វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បានឲ្យដឹងថាការរបកស្ងួត ធ្វើឲ្យប្រេះបបូរមាត់ ហើយយើងទាញ កេះ ខាំចេញនោះ ប្រាកដជាជាដាច់រហែកចេញឈាមជាក់ជាមិនខានឡើយ។ ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានរូបនោះបញ្ជាក់ទៀតថា នៅពេលមានស្នាមរបួស ដាច់រលាត់ ហើយយើងយកដៃទៅប៉ះ ឬឆ្លងកាត់កន្លែងកខ្វក់ ដែលជាហេតុនាំឲ្យមេរោគជ្រាបចូលទៅ បង្កភាពឈឺចាប់។
លោកបានបន្តទៀតថា នៅពេលបបូរមាត់មានស្នាមរបួសនោះ អាចបណ្ដាលឲ្យឆ្លងមេរោគ នាំឲ្យហើម រលាកពងទឹក និងកកទៅជាខ្ទុះបានថែមទៀតផង។ ប្រសិនបើនៅតែគ្មានការព្យាបាលទាន់ពេលវេលា អាចរលួយ ហើយយូរៗទៅបង្កទៅជាមហារីកក៏ថាបានដែរ។
វេជ្ជបណ្ឌិតផ្នែកទូទៅឲ្យដឹងទៀតថា ដើម្បីបង្ការកុំឲ្យមានបញ្ហាបែបនេះ គប្បីត្រូវចេះតិចនិកមួយចំនួនដូចជាប្រើស្ក្រាប់ដុះខាត់កោសិកាងាប់ៗចេញពីមាត់ និងលាបជែល ឬក្រែមដើម្បីផ្ដល់សំណើមដល់បបូរមាត់ជារៀងរាល់ថ្ងៃ។ ក្រៅពីនោះការផឹកទឹកបានគ្រប់គ្រាន់ ក៏ជួយឲ្យបបូរមាត់ទន់រលោង មិនក្រៀម ប្រេះ ហើយចៀសវាងការលិឍបបូរមាត់ញឹកញាប់ ព្រោះទឹកមាត់មានអង់ស៊ីម លិឍកាន់តែញឹកបបូរមាត់ប្រែជាកាន់តែស្ងួតទៅវិញ។
ក្រៅពីផឹកទឹកឲ្យបានច្រើនហើយ ការញ៉ាំអាហារដែលមានជីវជាតិសព្វគ្រប់ក៏ជួយឲ្យស្បែកមានសភាពភ្លឺរលោង ទន់ផងដែរ។