន និង​ប្រកបអក្សរ​ដូច​គ្នា។ CAPD អាច​វិវត្ដ​បន្ទាប់​ពី​ក្មេង​មាន​បញ្ហា​ស្ដាប់​ជា​អចិន្ត្រៃយ៍ ឬ​ខូច​ខាត​ខួរ​ក្បាល​ដូច​ជា​មាន​ការ​ប៉ះ​ទង្គិច មាន​ដុំ​នៅ​ក្នុង​ខួរ​ក្បាល ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ CAPD ក៏​អាច​កើត​លើ​សមាជិក​ផ្សេង​ក្នុង​គ្រួសារ​ដូច​គ្នា។ ទោះ​បី​ជា​មិន​មាន​វិធី​ព្យាបាល CAPD បាន​ក្ដី ក្មេង​ៗ​នៅ​តែ​អាច​មាន​អារម្មណ៍​ល្អ​នៅ​ពេល​​រៀន​អំពី​ជំនាញ​ក្នុង​ការ​ដោះ​សា្រយ​ជាមួយ​ស្ថាន​ភាព​នានា។

    ៦- ពិការខួរក្បាល

    ពិការ​ខួរក្បាល ឬ​ពាក្យ​បច្ចេក​ទេស​ហៅ​ថា Cerebral palsy គឺ​ជា​បញ្ហា​មួយ​កើត​ឡើង​ធ្វើ​ឲ្យ​ក្មេង​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា និង​​ទប់​លំនឹង​ដង​ខ្លួន និង​ជំហរ​របស់​ខ្លួន។

    សញ្ញា​របស់​ជំងឺ​ពិការ​ខួរ​ក្បាល​ច្រើន​លេច​ឡើង​អំឡុង​អាយុ​ចាប់​ផ្ដើម​ជិត​ចូល​រៀន ឬ​​ពី​កំណើត។ កូន​ក្មេង​អាច​មាន​សញ្ញា​ខ្សោយ​សាច់​ដុំ រឹង​សាច់​ដុំ មាន​ចលនា​យឺត​ៗ ពិបាក​ដើរ មិន​ងាយ​ចេះ​និយាយ និង​ពិបាក​និយាយ ប្រកាច់ និង​ពិបាក​ញ៉ាំ​អាហារ។ ក្មេង​ទាំងនេះ​ក៏​អាច​មាន​បញ្ហា​ជាមួយ​ការ​លេប​អាហារ ឬ​ចាប់​យក​របស់​អ្វី​មួយ​ដូច​ជា​ស្លាប​ព្រា ឬ​ខ្មៅ​ដៃ​ជា​ដើម។ ក្នុង​ករណី​មួយ​ចំនួន ក្មេង​អាច​មាន​ជំងឺ​កើត​លើ​មាត់ បញ្ហា​ជាមួយ​ការ​ស្ដាប់ ឬ​គំហើញ និង​មាន​បញ្ហា​ស្មារតី។ Cerebral palsy អាច​បណ្ដាល​មក​ពី​ការ​លូត​លាស់​មិន​ធម្មតា​របស់​ខួរ​ក្បាល ឬ​មាន​ខូច​ខាត​លើ​សាច់​ខួរ​ក្បាល​នៅ​ពេល​កំពុង​តែ​លូត​លាស់។ ក្មេង​កើត​ជំងឺ​ពិការ​ខួរ​ក្បាល​ត្រូវ​ការ​ការ​មើល​ថែ​ក្នុង​រយៈ​ពេល​យូរ។ ក្មេង​​អាច​ត្រូវប្រើ​ថ្នាំ និង​ការ​ព្យាបាល​ជា​ច្រើន​ដើម្បី​ជួយ​បង្កើន​មុខងារ​​ខួរ​ក្បាល កាត់​បន្ថយ​ការ​ឈឺ​ចាប់ និង​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​របស់​ជំងឺ​មួយ​នេះ។

