backup og meta

៥ចំណុច គួរធ្វើពេលសម្ងំតែក្នុង​ផ្ទះ អំឡុងCOVID-19

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Aug 03, 2021

    ៥ចំណុច គួរធ្វើពេលសម្ងំតែក្នុង​ផ្ទះ អំឡុងCOVID-19

    អំឡុង​ពេល​សម្ងំនៅផ្ទះ គ្នាយើង​អាច​មាន​បញ្ហា​ផ្លូវ​ចិត្ត​បន្តិច​បន្តួច​ហើយ ប៉ុន្តែ​អត្ថបទ​មុនៗ “Hello គ្រូពេទ្យ’ ធ្លាប់​បាន​ណែនាំ​ខ្លះៗ​ហើយ ដើម្បី​ជួយ​យើង​គេច​ចេញ​ពី​វិបត្តិ​សតិអារម្មណ៍។ លើស​ពី​នេះ ដើម្បី​ជួយ​ខ្លួន​យើង​មាន​សុទិដ្ឋិនិយម​កាន់​តែ​ខ្លាំង​ចំពោះ​ខ្លួន​ឯង នឹង​អាច​ជួយ​អ្នក​ដទៃ​អំឡុង​ពេល​នេះ គឺ​មាន ៥ចំណុច​សំខាន់ៗ​គ្នា​យើង​ត្រូវ​ដឹង។

    ១- ចែក​រំលែក​រឿង​ល្អៗ និង​ក្តី​សង្ឃឹម​ទៅ​កាន់​មិត្ត​ភ័ក្តិ និង​អ្នក​ដទៃ

    សម្រាប់​កាលៈ​ទេសៈ​បច្ចុប្បន្ន ហាក់​ពិបាក​ទុក​ចិត្ត​បន្តិច​ហើយ​ជា​មួយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម ព្រោះ​ព័ត៌មាន​ខ្លះ​ជា​រឿង​ឆបោក ព័ត៌មាន​ខ្លះ​ទៀត បង្ហាញ​តែ​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ បើ​អ៊ីចឹង ហេតុ​អ្វី​គ្នា​យើង​មិន​គិត​ចែក​រំលែក​អ្វី​ដែល​វិជ្ជមាន​សម្រាប់​ពិភពលោក ដូចជា​វីដេអូ​បង្ហាញ​ពី​សកម្ម​ភាព​មនុស្ស​ម្នា​សាមគ្គី​គ្នា​អំឡុង​ពេល​កូវីដ ១៩ កំពុង​រាតត្បាត​ខ្លាំង ឬ​ព័ត៌មាន​ល្អៗ ដែល​យើង​ប្រទះ​ឃើញ​លើ​បណ្តាញ​សង្គម។

    ព័ត៌មាន​ល្អៗ អាច​ជា អ្វី​បង្ហាញ​ពី​មនុស្ស​ម្នា​នៅ​តែ​មាន​សង្ឃឹម បើ​ទោះ​ជា​ពិភពលោក​កំពុង​តែ​រង​គ្រោះ​ដោយ​ការ​រាតត្បាតវីរុសCOVID-19 ​ក្តី ព្រោះ​ថា​សារជាតិ​មនុស្ស​យើង ជា​ធម្មតា នឹង​រួបរួម​គ្នា​ដើម្បី​យក​ឈ្នះ​ឧបសគ្គ​ចំពោះ​មុខ។

