ជប៉ុន កំណត់របៀបញ៉ាំឲ្យសិស្ស ចៀសឆ្ងាយពីជំងឺធាត់រាប់ពាន់នាក់

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ជប៉ុន មានអាយុវែង ណាស់​ព្រោះទម្លាប់រស់នៅ ស្ដង់ដារ​ហូបចុក និង​កត្តាជាច្រើនទៀតផ្សំ។ ប្រជាជន​នេះ ភាគ​ច្រើន​យក​ចិត្ត​ទុក​ដាក់​​​លើ​សុខភាព ជា​ពិសេស​របប​អាហារ​តែ​ម្តង ដែល​​ធ្វើ​ឲ្យ​ពួក​គេ​មិន​សូវ​​ធាត់ ហើយ​មាន​សុខភាព​ល្អ​។

​ផ្អែក​តាម​របាយការណ៍​ថ្មី​ៗ​របស់​ មូលនិធិ​កុមារ​នៃ​អង្គការ​សហប្រជាជាតិ​ UNICEF បាន​​បង្ហាញ​ថា ជប៉ុន​ជា​ប្រទេស​មួយ​ដែល​ យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ ពិសេស​កុមារ ដែ​ល​ធ្វើ​ឲ្យ​កុមារ​ក្នុង​ប្រទេស​នេះ មាន​អត្រា​ឈឺ​ ស្គម​ស្គាំង​ខ្វះ​ទំងន់ និង​អត្រា​មរណៈ​ទាប ក្នុង​នោះ​គិត​ពី​កុមារ​អាយុ​ពី​៥​ឆ្នាំ ដល់​យុវជន​អាយុ​១៩​ឆ្នាំ មាន​អត្រា​អ្នក​ធាត់​ត្រឹម​តែ​១៤,៤២​%ប៉ុណ្ណោះ​។

​ដំណើរ​ដើម​ទង​នៃ​លទ្ធផល​វិជ្ជមាន​បែប​នេះ គឺ​ការ​យល់​ដឹង​របស់​​​ប្រជាជន​ជប៉ុន ជា​សង្គម​ដែល​ចេះ​ដឹង​អំពី​បញ្ហា​សុខភាព​។ ហើយ​ភាគ​ច្រើន​ នៃ​ចំណេះ​ដឹង​​នោះ​ អ្នក​ជំនាញ​បាន​បង្ហាញ​ថា មួយ​ភាគ​ធំ​គឺ​ផ្តើម​ចេញ​ពី​កម្មវិធី​សាលា ដែល​បាន​បង្រៀន​ ប្រជាជន​ជប៉ុន​តាំង​ពី​ក្មេង​ៗ។

តាម​សារព័ត៌មាន Japan Today កម្មវិធី​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​នៅ​សាលា ជា​វិន័យ​មួយ​នៅ​ប្រទេស​ជប៉ុន ហើយ​​ខាង​សាលា​​រៀន​ជា​អ្នក​រៀប​ចំ​​អាហារ​រួច​ជា​ស្រេច និង​មាន​គ្រប់​ជីវជាតិ​​សម្រាប់​សិស្ស ពោល​គឺ​មាន​ទាំង បាយ បន្លែ​បៃ​តង ត្រី​ សាច់ ធញ្ញជាតិ ស៊ុប​បន្លែ​។ល។ ហើយ​របៀប​ទាំង​នេះ​គឺ​បាន​ធ្វើ​ឲ្យ​កុមារ​ជប៉ុន​ ទទួល​បាន​ជីវជាតិ​គ្រប់​​គ្រាន់​ ព្រម​ទាំង​បាន​រៀន​ដោយ​ផ្ទាល់​​​នៅ​សាលា​ពី​គុណ​ប្រយោជន៍​នៃ​ប្រភេទ​អាហារ​តាម​ផ្នែក​នី​មួយ​ៗ​ទៀត​ផង។​

អត្ថបទពាក់ព័ន្ធ៖ 

បើ​តាម បទ​សម្ភាស​មួយ​ជា​មួយ លោក​ Mitsuhiko Hara ជា​វេជ្ជបណ្ឌិត​ផ្នែក​កុមារ និង​ជា​សាស្រ្តាចារ្យ​នៃ​សកលវិទ្យាល័យ​ Tokyo Kasei Gakuin និង​លោក​ Mayumi Ueda មន្រ្តី​ក្រសួង​​​អប់រំ​ជប៉ុន​ បាន​ឲ្យ​ដឹង​ថា នៅ​គ្រប់​សាលា​រៀន​ជប៉ុន​ទូ​ទាំង​ប្រទេស​ ទាំង​ថ្នាក់​បឋម​សិក្សា និង​វិទ្យាល័យ កម្មវិធី​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ត្រូ​វ​បាន​​រួម​បញ្ចូល​ជា​មួយ​កម្មវិធី​សិក្សា ហើយ​សុទ្ធ​សឹង​តែ​សម្រាំង​ឡើង​ដោយ​អ្នក​ឯកទេស​ផ្នែក​អាហារូបត្ថម្ភ។ ហើយ​ការ​ធ្វើ​បែប​នេះ ធ្វើ​ឲ្យ​កុមារ​ជប៉ុន​ស្ទើរ​​គ្រប់​គ្នា ទទួល​បាន​របប​អាហារ​​មាន​ជីវជាតិ​គ្រប់​គ្រាន់ និង​មាន​សុខភាព​ល្អ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 7, 2019 | កែសម្រួលចុងក្រោយ ខែ​វិច្ឆិកា 7, 2019

អ្នកអាចចូលចិត្ត