    អត្ថបទពាក់ព័ន្ធ៖

    ៧- ជំងឺប៉ះពាល់ផ្លូវអារម្មណ៍និងអាកប្បកិរិយា

    ជំងឺប៉ះពាល់ផ្លូវអារម្មណ៍និងអាកប្បកិរិយា (Conduct disorder) គឺ​ជា​ជំងឺ​ទាក់​ទង​ជាមួយ​អាកប្បកិរិយា និង​អារម្មណ៍ ដែល​ច្រើន​កើត​លើ​ក្មេង​និង​ក្មេង​វ័យជំទង់។ អាច​​ជា​រឿង​ធម្មតា​ប្រសិន​បើ​ក្មេង ឬ​ក្មេង​ជំទង់​មាន​អាកប្បកិរិយា​ខុស​ប្រក្រតី។ ប៉ុន្តែ​យើង​ក៏​អាច​ចាត់​ទុក​ថា​​ជា​ជំងឺ Conduct disorder បាន ប្រសិន​បើ​អាកប្បកិរិយា​មិន​ធម្មតា​របស់​ក្មេង​មាន​រយៈ​ពេល​យូរ និង​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​របស់​ក្មេង ឬប៉ះ​ពាល់​ដល់​ក្រុម​គ្រួសារ​។

    សញ្ញា​របស់​ជំងឺ Conduct disorder អាច​ខុស​ៗ​គ្នា​មាន​ដូច​ជា៖

    • អាកប្បកិរិយា​ឆេវ​ឆាវ​ទៅ​កាន់​សត្វ ឬ​មនុស្ស​មាន​ដូចជា​ការ​វាយ​ដុំ ជាន់​ឈ្លី ប្រើ​អាវុធ​ ឬ​ប្រើ​កម្លាំង​លើ​អ្នក​ណា​ម្នាក់​ក្នុង​នោះក៏អាច​ទាក់ទង​នឹង​​រឿង​ផ្លូវ​ភេទដែរ​។
    • សេព​គ្រឿង​ស្រវឹង ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន
    • ចូល​លួច​របស់​របរ​ក្នុង​ផ្ទះ​អ្នក​ដទៃ
    • បាត់​បង់​ទំនុក​ចិត្ដ​លើ​ខ្លួន​ឯង
    • ឆាប់​មួរម៉ៅ
    • មិន​គោរព​វិន័យ

    ជំងឺប៉ះពាល់ផ្លូវអារម្មណ៍និងអាកប្បកិរិយា អាច​ទាក់​ទង​ជាមួយ​សេដ្ឋកិច្ច​គ្រួសារ​ទាប ជីវិត​ក្នុង​ក្រុម​គ្រួសារ មាន​ការ​បំពាន​ក្នុង​វ័យ​កុមារ បញ្ហា​ហ្សែន ជំងឺ​ថប់​បារម្ភ និង​ជំងឺ​ផ្លូវ​អារម្មណ៍​ទៅ​កាន់​សមាជិក​ជិត​ស្និទ្ធ​ក្នុង​ក្រុម​គ្រួសារ។

    ការ​ព្យាបាល​របស់​ជំងឺ ប៉ះពាល់ផ្លូវអារម្មណ៍និងអាកប្បកិរិយា អាច​ទទួល​ជោគ​ជ័យ​ប្រសិន​បើ​ចាប់​ផ្ដើម​ព្យាបាល​បាន​ទាន់​ពេលវេលា​។ ទាំង​ក្មេង​ និង​ក្រុម​គ្រួសារ​ត្រូវ​តែ​ចូល​រួម​ក្នុង​ការ​ព្យាបាលមួយ​នេះ។ ការ​ព្យាបាល​មាន​ទាំង​ការ​ប្រើ​ប្រាស់​ថ្នាំ និង​ព្យាបាល​តាម​បែប​ចិត្ដ​សាស្ត្រ។

