តាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ឲ្យដឹងថា រោគសញ្ញាមួយចំនួនដែលលេចចេញឡើងពេលកូនឈឺក គឺមិនព្រមញ៉ាំបាយ ទឹក យំ មួម៉ៅច្រើន ពិបាកលេបចំណីអាហារ។ល។ ប៉ុន្តែ មានវិធីខ្លះៗដែលម៉ាក់ប៉ាអាចយកមកសម្រួលអាការៈរបស់អាអូនបាន ក្នុងនោះរួមមាន៖
– បំបៅដោះកូន៖ ចំពោះទារកបៅដោះម្ដាយ ការបំបៅដោះកូនអាចជួយសម្រួលអាការៈឈឺចាប់របស់កូន។ ការបំបៅដោះក៏ជួយឲ្យអាអូនបាត់យំ និងជួយឲ្យអាអូនស្រួលកជាងមុនដែរ។
– ផ្ដល់សំណើម៖ ពេលខ្លះ អាអូនឈឺក អាចដោយសារតែមានសម្បោរ ឬស្លេស្មកកច្រើនក្នុងច្រមុះ ឬបំពង់ក ជាហេតុធ្វើឲ្យមានផលរំខានទៅដល់បំពង់កកូន។ ដូចនេះ យើងអាចប្រើម៉ាស៊ីនបន្សុទ្ធខ្យល់ វាជួយផ្ដល់សំណើម និងបំបែកស្លេស្ម ឬសម្បោរដែលកកស្ទះក្នុងច្រមុះ ឬបំពង់កកូន និងជួយបំបាត់ភាពមិនស្រួលដោយសារឈឺករបស់កូនបាន។