ទាក់ទងនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ និងទារកនៃគ្លីនិកកុមារ MommyDoctor បានឲ្យដឹងថា បញ្ហាកូនឈឺចុកជើងពេលយប់ (ភាសាបច្ចេកទេស Growing Pain) ជាការឈឺចាប់បញ្ជាក់ពីការលូតលាស់ជើងរបស់កុមារ។ ការឈឺជើងពេលយប់នេះ ច្រើនកើតមានលើអាអូនអាយុចន្លោះចាប់ពី ៣-៥ឆ្នាំ និងអាយុ៣-១២ឆ្នាំ ។
លោកស្រីបន្តថា បញ្ហាកូនឈឺចុកជើងនេះ ច្រើនកើតឡើងនៅលើក្មេងស្រី ច្រើនជាងក្មេងប្រុស និងកើតឡើងនៅពេលយប់ ឬពេលអាអូនកំពុងគេង ហើយវាក៏មិនកើតឡើងជារៀងរាល់ថ្ងៃដែរ។ ចំពោះ Growing Pain នៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ថា វាបង្កឡើយដោយសារអ្វីទេ ប៉ុន្តែមានការសន្និដ្ឋានខ្លះៗថា កូនឈឺចុកជើងពេលយប់ អាចដោយសារពេលថ្ងៃអាអូនរត់លេង ឬធ្វើសកម្មភាពជើងខ្លាំងពេក។