ផឹកស្រាលាយកូកាអ៊ីន អាចបណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាលភ្លាមៗ

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ការ​ផឹកគ្រឿងស្រវឹង​ច្រើន ដូចជា ស្រា និងស្រាបៀរ អាចបណ្ដាល​ឲ្យសម្ពាធ​ឡើង​ខ្ពស់ ខូចសាច់រុំ​បេះដូង រលាកថ្លើម ខ្លាញ់ដុំថ្លើម រលាកលំពែង និង​ដាច់សរសៃឈាម​ខួរក្បាល។ តែ​ក្នុងករណី​​ផឹកស្រា ហើយ​ប្រើថ្នាំកូកាអ៊ីនទៀត វានឹង​បង្កើន​ជាតិ​ពុល​កាន់តែ​ខ្លាំង។

១. ការកើនឡើងជាតិពុល

ការប្រើ​ថ្នាំ​កូកាអ៊ីន លាយ​ជាមួយ​អាល់កុល បង្កើន​បាន​ជាតិ​សារធាតុ​ថ្មីមួយ ហៅថា Cocaethylene។ សារធាតុ​ថ្មីនេះ ខ្លាំងជាង​សារធាតុ​អាល់កុល ឬកូកាអ៊ីន​តែឯង​ទៅទៀត ដោយ​វាបង្កើន​ជាតិ​ពុល​ក្នុង​បេះដូង ថ្លើម និង​សរីរាង្គ​ផ្សេងទៀត។

២. ប្រឈម​នឹង​ជំងឺ​ដាច់សរសៃឈាមខួរក្បាល​ភ្លាមៗ

ជំងឺដាច់សរសៃឈាមខួរក្បាល អាច​កើតឡើង​ភ្លាមៗ នៅពេល​​ផឹក​ស្រា លាយ​ជាមួយ​កូកាអ៊ីន។ ការប្រើប្រាស់​កូកាអ៊ីន បង្កើន​ហានិភ័យ​នៃ​ជំងឺដាច់សរសៃឈាម​ខួរក្បាល ដោយ​វាធ្វើឲ្យ​សរសៃឈាម​រួមតូច ចង្វាក់បេះដូង និង​សម្ពាធឈាម​កើនឡើង ហូរឈាម​ខួរក្បាល​ភ្លាមៗ និង​បង្កើន​កំណក​ឈាម។

ចំណែក​សារធាតុ Cocaethylene អាច​បង្កើន​ហានិភ័យ​កាន់តែ​ខ្លាំង នៃ​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល ដោយសារ​វាអាច​ស្ថិតនៅ​ក្នុង​រាងកាយ​បាន​រយៈពេល​ជាច្រើន​ថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖

ក្រៅពី​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល ដែល​បណ្ដាល​ឲ្យ​ស្លាប់ភ្លាមៗ ឬពិការរាងកាយ ការ​ផឹកស្រា លាយ​ជាមួយ​កូកាអ៊ីន​នេះ អាចបណ្ដាល​ឲ្យ​កើតមាន​បញ្ហា​សុខភាព​ជាច្រើន​ទៀត ដូចជា គាំងបេះដូង ប្រកាច់ ខួចថ្លើម ថប់បារម្ភ គិតមិន​បាន​ច្បាស់លាស់ និង​វង្វេង​ជាដើម។

ចំណែក​ស្ត្រីពពោះ​វិញ បើផឹក​ស្រា លាយ​កូកាអ៊ីន អាច​បណ្ដាល​ឲ្យ​រលូតកូន កូនស្លាប់​ក្នុងផ្ទៃ សម្រាល​មុន​គ្រប់ខែ កូនមាន​ទម្ងន់​មិន​គ្រប់ និង​​វិវត្ត​​ផ្នែក​រាងកាយ និង​បញ្ញា​យឺតយ៉ាវ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 8, 2019 | កែសម្រួលចុងក្រោយ ខែ​វិច្ឆិកា 8, 2019

អ្នកអាចចូលចិត្ត