    មួយ​វិញ​ទៀត ព័ត៌មាន​មិន​ច្បាស់​លាស់ ព័ត៌មាន​កុហក​ភូតភរ បោកប្រាស់ គ្មានប្រភព​ច្បាស់​លាស់ គួរ​កុំ​ចែក​រំលែក​ឲ្យ​តែ​បានៗ​អី អត្ថបទ​ព័ត៌មាន​យើង​គួរ​ចែក​រំលែក គួរ​តែ​មាន​ប្រភព​ជាក់​លាក់ ជា​ព័ត៌មាន​ណែនាំ​ដោយ​អ្នក​ជំនាញ ដូច​ជាអង្គការ​សុខភាពពិភពលោក ហើយ​ព័ត៌មាន​ទាំង​នោះ ត្រូវ​មាន​ប្រយោជន៍​ជួយ​មនុស្ស​ម្នាក់​ឈប់​ភ័យ​ខ្លាច​ត​ទៅ​ទៀត។

    អត្ថបទពាក់ព័ន្ធ៖

    ២- បង្កើន​ចំណេះ​ដឹង​សម្រាប់​ខ្លួន​ឯង

    ដើម្បី​ធានា​ថា ចំណុច​ដំបូង​យើង​អាច​ធ្វើ​បាន​ល្អ​នោះ ត្រូវ​ប្រាកដ​ថា គ្នា​យើង​ចេះ​ប្រើ​ប្រាស់​ពេល​វេលា​អំឡុង​ពេល​នៅ​ផ្ទះ​នេះ ប្រមែល​ប្រមូល​ទិន្នន័យ និង​អ្វី​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​អប់រំ ពិសេស​រឿង​សិទ្ធ​មនុស្ស​ដែល​គ្នា​យើង​គួរ​រៀន​ស្វែង​យល់​ឲ្យ​បាន​ច្បាស់។ ជាក់​ស្តែង​អ្វី​យើង​គួរ​បណ្តុះ​ចំណេះ​ដឹង​ខ្លួន​ជាមួយ​បញ្ហា​សិទ្ធ​មនុស្ស​មាន​ដូច​ជា៖

    – ចូល​រួម​វគ្គ​សិក្សា​តាម​អ៊ីនធើណេត​ស្តី​ពី​គោល​គំនិត​សំខាន់ៗ​នៃ​សិទ្ធមនុស្ស។

    – ស្វែង​យល់​ពី​វិធីសាស្ត្រ​ការពារ​ខ្លួន​យើង និង​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ឌីជីថល។

    – បើ​អាច ចូល​រួម​វគ្គ​អនឡាញ និង​ជួប​ជា​មួយ​សកម្មជន​សិទ្ធមនុស្ស ក្នុង​វគ្គ​សិក្សាស្តី​ពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

    – ស្វែង​យល់​ពី​សិទ្ធ​ការ​ពារ​ខ្លួន។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៣- រឿង​ធ្វើ​ខ្លួន​ជា​គ្រូ​ល្អ​ម្នាក់ សម្រាប់​អ្នក​ដទៃ

    នៅ​ពេល​គ្នា​យើង​អាច​អប់រំ​ខ្លួន​ឯង យល់​ច្បាស់​ពី​បញ្ហា​សិទ្ធមនុស្ស​ហើយ​នោះ ជំហាន​បន្ទាប់ គឺ​ត្រូវ​តែ​ដឹង​ថា គួរ​ធ្វើ​បែប​ណា​ដើម្បី​ណែនាំ​ដល់​អ្នក​ដទៃ ហើយ​ចំណុច​សំខាន់​ដើម្បី​ឲ្យ​អ្នក​ដទៃ​ជឿ​ជាក់​លើ​ខ្លួន​យើង គឺ​ត្រូវ​បង្រៀន​ខ្លួន​យើង​ឲ្យ​ដឹង​ច្បាស់​ពី​វិធី​កំណត់​អ្វី​ជា​ព័ត៌មាន​បោក​ប្រាស់ អ្វី​ជា​ការ​ឆ្លើយ​តប​ប្រកប​ដោយ​សន្តិវិធី។