    ថ្នាំ​ពេទ្យ​គឺ​ប្រើ​សម្រាប់​ព្យាបាល​រោគសញ្ញា​មួយ​ចំនួន ហើយ​ក៏​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​ផ្លូវ​ចិត្ដ​ដូច​ជា ADHD ជា​ដើម។ ការ​ព្យាបាល​ចិត្ដ​សាស្រ្ត​គឺ​ដើម្បី​ជួយក្មេង​ឲ្យ​ចេះ​បញ្ចេញ និង​គ្រប់​គ្រង​កំហឹង​របស់​ខ្លួន​ឲ្យ​​បាន​ត្រឹម​ត្រូវ។ ប៉ាម៉ាក់​​ក៏​ត្រូវរៀន​ដើម្បី​ជួយ​កូន​របស់​ខ្លួន​ឲ្យ​អាច​គ្រប់​គ្រង​អាកប្បកិរិយា​បាន។

    ការ​ចិញ្ចឹម​បី​បាច់​កូន​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ប៉ាម៉ាក់​​ត្រូវ​តែ​គិត​ដល់​ការ​ញ៉ាំ ការ​រៀន​សូត្រ ក៏​ដូច​ជា​សុក​ភាព​របស់​កូនៗ​ជាដើម។ លើស​ពី​នេះ​ទៀត​ការ​ស្វែង​យល់​អំពី​ជំងឺ​ច្រើន​កើត​លើ​កូនៗ​បាន​លឿន អាច​ឲ្យ​យើង​ដឹង​អំពី​ស្ថាន​ភាព​របស់កូន និង​ស្វែង​រក​មធ្យោបាយ​ព្យាបាល​បាន​ទាន់​ពេល​វេលា និង​ត្រឹម​ត្រូវ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Childhood developmental disorders. https://childhood-developmental-disorders.imedpub.com/. Accessed June 24, 2017.

    Facts About Developmental Disabilities. https://www.cdc.gov/ncbddd/developmentaldisabilities/facts.html. Accessed June 24, 2017.

    Childhood developmental disorders. http://www.dhcas.gov.hk/english/health_pro/develop_dis_adhd.html. Accessed June 24, 2017.

    Patel V, Chisholm D, Dua T, et al., editors. Mental, Neurological, and Substance Use Disorders: Disease Control Priorities, Third Edition (Volume 4). Washington (DC): The International Bank for Reconstruction and Development / The World Bank; 2016 Mar 14.

    Childrens Behavioral and Emotional Disorders. http://www.kidsmentalhealth.org/childrens-behavioral-and-emotional-disorders/. Accessed June 24, 2017.

    Autism spectrum disorder. http://www.mayoclinic.org/diseases-conditions/autism-spectrum-disorder/basics/definition/con-20021148. Accessed June 24, 2017.

    Autism spectrum disorder. https://www.nimh.nih.gov/health/topics/autism-spectrum-disorders-asd/index.shtml. Accessed June 24, 2017.

    Attention-deficit/hyperactivity disorder (ADHD) in children. http://www.mayoclinic.org/diseases-conditions/adhd/home/ovc-20196177. Accessed June 24, 2017.

    Attention-deficit/hyperactivity disorder (ADHD). https://www.cdc.gov/ncbddd/adhd/facts.html. Accessed June 24, 2017.

    Bipolar Disorder. https://www.nimh.nih.gov/health/topics/bipolar-disorder/index.shtml. Accessed June 24, 2017.

    Cerebral palsy. http://www.mayoclinic.org/diseases-conditions/cerebral-palsy/home/ovc-20236549. Accessed June 24, 2017.

    Auditory processing disorder. http://www.nhs.uk/conditions/auditory-processing-disorder/Pages/Introduction.aspx. Accessed June 24, 2017.

    Mental Health and Conduct Disorder. http://www.webmd.com/mental-health/mental-health-conduct-disorder#1. Accessed June 24, 2017.

    Conduct disorder. https://medlineplus.gov/ency/article/000919.htm. Accessed June 24, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 05/05/2020
    ត្រួតពិនិត្យដោយ គឹម កាណែល
    Next article: