ពុលស្រាមានអាការៈម៉េចខ្លះ? អាចស្លាប់អត់? ត្រូវសង្គ្រោះម៉េចវិញ?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

បច្ចុប្បន្នអារឿង​ផឹក​ស្រាពេញ​និយម​ណាស់ ទាំង​ក្មេងទាំង​ចាស់ មិន​ថា​ស្រី មិន​ថាប្រុស ភាគ​ច្រើន​សុទ្ធ​តែ​មាន​ជំនាញមែន​ទែន។ ប៉ុន្តែ​ធ្លាប់​ចាប់​អារម្មណ៍​ ឬ​ឃើញ​គ្នា​យើង​ផឹក​ស្រា ស្រាប់​តែ​សន្លប់ ឬ​វង្វេង​វង្វាន់លែង​ដឹង​អ្វី​​ភ្លាមៗ​ដែរ​អត់? ចុះ​ដឹង​ហេតុ​អ្វី​ទេ? អាការៈ​នេះ គេ​ហៅ​ថា​ពុល​ស្រា ភាគ​ច្រើន​កើតឡើង​នៅ​ពេល​យើង​ផឹក​ស្រា​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី។ អ្វី​គួរឲ្យ​បារម្ភ​ខ្លាំង​នោះ ពុល​ស្រា គឺ​ប៉ះ​ពាល់​សុខភាព​ធ្ងន់​ធ្ងរ​ណាស់ អាច​បណ្តាល​ឲ្យ​ស្លាប់​បាន ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ពន្យល់​គ្នា​យើង​ពី​ការ​ពុល​ស្រា ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ។

១- រោគ​សញ្ញា​ពុល​ស្រា

រោគ​សញ្ញា​ពុល​ស្រា អាច​កើត​ឡើង​ភ្លាមៗ ដោយ​អាស្រ័យ​លើ​កម្រិតស្រា​យើង​ផឹក និង​ស្ថានភាព​សុខភាព​យើងផ្ទាល់ ដោយ​រោគ​សញ្ញា​មាន​ដូច​ជា៖

– វង្វេង​វង្វាន់
– ពិបាក​ក្នុង​ការ​និយាយ
– បាត់​បង់​លំនឹង​រាង​កាយ
– ក្អួត
– ដក​ដង្ហើម​មិន​ប្រក្រតី
– ខ្លួន​ចុះ​ត្រជាក់
– ស្បែក​ឡើង​ស្លេក
– បាត់​បង់​ស្មារតី
– ភាំង​ ស្រឡាំងកាំង (Stupor)

២- ពុលស្រា​ក្នុង​ស្ថាន​ភាព​ណា​ចាំបាច់​ត្រូវ​ទៅ​ពេទ្យ?

បើ​មាន​ករណីផឹក​​ច្រើន​ហួស​ហេតុ ឬ​ឃើញ​មនុស្ស​ពុល​ស្រា ត្រូវ​រក​គ្រូ​ពេទ្យ​ឲ្យ​​ជួយ​ភ្លាម ហើយ​នៅ​អំឡុង​ពេល​រង់ចាំ​គ្រូពេទ្យ គួរ​ធ្វើ​វិធី​សង្គ្រោះ​បឋម​ដូច​ខាង​ក្រោម​នេះ​៖

– ត្រូវ​ផ្អៀង​ជន​រង​គ្រោះទៅ​ម្ខាង ក្នុង​ស្ថាន​ភាព​សុវត្ថិភាព (Recovery position) ហើយ​ពិនិត្យ​មើល ​តើជន​រង​គ្រោះ​នៅ​ដក​ដង្ហើមដែរ​អត់។

– បើ​នៅ​ក្រោម​កម្តៅ​ថ្ងៃ ត្រូវ​យក​ជន​រង​គ្រោះ​មក​កន្លែង​ម្លប់​វិញ ហើយ​បើ​កម្ដៅ​រាង​កាយ​ចុះ​ត្រជាក់ ត្រូវ​ផ្ដល់​កំដៅឲ្យ​ជន​រង​គ្រោះ​ ​ដោយ​ដណ្ដប់​ភួយ ឬ​ផ្លាស់​ទី​​រង​គ្រោះ ទៅជិត​កន្លែងមាន​កម្តៅ។

– ត្រូវ​ពិនិត្យ​មើលជនរងគ្រោះ និង​តាម​ដាន​រោគ​សញ្ញា​ រហូត​ទាល់​តែ​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ដល់។ កម្រិត​ជាតិ​អាល់កុល​នៅ​ក្នុង​ឈាមជន​រង​គ្រោះ​ អាច​នឹង​កើន​ឡើង​នៅ​ចន្លោះ​ពេល ៣០-៤០ ​នាទី​ក្រោយ​ផឹក។ ករណី​នេះ​ អាច​ធ្វើ​ឲ្យ​ស្ថាន​ភាព​កាន់​តែ​អាក្រក់​ខ្លាំងឡើង។

– មិន​គួរ​ឲ្យ​អាហារ ​​ភេសជ្ជៈ ​ឬ​ថ្នាំពេទ្យ​ ទៅ​ជន​រង​គ្រោះ​ឡើយ។ ត្រូវ​ចាំ​ថា មាន​តែ​ពេលវេលា​​ទេ ​ទើប​អាច​បន្សាប​ជាតិ​ស្រវឹង​បាន ហេតុ​នេះ​ ​ងូត​ទឹក ដើរ ឬ​ផឹក​កាហ្វេ សុទ្ធ​តែ​មិន​អាច​ជួយ​ឲ្យ​​ស្វាង​បានឡើង ផ្ទុយ​មក​វិញ កាន់​តែ​ធ្វើ​ឲ្យ​ប្រឈម​​គ្រោះ​ថ្នាក់​ខ្លាំង​ថែម​ទៀត។

៣- ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ

នៅ​មន្ទីរ​ពេទ្យ ជន​រង​គ្រោះ នឹង​ត្រូវ​តាមដាន​យ៉ាង​ម៉ត់​​ចត់ ​រហូត​ទល់​តែ​ការ​សង្គ្រោះ​បន្ទាន់​ចប់ ហើយ​អាច​នឹង​មាន​ការ​ព្យាបាល​បន្ថែមទៀត ​រួម​មាន៖

– ដាក់​បំពង់​ចូល​ក្នុង​មាត់ ​និង​បំពង់​ខ្យល់ ដើម្បី​ជួយ​​ផ្លូវ​ដង្ហើម​ស្រលះ យក​ចេញ​អ្វី​​ស្ទះ​ និង​បង្កើន​ការ​ដក​ដង្ហើម។
– ចាក់​ព្យួរ​សេរ៉ូមតាម​សរសៃ ដើម្បី​ផ្ដល់​ជាតិ​ទឹក បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម និង​វីតាមីន​រាង​កាយ​កំពុង​ត្រូវ​ការ។
– ដាក់​បំពង់​ស្ដើង​ចូល​ក្នុង​បង្ហួរ​នោម ដើម្បី​បញ្ចេញ​ទឹក​នោម​ចូល​ក្នុង​ថង់​មួយ បែប​នេះជន​រង​គ្រោះ ​នឹង​មិន​លេច​នោមទេ។

អត្ថបទ​ពាក់​ព័ន្ធ៖

៤- គ្រោះ​ថ្នាក់​ដោយការ​ពុល​ស្រា

​បើយើង​ផ្ទាល់ ឬ​នរណា​ម្នាក់​​ពុល​ស្រា ​អាច​មាន​អាការ ឬ​ប្រឈម​គ្រោះ​ថ្នាក់​ដូច​ជា៖

– ស្លាក់​នឹង​កម្អួត ឬ​ហឺត​យក​កម្អួត​ខ្លួន​ឯង បណ្ដាល​ឲ្យ​​ស្លាប់​ដោយសារ​ស្ទះ និង​ខូត​ខាត​សួត​
– មាន​ចង្វាក់​ដង្ហើម​មិន​ប្រក្រតី
– គាំង​បេះដូង
– បាត់​បង់​ជាតិ​ទឹក​ច្រើន ក្នុង​ករណី​​ធ្ងន់​ធ្ងរ​ខ្លាំង អាច​បណ្ដាលឲ្យ​​ខូច​ខួរ​ក្បាល​ជា​រៀង​រហូត
– រាង​កាយ​ចុះ​ត្រជាក់​ខ្លាំង
– ប្រកាច់ដោយ​សារ​ជាតិ​ស្ករ​ក្នុងឈាម​ចុះ​ទាប។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 16, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 17, 2019

ប្រភព
អ្នកអាចចូលចិត្ត