    ៤- ជួយ​អ្នក​ដទៃ​តាម​រយៈ​បច្ចេកវិទ្យា និង​បណ្តាញ​សង្គម

    បើ​គ្នា​យើង​ប៉ិន​ប្រសព្វ​ជាមួយ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា និង​បណ្តាញ​សង្គម គឺ​យើង​ជា​មនុស្ស​មាន​តម្លៃ អាច​ជួយ​គ្នា​យើង​ផ្សេង​ទៀត ដែល​មិន​សូវ​យល់​ពី​បច្ចេកវិទ្យា ឬ​បណ្តាញ​សង្គម​នា​ពេល​បច្ចុប្បន្ន។ យើង​អាច​ណែនាំ​អ្នកទាំងនោះ ប្រើ​ប្រាស់​កម្មវិធី​ផ្ញើ​សារ និង​បណ្តាញ​សង្គម​ឲ្យ​បាន​ត្រឹម​ត្រូវ ទូរសព្ទ​ទៅ​ពួក​គេ ប្រាប់​ពី​របៀប​ប្រើ​ប្រាស់​នៅ​ពេល​ណា​មួយ​ត្រូវ​ការ​ជំនួយ​បន្ទាន់ ក៏​ដូច​ជា​វិធី​ស្វែង​រក​ប្រភព​ច្បាស់​លាស់ និង​កម្មវិធី​អនឡាញ​ល្អៗ​មាន​ប្រយោជន៍​ជាដើម។ ជួយ​អ្នកដទៃ​រក​ឃើញ​សហគមន៍​របស់​ខ្លួន​ និង​មិត្ត​ភ័ក្តិ​ផ្សេង​ទៀត​លើ​អនឡាញ ដែល​យើង​អាច​ធ្វើ​ទំនាក់​ទំនង​ជាមួយ​បាន។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៥- បង្ហាញ​​ពី​សាមគ្គី​ភាព ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ស្ម័គ្រ​ចិត្ត

    ក្នុង​កាលៈទេសៈ​នេះ មាន​វិធី​​ច្រើន​ណាស់​ដែល​គ្នា​យើង​អាច​ជួយ​មនុស្ស​វិញ​ខ្លួន​បាន ដោយ​មិន​ចាំ​បាច់​ជួប​គ្នា​ផ្ទាល់ ដូច​ជា៖

    – ធ្វើ​អ្វី​ទៅ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​សុខាភិបាល និង​ការណែនា​ពី​វិធានការ​រក្សា​គម្លាត​សង្គម ព្រោះ​វិធីនេះ​​ជួយ​ការពារ​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​បំផុត​ក្នុង​សហគមន៍​យើង​រស់នៅ ក៏​ដូច​ជា​បន្ធូរ​បន្ថយ​បន្ទុក​លើ​ក្រុម​គ្រូពេទ្យ​ទៀត​ផង។

    – ជួយ​ផ្តល់​ការ​គាំទ្រ​ផ្នែក​សតិ​អារម្មណ៍ ទៅ​កាន់​អ្នក​ដទៃ​តាម​រយៈ​ទូរសព្ទ ឬសារ ពិសេស​ក្រុម​មនុស្ស​យើង​គិត​ថា កំពុង​ស្ថិត​ក្នុង​ភាពឯកោ​តែម្តង។

    – ចូល​រួម​បញ្ឈប់​ការ​ចែក​រំលែក​ព័ត៌មាន​បោក​ប្រាស់ ដោយ​ចែក​រំលែក​តែព័ត៌​មាន​ចេញ​ពី​ប្រភព​ត្រឹម​ត្រូវ និង​ការ​អះអាង​ពីអ្នក​ជំនាញ។

    – ចែក​រំលែក​ព័ត៌មាន​ល្អៗ ពិសេស​ពាក់​ព័ន្ធ​អ្វី​យើង​ត្រូវ​ការ​ប្រើ​ប្រាស់​ជាចាំ​បាច់​អំឡុង​ពេល​នេះ ទៅ​កាន់​គ្នា​យើង​ឲ្យ​បាន​ដឹង ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Aug 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម