កូនម៉ឹមដោះម្តាយមិនសូវឡើងគីឡូសោះ អាចឲ្យញ៉ាំទឹកដោះគោបន្ថែមបានអត់?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ការ​លូត​លាស់​របស់​ទារក​មិន​ដូច​គ្នា​ទេ ក្មេង​ខ្លះ​លូត​លាស់​លឿន ក្មេង​ខ្លះ​ទៀត​​លូត​លាស់​យឺត។ ចំពោះ​ម៉ាក់​ប៉ា​ដែល​មាន​កូន​លូត​លាស់​យឺត ឬ​មិន​សូវ​ឡើង​គីឡូ តែង​តែ​ខ្វល់​ខ្វាយ ខំ​រក​វិធី​ផ្សេងៗ​ដើម្បី​កូន​លូត​លាស់​លឿន ក្នុង​នោះ​អ្វី​ដែល​ម៉ាក់ៗ​មួយ​ចំនួន​តែង​តែ​សួរ​ញឹក​ញាប់​នោះ គឺ​កូន​ដែល​ម៉ឹម​ដោះ​ម្តាយ ហើយ​មិន​សូវ​ឡើង​គីឡូ តើ​អាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ដោះ​បន្ថែម​បាន​អត់?

១. កូនអាយុ ០-៦ ខែ

នៅ​ក្នុង​សៀវភៅ​សំណួរ-ចម្លើយ ដែល​អ្នក​ថែទាំ​កុមារ​តែង​សួរ​ញឹកញាប់ ដែល​រៀប​រៀង​ដោយ​មន្ទីរពេទ្យ​កុមារ​ជាតិ បញ្ជាក់ថា កូន​អាយុ​ក្រោម​៦​ខែ ម៉ាក់ៗ​គួរ​តែ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់​ប៉ុណ្ណោះ ព្រោះ​ក្នុង​ទឹក​ដោះ​ម្តាយ​សម្បូរ​ទៅ​ដោយ​សារ​ជាតិ​ចិញ្ចឹម និង​ជាតិ​ទឹក​ដែល​ទារក​ត្រូវ​ការ។ ម៉ាក់ៗ​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក ទឹកដោះ​គោ ឬ​អាហារ​ផ្សេង​ឡើយ ទោះ​បី​ជា​កូន​មិន​សូវ​ឡើង​គីឡូ​ក៏​ដោយ លើក​លែ​ងតែ​ការ​បន្តក់​ស៊ីរ៉ូ វីតាមីន រ៉ែ និង​ថ្នាំពេទ្យ។ នៅ​ពេល​កូន​រាក​រូស ឬ​ក្តៅ​ខ្លួន ម៉ាក់ៗ​ត្រូវ​តែ​បំបៅ​ដោះ​កូន​ឲ្យ​បាន​កាន់​តែ​ញឹក កាន់​តែ​ល្អ ដើម្បី​​ឲ្យ​​កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់​គ្រាន់ ហើយ​ម្តាយ​គួរ​តែ​បំប៉ន​អាហារ​ឲ្យ​គ្រប់​គ្រាន់ សម្បូរ​ជីវជាតិ នោះ​ទើប​​កូន​​ម៉ឹមដោះ​ទៅ​​លូតលាស់​បាន​ល្អ។

២. កូន​អាយុ​លើស​៦-២៣ខែ

កូន​អាយុ​ចាប់​ពី​៦​ខែ​ឡើងទៅ ម៉ាក់ៗ​អាច​ផ្តល់​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​បន្ថែម​ពី​លើ​ទឹកដោះ​ម្តាយ ដោយ​អាហារ​បន្ថែម​នោះ​ត្រូវ​ចាប់​ផ្តើម​ពី​បបរ​ខាប់​គ្រប់​គ្រឿង ហើយ​ត្រូវ​ប្រាកដ​ថា អាហារ​ទាំង​នោះ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម។ នៅ​ពេល​កូន​អាយុ​ចាប់​ពី ១២ ខែ ឡើង​ទៅ ម៉ាក់​អាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ដោះ​ឆៅ​គ្មាន​ជាតិ​ផ្អែម​បាន ប៉ុន្តែ​ទឹក​ដោះ​គោ​រសជាតិ​ផ្អែម ឬ​ទឹកដោះ​ខាប់​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ឡើយ។

៣. កូន​អាយុ​ចាប់​ពី​អាយុ ២៤ ខែ​ឡើង​ទៅ

នៅ​ពេល​កូន​អាយុ​បាន ២៤ ខែ ម៉ាក់​អាច​ឲ្យ​កូន​ញ៉ាំ​ទឹកដោះ​ឆៅ​គ្មាន​ជាតិ​ផ្អែម​បាន ចំណែក​ទឹកដោះ​គោ​ផ្អែម ឬ​ទឹកដោះ​គោ​ខាប់ កុំ​ឲ្យ​កូន​ញ៉ាំ​ឲ្យ​សោះ។

ចំពោះ​ម្សៅ​ទឹកដោះ​គោ​កូន​ក្មេង ឬ​ទឹកដោះ​គោ​ស្រស់ ម៉ាក់ៗ​អាច​ឲ្យ​កូន​ញ៉ាំ​បាន តែ​ក្នុង​ករណី​ដែល​កូន​លេច​ចេញ​នូវ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ ត្រូវ​ប្រញាប់​បញ្ឈប់​ជា​បន្ទាន់ និង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​កូន​អាច​អាលែកហ្ស៊ី​​ជាមួយ​​ទឹកដោះ​គោ។
– រាក
– ក្អួត
– ចេញបន្ទាលត្រអាក។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 27, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 27, 2019

អ្នកអាចចូលចិត្ត